លោក ឆេង ថុង គឺជាប្រធាន សហគមន៍កសិកម្មសំបូរមានជ័យ ដែលជាសហគមន៍ដាំស្លឹកគ្រៃធំមួយនៅខេត្តកំពង់ចាម។សហគមន៍មួយនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ ២០១០ ហើយគោលបំណងនៃការបង្កើតសហគមន៍នេះគឺដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងស្រុក ក៏ដូចជាជួយលើកកម្ពស់ទៅដល់ជីវកម្មប្រជាពលរដ្ឋនៅក្នុងសង្គមផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឆេង ថុង ប្រធានសមាគមន៍ដាំស្លឹកគ្រៃខាងលើបានមានប្រសាសន៍ថា បច្ចុប្បន្នសមាគមន៍មានផ្ទៃដីដាំដុះប្រមាណ ៥០ហិកតា ដែលអាចផ្គត់តម្រូវការទីផ្សារក្នុងស្រុកបានជាមធ្យមចន្លោះពី ១ពាន់តោន ទៅ ១៣០០តោនក្នុងមួយឆ្នាំនារយៈពេល៣ឆ្នាំចុងក្រោយនេះ។ទន្ទឹមនឹងភាពជោគជ័យនេះ ប្រធានសហគមន៍រូបនេះបានធ្វើការបង្ហើបឱ្យដឹងថា ដំបូងឡើយសហគមន៍របស់លោកក៏មិនមានលទ្ធភាពផ្គត់ផ្គង់ខ្លាំងបែបនេះដែរ ប៉ុន្តែក្រោយមកបន្ទាប់ពីលោកបានប្រើយុទ្ធសាស្រ្តមួយ “នុយតូចទាក់ត្រីធំ” បានធ្វើឱ្យកំណើនការបញ្ជាទិញចាប់ផ្តើមមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ចំពោះយុទ្ធសាស្រ្តនេះ ជាជំហានដំបូងលោក ឆេង ថុង បានប្រមូលកូនសិស្សជាសិស្សសាលាដែលជាកូនរបស់ប្រជាកសិករក្នុងសហគមន៍ជាអ្នកជួយរកទីផ្សារឱ្យ ដោយលោកឱ្យសិស្សសាលាទាំងអស់នោះទៅនិយាយជាមួយឈ្នួញអ្នកទិញស្លឹកគ្រៃផ្ទាល់នៅតាមផ្សារធំៗដូចជា ផ្សារដើមគរ ផ្សារនាគមាស ផ្សារព្រែកអញ្ច្រាញ ជាដើម ជួយស្នើឱ្យពួកគាត់ទិញស្លឹកគ្រៃពីសហគមន៍ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ពួកគាត់សិក្សា។ ក្រោយការសាកល្បងយុទ្ធសាស្រ្តនេះរួច លោកសង្កេតឃើញថា យុទ្ធសាស្រ្តនេះមានប្រសិទ្ធិភាពជាងយុទ្ធសាស្រ្តកន្លងមកដែលគាត់ធ្លាប់បានធ្វើ ដោយកាលពីមុនផ្នែកទីផ្សាររបស់គាត់សុំជួបឈ្នួញជាអ្នកទិញនៅតាមផ្សារ ១០នាក់ មានតែ២នាក់ប៉ុណ្ណោះព្រមមកជួបពួកគាត់ ប៉ុន្តែនៅពេលកូនកសិករមកធ្វើទីផ្សារបែរជាអាជីវករដែលជាឈ្នួញព្រមជួបច្រើនជាងគាត់ទៅវិញ។ហើយ ក្រោយមកក៏ឃើញថាឈ្នួញចាប់ផ្តើមចាប់អារម្មណ៍នឹងសម្តីស្នើសុំពីសិស្សទាំងអស់នោះ ជាហេតុធ្វើឱ្យពួកគាត់ចាប់ផ្តើមធ្វើការបញ្ជាទិញគល់ស្លឹកគ្រៃពីសហគមន៍ជាបន្តបន្ទាប់ រហូតផ្ទុះការកម្មង់គល់ស្លឹកគ្រៃពីសហគមន៍ក្នុងមួយថ្ងៃចន្លោះពី ៣តោនទៅដល់១២តោនឯណោះ។
ជាមួយគ្នានេះ ក្នុងនាមជាកសិករដែលកំពុងតែទទួលបានភាពជោគជ័យក្នុងការដាំដុះស្លឹកគ្រៃ លោក ឆេង ថុង បានធ្វើការផ្តាំផ្ញើរទៅកាន់កសិករ និង ប្រធានសហគមន៍ដទៃទៀតក្នុងប្រទេសកម្ពុជាយើងយ៉ាងដូច្នេះថា “ដើម្បីធ្វើឱ្យកសិផលអាចទទួលបានការបញ្ជាទិញច្រើន ប្រជាកសិករត្រូវធ្វើការសិក្សាពីទីផ្សារឱ្យបានច្បាស់ពីតម្រូវការ និងការចង់បានរបស់ឈ្នួញ ហើយត្រូវតែទៅរកទីផ្សារផ្ទាល់នៅកន្លែងកុំរកទីផ្សារតគ្នា ដែលហៅថាឈ្នួញកណ្តាលឱ្យសោះ”។
គួររំលឹកផងដែរថា សម្រាប់បងប្អូនដែលចង់ធ្វើការបញ្ជាទិញគល់ស្លឹកគ្រៃពីសហគមន៍កសិកម្មសំបូរមានជ័យ បងប្អូនអាចធ្វើការទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេកផ្លូវការ សហគមន៍កសិកម្មសំបូរមានជ័យ ឬ តាមរយៈលេខទំនាក់ទំនង ០77996768 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង