(ភ្នំពេញ)៖ វីដេអូដែលបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរហ្គ្រេប (Grab) សម្តែងដោយតារាភាពយន្តខ្មែរដ៏ល្បីល្បាញគឺលោក ទេព រិនដារ៉ូ ។ វីដេអូខ្លីនេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបង្កើតមាតិកានានាដូចជា Chris Dyna និង KhemraA ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និងទំព័រហ្វេសប៊ុកក្នុងស្រុកជាច្រើនផ្សេងទៀត។ ពួកគេទាំងអស់គ្នាបង្ហាញពីការគាំទ្រចំពោះការខិតខំប្រឹងប្រែងធ្វើការងារដើម្បីផ្គត់ផ្គង់គ្រួសារបស់អ្នកបើកបរហ្គ្រេប។
ពាក់ព័ន្ធទៅនឹងវីដេអូ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើននៅលើបណ្តាញសង្គមនេះផងដែរ លោក ទេព រិនដារ៉ូ បានថ្លែងថា៖ «ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង និងសូមកោតសរសើរអំពីសាច់រឿងដែលព៌ណនាអំពីជីវិតពិតជាក់ស្តែងរបស់អ្នកបើកបរហ្រ្គេប ជាពិសេសគឺសូមកោតសរសើរដល់ការប្រឹងប្រែងធ្វើការងាររបស់ពួកគាត់ប្រកបទៅដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ដែលខ្ញុំនឹកស្មានមិនដល់ »។
វីដេអូនេះបានបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរម៉ូតូកង់បីហ្គ្រេបម្នាក់ ដែលធ្វើការតស៊ូដោះស្រាយស្ថានភាពជីវិតពិតផ្សេងៗដែលរាប់ចាប់ពីការបែកកង់របស់ម៉ូតូកង់បី ការជួសជុលកង់បី រហូតដល់ការងារជាច្រើនផ្សេងៗទៀត រួមទាំងការទទួលទានអាហារជាមួយគ្រួសារផងដែរ។
លោក ទេព រិនដារ៉ូ បានលើកឡើងថែមទៀតថា៖ «ខ្ញុំមានអារម្មណ៍រំភើបមែនទែនដែលមានឱកាសបានស្វែងយល់ពីជីវិតផ្ទាល់របស់អ្នកបើកបរហ្រ្គេបតាមរយៈការសម្តែងនៅក្នុងវីដេអូនេះ។ អ្វីដែលកាន់តែគួរឱ្យស្ងើចសរសើរគឺ ក្រុមហ៊ុនហ្រ្គេប បានយកចិត្តទុកដាក់ និងគាំទ្រការខិតខំប្រឹងប្រែងរបស់អ្នកបើកបរគ្រប់ៗរូបតាមរយៈការបង្កើតវេទិកាឌីជីថល ដ៏មានអត្ថប្រយោជន៍នេះឡើង»។
បន្ថែមពីនេះ អ្នកគាំទ្រម្នាក់របស់លោក ទេព រិនដារ៉ូ គឺលោក ពុធ ឌីម៉ង់ បានចែករំលែកវីដេអូជាមួយនឹងចំណងជើងថា «អាយដូល ទេព រិនដារ៉ូ រត់ហ្គ្រេប (Grab) ខ្ញុំរត់តាក់ស៊ីតាមជាយដែន។ ការងារណាក៏មានតម្លៃដែរឱ្យតែបានដោយសុច្ចរិតត្រឹមត្រូវ ជាពិសេស សេរីភាពនៃការងារ 🙏❤️»️ ដែលបង្ហាញថា វីដេអូនេះបានសាយភាយទៅដល់អ្នកបើកបរជាច្រើន និងបង្កើតឥទ្ធិពលជាវិជ្ជមានដល់អ្នកបើកបរ និងជួយលើកទឹកចិត្តពួកគាត់ឱ្យមានមោទនភាពចំពោះការងាររបស់ខ្លួន និងលទ្ធផលដែលពួកគាត់បានបង្កើតកន្លងមក។
ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់សាធារណជនចំពោះវីដេអូអំពីជីវិតប្រចាំថ្ងៃរបស់អ្នកបើកបរហ្គ្រេបរបស់លោក ទេព រិនដារ៉ូ លោក Corentin Rouxel ប្រធានក្រុមហ៊ុន ហ្រ្គេប ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «យើងជាក្រុមការងារ ហ្គ្រេប សូមយកឱកាសនេះ អរគុណចំពោះបងៗដៃគូបើកបររបស់យើងទាំងអស់ដែល តែងតែខិតខំបំពេញការងារដោយពុំខ្លាចនឿយហត់ទោះក្ដៅ ឬ ត្រជាក់។ យើងពិតជាសូមអរគុណដែលបងៗ ប្រឹងប្រែងផ្ដល់ជូនសេវាកម្មដ៏ល្អប្រសើរសម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ហ្គ្រេបទាំងអស់។ ហើយក៏សូមអរគុណអ្នកប្រើប្រាស់សេវាកម្មរបស់ហ្គ្រេបទាំងអស់ ផងដែរដែលតែងតែគាំទ្រសេវាកម្មរបស់យើងរហូតមក»។
ក្រុមហ៊ុន ហ្គ្រេប បានប្រកាសជាផ្លូវការបើកដំណើរការកម្មវិធីសេវាដឹកជញ្ជូនអាហារ GrabFood នៅក្នុងទីក្រុងភ្នំពេញនៅខែកក្កដា ឆ្នាំនេះ បន្ទាប់ពីបានដាក់ដំណើរការសាកល្បងដ៏ជោគជ័យរយៈពេល ៤ខែនៅក្នុងទីក្រុងនេះ។
ហ្គ្រេប ជាកម្មវិធីកក់សេវាធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនអាហារអនឡាញ ដែលបានចូលក្នុងព្រះរាជាណាចក្រកម្ពុជានៅចុងឆ្នាំ២០១៧។
នៅថ្ងៃនេះ វីដេអូនេះមានអ្នកចូលមើលជាង 8K ហើយចំនួននេះអាចនឹងសាយភាយទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕