យោងតាមការចុះផ្សាយពីសារព័ត៌មានជាច្រើននៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីចិនលោក លឺ ខឺឈាង (Li Keqiang) ដែលជាមន្ត្រីសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិនអស់រយៈពេលជាងមួយទសវត្សរ៍ បានទទួលមរណភាពហើយក្នុងអាយុ៦៨ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
យ៉ាងណាមិញខាងក្រោមនេះគឺជាប្រវត្តិស្នាដៃធំៗមួយចំនួនរបស់ លោក លី ខឺឈាង (Li Keqiang) ដែលជានាយករដ្ឋមន្រ្តីចិនកាន់តំណែងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ២០២៣៖
១. លោក លី ខឺឈាង ត្រូវបានគេស្គាល់សម្រាប់ស្នាដៃគម្រោង "៥ចំណុចទៅ១បន្ទាត់" ជាកន្លែងដែលលោកបានតភ្ជាប់ Dalian និង Dandong ក៏ដូចជាច្រកជាច្រើនផ្សេងទៀតសម្រាប់បណ្តាញដ៏ទូលំទូលាយមួយដើម្បីជាលំហូរផ្នែកពាណិជ្ជកម្ម។
២. លោក លី ខឺឈាង គឺជាមេដឹកនាំ និងជាអ្នកតស៊ូមតិសម្រាប់អាជីវកម្មឯកជនក្នុងប្រទេសចិន ហើយលោកចេះនិយាយ ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ លោកបានជួយកិច្ចការងារបកប្រែច្បាប់សំខាន់ៗជាច្រើនពីភាសាអង់គ្លេសទៅជាភាសាចិន។
៣. លោកបានសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Peking និងបានបកស្រាយអំពីរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចចិន ដោយលោកបានឈ្នះពានរង្វាន់ Sun Yefang Economics Prize ដែលជាពានរង្វាន់ខ្ពស់បំផុតក្នុងរង្វង់សេដ្ឋកិច្ចនៃប្រទេសចិន។
៤. នៅខែកក្កដាឆ្នាំ ១៩៩៨ លោកលី ខឺឈាង បានក្លាយជាអភិបាលខេត្តដែលក្មេងជាងគេនៅក្នុងប្រទេសចិនកាន់តំណែងជាអភិបាលខេត្តហឺណានកណ្តាល។ ក្រោមការកាន់តំណែងជាអភិបាលខេត្ត និងជាលេខាបក្សកុម្មុយនិស្តខេត្តពីឆ្នាំ ២០០២-២០០៤ ខេត្តហឺណានមាន កំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។
៥. លោកទទួលបានការគាំទ្រនិងមាន កេរ្តិ៍ឈ្មោះជាអ្នកដឹកនាំដែលធ្វើការឱ្យប្រជាជនដែលមានសិទ្ធិតូចតាច ជាមួយនឹងគោលនយោបាយផ្តោតលើការកាត់បន្ថយគម្លាតវណ្ណៈ ទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានតម្លៃសមរម្យនៅក្នុងប្រទេសចិន។
គួរជម្រាបផងដែរថា លោក លឺ ខឺឈាង (Li Keqiang) បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃដោយកាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ១២៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលា ក្រោយការជួយសង្គ្រោះទាំងអស់បរាជ័យ៕
អត្ថបទដោយ៖ ពីង ជូអេង