បងប្អូនសិស្សានុសិស្សភាគច្រើន ប្រាកដជាបានជ្រាបច្បាស់រួចមកហើយពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដែលជាឧត្តមសិក្សាជួរមុខមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមសាលាល្បីៗ និងលេចធ្លោរផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ចុះតើនរណានៅពីក្រោយភាពជោគជ័យ ដឹកនាំសាលាទាំង៣នេះឲ្យល្បី និងត្រូវបានគេទទួលស្គាល់ទូទាំងប្រទេស?
១/. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដឹកនាំដោយលោកបណ្ឌិត ជេត ជាលី
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) គឺជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេនិងធំបំផុតនៅកម្ពុជា ដោយមានលោកបណ្ឌិត ជេត ជាលី ជាសាកលវិទ្យាធិការចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់បច្ចុប្បន្ន។ សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានបង្កើតឡើងដំបូងនាឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ សព្វថ្ងៃ មហាវិទ្យាល័យទាំង៥ និងវិទ្យាស្ថានចំនួន២ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្តល់កម្មវិធីសិក្សា ដល់និស្សិតប្រមាណជាងពីរម៉ឺននាក់ ជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ។
ក្នុងនាមជាសាកលវិទ្យាធិការមួយរូប ដែលមានខ្សែរជីវិតធ្លាប់ឆ្លងកាត់នូវការឈឺចាប់ មេរៀនលោកីយ៍ជាច្រើនតាំងពីក្មេងវ័យ ដោយផ្តើមចេញពីកូនកសិករត្រដរប្រឹងរៀន ទម្រាំអាចបោះជំហានមកដល់ចំណុចនេះ លោកបណ្ឌិត ជេត ជាលី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំអរគុណរាជរដ្ឋាភិបាល ដែលទុកចិត្តផ្តល់ភារកិច្ចនេះដល់ខ្ញុំ[ ] ប៉ាខ្ញុំត្រឹមតែជាសាស្រ្តាចារ្យសាមញ្ញម្នាក់ ហើយក្រុមគ្រួសារខ្ញុំ ក៏មិនដែលមានអ្នកណាមានបុណ្យសក្តិធំអីដែរ ហើយខ្ញុំជឿថា ឱកាសនេះ ក៏នឹងកើតមានចំពោះយុវជនទូទៅដែរ ព្រោះខ្ញុំគ្មានលុយ គ្មានកាក់ គ្មានបក្សគ្មានពួកក្នុងរដ្ឋាភិបាលទេ»។
២/. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដឹកនាំដោយឯកឧត្តមបណ្ឌិត លុយ ចណ្ណា
សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាសាកលវិទ្យាល័យចំណាស់ជាងគេមួយក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា ដោយបច្ចុប្បន្នមានឯកឧត្តមបណ្ឌិត លុយ ចណ្ណា ជាសាកលវិទ្យាធិការ។ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ ក្នុងទម្រង់ជា វិទ្យាស្ថាននីតិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ហើយត្រូវបានប្ដូរឈ្មោះដូចសព្វថ្ងៃក្នុងឆ្នាំ២០០៣។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានមហាវិទ្យាល័យចំនួន៤ ថ្នាក់ក្រោយឧត្ដមសិក្សា២ និងមជ្ឈមណ្ឌល១ ព្រមទាំងអាចនៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចំបង និងជាសាកលវិទ្យាល័យឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្មផងដែរ។
៣/. សាកលវិទ្យាល័យជាតិគ្រប់គ្រង ដឹកនាំដោយលោកបណ្ឌិត ហោ ប៉េង
សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ក្នុងនាមជាវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងត្រូវបានដឹកនាំដោយលោកបណ្ឌិត ហោ ប៉េង ជាសាកលវិទ្យាធិការនាពេលបច្ចុប្បន្ន។ សាកលវិទ្យាល័យនេះផ្ដល់នូវជំនាញសិក្សាជាច្រើនដល់និស្សិតដូចជា៖ គ្រប់គ្រង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ច្បាប់ពាណិជ្ជកម្ម, ទេសចរណ៍, និងភាសាបរទេស អមដោយការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
លោកបណ្ឌិតដែលបញ្ចប់ការសិក្សាពីប្រទេសជប៉ុន និងមានបទពិសោធន៍ចាស់វស្សាលើវិស័យអប់រំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «ការសម្រេចចិត្តជ្រើសរើសមុខជំនាញដែលចេញពីទេពកោសល្យរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាងការជ្រើសរើសតាមគ្រួសារឬបងប្អូន ហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្យរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើម អស្ចារ្យ និងរឹងមាំ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦