ល្បីកោះសង្សារជាប់ជាកោះស្អាតបំផុតនៅអាស៊ី មកដឹងប្រវត្តិម្ចាស់កោះ និងលក្ខណៈពិសេសធំៗនៃកោះនេះ
Kan DaraJULY 6 20222 K views

ទេសភាពឆ្នេរខ្សាច់ធម្មជាតិ​ ដ៏ស្រស់ត្រកាលនៅលើកោះសង្សារ ដែលជាទីតាំងរមណីយដ្ឋានដ៏ប្រណិតមួយស្ទើរតែរកកន្លែងណាប្រដូចពុំបានឡើយ។ កោះសង្សារ រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃមហាសាគរភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយធ្វើដំណើរតាមទូកប្រមាណចន្លោះពី៤០-៤៥នាទី និងមានចំងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេប្រសិទ្ធនាមថាជា ឋានសួគ៌ក្រោមមេឃ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ បើយោងតាមការវាយតម្លៃដោយ travelandeisureasia ដែលមនុស្សគ្រប់គ្នាគួរតែទៅកម្សាន្តឲ្យបានម្តងក្នុងមួយឆាកជីវិត ។

តើនរណាជាម្ចាស់កោះសង្សារ? តើកោះខ្មែរមួយនេះមានលក្ខណពិសេសអ្វីខ្លះ ទើបអាចឆាបឆក់ឥន្ទ្រីយារម្មណ៍ភ្ញៀវទេសចរទាំងក្នុងស្រុក និងពិភពលោក ថែមទាំងពោលពាក្យសរសើរមិនដាច់ពីមាត់បែបនេះ?

រមណីយដ្ឋានដែនកោះកំពុងលាក់ខ្លួនពួនសម្រស់ ហាក់បីដូចនារីខ្មែររៀបពេញក្រមុំចូលម្លប់តាមទំនៀមត្រូវបន្ទំសាច់ឲ្យសរខ្ចីរៀនវិជ្ជាការប្រពៃពេញលក្ខណជាស្ត្រីប្រកបដោយលក្ខណាល្អឯក ត្រូវបានជនបរទេសដែលធ្លាប់ទៅកម្សាន្តកំណត់ឈ្មោះឱ្យថាជា កោះម៉ាល់ឌីវស្រុកខ្មែរ ដោយមានប្តីប្រពន្ធមួយគូគឺលោកRory Hunter និងលោកស្រី Melita ជាម្ចាស់ ទិញក្នុងតម្លៃ១ម៉ឺន៥ពាន់ដុល្លារ តាំងពីឆ្នាំ២០០៦មកម្លេះ។ តោះ! ឥឡូវយើងមកមើលថាតើមានអ្វីពិសេសខ្លះនៅកោះសង្សារ៖

/. កន្លែងដ៏សែនរូម៉ែនទិចបំផុត៖ កោះសង្សារ គឺជាឈ្មោះដែលរួមបញ្ចូលគ្នារវាង កោះបង និង កោះអូន។ «កោះបង» (មានទំហំផ្ទៃដីសរុប ៧.៥ហិចតា) ត្រូវបានប្រើប្រាស់ជាកន្លែងឡើងភ្នំមើលធម្មជាតិ សម្រាប់លោកអ្នកដែលចូលចិត្តផ្សងព្រេង ក្នុងព្រៃដ៏ក្រាស់ ជាមួយនឹងរុក្ខជាតិធំៗ។ ចំណែកឯ «កោះអូន» (មានផ្ទៃដីសរុប ៣.៥ ហិចតា) គឺជាទីតាំងមូលដ្ឋានសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ភ្ញៀវដូចជា ការស្នាក់នៅ ការទទួលទានអាហារ ការហាត់កីឡា ធ្វើយូហ្គា ជាដើម។

២/. បរិយាកាសរីសត និងកន្លែងស្នាក់នៅបរិយាកាសនៅក្នុងរីសតកោះសង្សារគឺមានភាពស៊ីវីល័យស្រស់ស្អាត មិនមែនប្រៀបត្រឹមរីសតកម្រិតផ្កាយ៥ក្នុងប្រទេសនោះទេ ពោលគឺអាចប្រៀបស្មើនឹងរីសតលំដាប់ផ្កាយពិភពលោកទៀតផង។ សំណង់វីឡាលើកោះរចនាឡើងតាមបែបសម័យទំនើបមើលពីក្រៅហាក់ដូចជាផ្ទះប្រក់ស្បូវសាមញ្ញ តែបើក្រឡេកទៅមើលពីខាងក្នុងវិញសុទ្ធសឹងតែជាគ្រឿងសង្ហារឹមដ៏ប្រណិត ដែលមិនខុសពីរស់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយឡើយ។

៣/. កន្លែងមើលថ្ងៃរះ និងថ្ងៃលិច ដ៏ស្អាតបំផុត៖ ទេសភាពសមុទ្រពណ៌ខៀវខ្ចី ស្រូបយកខ្យល់បរិសុទ្ធ ជាទីតាំងអំណោយផលបំផុតសម្រាប់គយគន់សម្រស់មើលថ្ងៃរះព្រឹក ថ្ងៃលិចនាពេលល្ងាច។ មានអាងហែលទឹកជាប់ទឹកសមុទ្រ បន្ថែមជាមួយនិងឆ្នេរខ្សាច់សក្បុស អមប្រសមដោយព្រៃឈើលើកោះបន្សុតខ្យល់ត្រជាក់ដល់ក្នុងចិត្តស័ក្តិសមជា ឋានសួគ៌ក្រោមមេឃ ដែលអ្នកគ្រប់រូបប្រាថ្នាចង់ទៅមិនខុសពីពាក្យគេថាឡើយ។

/. ជាតំបន់ស្ងប់ស្ងាត់ និងសុវត្ថិភាព៖ នៅក្នុងតំបន់ជុំវិញកោះសង្សារចម្ងាយ២០០ម៉ែត្រ ត្រូវហាមប្រាមមិនឱ្យទូកនេសាទឬអ្នកទេសចរផ្សេងៗចូលបានផ្តេសផ្តាសឡើយ។ ជាកន្លែងដ៏ស្ងប់ស្ងាត់ និងពោរពេញទៅដោយសម្រស់ធម្មជាតិត្រជាក់ចិត្ត គួបផ្សំនឹងសំឡេងទឹករលកពីរោះរណ្តំ។ លើសពីនេះទៅទៀត សម្រាប់លោកអ្នកដែលចូលចិត្តហែលទឹក ធានាថា ជក់ចិត្តដិតអារម្មណ៍ជាមួយឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ដែលត្រូវបានថែរក្សាដោយយកចិត្តទុកដាក់ប្រកបដោយអនាម័យខ្ពស់ និងទទួលបាននូវភាពល្អឯកនៃឯកជនភាព។

/. ធានាផ្តល់ជូនភាពរូម៉ែនទិចសូម្បីពេលញុំាអាហារ៖ ម្ហូបអាហារសម្រាប់ភ្ញៀវមានជាច្រើនមុខ យ៉ាងសម្បូរបែប មិនថាជាម្ហូបបែប អឺរ៉ុប ចិន ខ្មែរ ឬ ថៃឡើយឈ្ងុយឆ្ងាញ់ជាទីគាប់ចិត្ត។ រាល់ម្ហូបទាំងអស់ ត្រូវបានចម្អិនដោយយកចិត្តទុកដាក់ពីចុងភៅល្បីលំដាប់ផ្កាយ។ ជារឿយៗទីតាំងសម្រាប់ទទួលទានអាហារពេលល្ងាចរបស់ភ្ញៀវត្រូវបានផ្លាស់ប្ដូរពីទីតាំងមួយទៅទីតាំងមួយទៀតនៅលើកោះ ដែលបានរៀបចំដោយផ្ទាល់ពី កោះសង្សារ តែម្ដង។ ការធ្វើបែបនេះក្នុងគោលបំណងឲ្យភ្ញៀវទាំងអស់ទទួលបានអារម្មណ៍ប្លែកក្នុងការទទួលទាន។

គួរបញ្ជាក់ផងដែរថា បើនិយាយពីតម្លៃនៃការស្នាក់នៅលើកោះសង្សារក្នុង១យប់វិញ ដោយសារតែគុណភាពខ្ពស់នៃអាហារ សេវាកម្ម បូករួមជាមួយសម្រស់ធម្មជាតិទៀតនោះដែលអនុញ្ញាតឲ្យអតិថិជនរស់នៅសោយសុខ សុវត្ថិភាពខ្ពស់ សម្រាប់ការស្នាក់នៅក៏មានតម្លៃលំដាប់អភិជនផងដែរ ពោលគឺការស្នាក់នៅក្នុង១យប់ តម្លៃចន្លោះពី៨៩០ដុល្លារ ទៅដល់៥ពាន់ដុល្លារ ឬលើសនេះក៏មាន។ នេះបើតាមការដកស្រង់ចេញពីវេបសាយផ្លូវការរបស់កោះសង្សារនាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ (ប៉ុន្តែតម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាល)៕

ឹ

15

២

Song Saa Private Island  2018 Josejouland over Water Villa Two Bedroom Pool 12

១

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia