រាជរដ្ឋាភិបាលបានសម្រេចធ្វើការកាត់ផ្ទៃពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ៧ មករា ផារី សរុបជិត ៦០០ ហិកតា ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីទំហំ ១៨៩ ហិកតា ៧៤ អា និង ៥៥ សង់ទីអា ពីដែនគម្របព្រៃឈើ ឆ្នាំ២០០២ និងផ្ទៃដី ៤០១ ហិកតា ៧២ អា និង ១៦ សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧ មករា ផារី ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាតាន ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី ។
ការផ្ដល់សិទ្ធិជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិភាគតិចចារាយនេះគឺមានចំនួន ៦៥ គ្រួសារ លើក្បាលដីសរុប ២៧ ក្បាលដី ដែលរួមមាន ដីលំនៅឋាន ២ ក្បាលដី និងដីកសិកម្ម ២៥ ក្បាលដី៕
អត្ថបទ៖ កឹម ប៊ុនធឿន