កូនបំណុលគេចវេសមិនសងលុយ លើកថ្ងៃមិនឈប់ឈរ តើអាចជាប់ទោសពីបទឆបោកដែរទេ?
SOKLY SODECEMBER 12 20222.6 K views

បញ្ហាជំពាក់មិនសង កូនបំណុលរត់គេច ឬយកលេសលើកថ្ងៃមិនឈប់ឈរ នៅបន្តមានគ្រប់ទីកន្លែង។ ហេតុនេះហើយទើបមានមនុស្សជាច្រើន តែងតែឆ្ងល់ថា តើការដែលគេគេចវេស យកលេសលើកថ្ងៃ មិនព្រមសងលុយដែលជំពាក់ យើងជាម្ចាស់លុយអាចប្ដឹងពីបទឆបោកឬរំលោភទំនុកចិត្ត បានដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី ម៉ឹង វ៉ាន់ឌី ដែលជាសាស្រ្តាចារ្យច្បាប់ បានលើកឡើងថា “ការជំពាក់ប្រាក់ គឺជារឿងរដ្ឋប្បវេណី មិនមែនជារឿងព្រហ្មទណ្ឌទេ ដូច្នេះម្ចាស់បំណុលមិនអាចប្ដឹងកូនបំណុលពីបទឆបោកឡើយ ទោះបីគាត់គេចវេសមិនព្រមសងម្ដងជាពីរដងក្ដី ឬគាត់លើកពេលសងញឹកញាប់ក្ដី”។

បើយោងតាមមាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើឆបោក គឺជាអំពើបន្លំចំពោះ រូបវន្តបុគ្គល ឬនិតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអាងឋានៈក្លែងក្លាយ ឬដោយប្រើឧបាយកលទុច្ចរិត”។ ចំណែកឯមាត្រា៣៩១ នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើរំលោភទំនុកចិត្ត គឺជាអំពើនៃការបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឱ្យខូចប្រយោជន៍អ្នកដទៃ”

តាមរយៈមាត្រាទាំង២ខាងលើនេះ​បានបង្ហាញឱ្យឃើញថា បើគ្រាន់តែយឺតយ៉ាវ ឬគេចវេសមិនសងប្រាក់ ហើយមិនមានការក្លែងឈ្មោះ ឬក្លែងឋានៈ ឬក្លែងបន្លំឯកសារ ដើម្បីមកខ្ចីលុយម្ចាស់បំណុលទេ យើងមិនអាចរាប់ទុកជាបទល្មើសឆបោកឡើយ។ លុះត្រាតែកូនបំណុលបានក្លែងឋានៈ ហើយប្រើឧបាយកលទុច្ចរិតដើម្បីឱ្យម្ចាស់បំណុលមានការជឿជាក់ និងឱ្យលុយខ្ចី នោះទើបអាចប្ដឹងពីបទឆបោកបាន។

យ៉ាងណាមិញ ការគេចវេសមិនសង គឺជាការមិនអនុវត្តតាមកាតព្វកិច្ចដែលមានចែងនៅក្នុងកិច្ចសន្យា ជាការបំពានលើកិច្ចសន្យា ជាកំហុសរបស់កូនបំណុល ដែលជាហេតុនាំឱ្យម្ចាស់បំណុលមានសិទ្ធិប្ដឹងរំលាយកិច្ចសន្យា និងទាមទារប្រាក់ដើម បូកនឹងការប្រាក់ ឬការប្រាក់យឺតយ៉ាវ រួមទាំងសំណងជំងឺចិត្ត ឬសេវាផ្លូវចិត្តពីកូនបំណុលបាន។

អ្នកស្រី វ៉ាន់ឌី បានគូសបញ្ជាក់ផងដែរថា ក្រសួងយុត្តិធម៌ និងតុលាការកំពូល ក៏ធ្លាប់បានចេញសេចក្ដីណែនាំរួមលេខ ០២.កយ.សរណន/០៥ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៥ ដើម្បីធ្វើការណែនាំតុលាការ និងស្ថាប័នអយ្យការកុំឱ្យធ្វើការបង្វែររឿងរដ្ឋប្បវេណីមកជាបទល្មើសព្រហ្មទណ្ឌដែរ។

ក្នុងសេចក្ដីណែនាំរួមនោះបានបង្អុលបង្ហាញថា “ចៅក្រមត្រូវពិចារណាឱ្យបានល្អិតល្អន់ចំពោះការមិនបំពេញករណីកិច្ច ដែលកើតចេញពីកិច្ចសន្យារដ្ឋប្បវេណី ដូចជាកិច្ចសន្យាទិញលក់ កិច្ចសន្យាខ្ចីបរិភោគ កិច្ចសន្យាឱ្យឬប្រទានកម្ម ទោះបីមានមូលហេតុណាក៏ដោយដែលអ្នកទទួលបានទ្រព្យ មិនបានបំពេញករណីកិច្ចប្រគល់ឱ្យទៅអ្នកប្រគល់វិញនូវទ្រព្យនោះ មិនមែនជាការគៃបន្លំ ឬបំបាត់ ដែលជាបទល្មើសរំលោភទំនុកចិត្ត ឬបទឆបោកឡើយ”

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia