សម្រាប់ការចុះបញ្ជីម៉ាកលើកក្រោយ ម្ចាស់អាជីវកម្ម សហគ្រាស លែងពិបាកយកឯកសារច្រើនដូចមុនទៀតហើយ ពេលនេះក្រសួងបានកាត់បន្ថយការពាក្យស្នើសុំចុះបញ្ជីម៉ាកហើយ គឺត្រូវការតែមួយសន្លឹកប៉ុណ្ណោះមិនចាំបាច់មានច្រើនច្បាប់រញ៉េរញ៉ៃដូចមុនឡើយ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅមុននេះបន្តិចបានឱ្យដឹងថា “ដើម្បីកាត់បន្ថយឯកសារមិនចាំបាច់សម្រាប់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងផ្ដល់កិច្ច សម្រួលការចុះបញ្ជីម៉ាក ក្រសួងពាណិជ្ជកម្មស្នើឱ្យអ្នកដាក់ពាក្យត្រូវប្រើប្រាស់ពាក្យស្នើសុំតែមួយគត់សម្រាប់ការស្នើសុំចុះបញ្ជីម៉ាកមួយ ចំពោះទំនិញ ឬសេវាក្នុងចំណាត់ថ្នាក់មួយ ឬច្រើននៃចំណាត់ថ្នាក់អន្តរជាតិ ដែលអនុលោមតាមមាត្រា១០ នៃអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់” ។
គូសបញ្ជាក់ផងដែរថា កន្លងមកដើម្បីស្នើសុំចុះបញ្ជីម៉ាកម្ចាស់អាជីវកម្ម សហគ្រាស ត្រូវមាន៖
- សំណុំលិខិតស្នើសុំចុះបញ្ជីម៉ាកដែលចុះហត្ថលេខាដោយអ្នកដាក់ពាក្យស្នើសុំឬភ្នាក់ងារក្នុងស្រុក
- លិខិតប្រគល់សិទ្ធិដែលបញ្ជាក់យ៉ាងត្រឹមត្រូវពីអ្នកដាក់ពាក្យស្នើសុំ ប្រសិនបើការដាក់ពាក្យស្នើសុំត្រូវបានធ្វើឡើងដោយភ្នាកងារ
- គំរូម៉ាកចំនូន១៥ (ទំហំនៃគំរូម៉ាកមិនគួរលើសពី ៨x៨cm) ។ ក្នុងករណីគ្មានបណ្តឹងជំទាស់ មន្ត្រីចុះបញ្ញី នឹងផ្តល់ការចុះបញ្ជីពី៤-៦ខែ៕
អត្ថបទដោយ៖សម្បតិ្ត សុខឡាង