កាលពីពេលថ្មីកន្លងទៅស្រាផលិតពីផ្លែឈើរបស់កូនខ្មែរមួយរូបបានឈ្នះមេដាយមាស និង ផ្លាកទីនពីប្រទេសបារាំង ក្នុងកម្មវិធីប្រកួតលើកទី7 នៃ Kura Master ដែលមានស្រាចូលរូមប្រកួតសរុប ១,៣៧៩ដបមកពីក្រុមហ៊ុនបិតស្រាចំនួន ៥០៣ ក្រុមហ៊ុនរួមទាំងកម្ពុជាផងដែរ។
បើតាមការឱ្យដឹងពីលោក ហុង សុខមាន ម្ចាស់សិប្បកម្មសុរាខ្មែរផ្ទាល់ បានឱ្យដឹងថា កាលពីថ្ងៃទី១៩ និង ២៣ មករា ២០២៣ កន្លងទៅសុរាខ្មែរបានទៅចូលរួមពិពរណ៍នៅក្រុងលីយ៉ុង ប្រទេសបារាំង (Sirha-Lyon expo 2023) ក្នុងការចូលរួមពិពរណ៍នេះ មានការគាំទ្រយ៉ាងខ្លាំងពីបរទេស ហើយនៅពេលនោះក៏មានអ្នកជំនាញភ្លក់ស្រាជាច្រើនបានមកកាន់ស្តង់សុរាខ្មែរ និងបានជម្រុញសុរាខ្មែរ ចូលរួមការប្រកួត Kura Master Competition 2023 ។
លោកបន្តថា ក្រោយទទួលបានការជម្រុញចិត្តបែបនេះ លោកក៏បានពិចារណានិងសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតតែម្តង។ដោយបានចុះឈ្មោះស្រា ៥ប្រភេទរួមមាន ៖ ស្រាអង្ករម្លិះ ស្រាស្វាយ ស្រាចេក ស្រាដំឡូងពណ៌ស និងស្រាដំឡូងពណ៌ក្រហម។ជាលទ្ធផល ក្រោយចប់ការប្រកួតសុរាខ្មែរបានទទួលចំណាត់ ថ្នាក់ល្អជាទីគាប់ប្រសើរ ដោយប្រភេទស្រាដែលជាប់ចំណាត់ថ្នាក់កម្រិតខ្ពស់ Jury Prizes ចំនួន២ មាន ស្រាដំឡូងស និង ស្រាចេក ស្រាស្វាយទទួលបានមេដាយមាស ឯស្រាអង្ករទទួលបានមេដាយផ្លាកទីន ។
គូសបញ្ជាក់ផងដែរថា សុរាខ្មែរ គឺជាផលិតផលដែលផលិតឡើងដោយកូនខ្មែរគឺលោក ហុង សុខមាន ហើយបច្ចុប្បន្នសិប្បកម្មនេះមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងក្នុងប្រទេសនិងក្រៅប្រទេស ខណៈសព្វថ្ងៃសុរាខ្មែរក៏បាននឹងកំពុងនាំចេញទៅកាន់ប្រទេសជប៉ុនផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង