លោក Kim Woo Choong គឺជាពាណិជ្ជករដ៏អស្ចារ្យមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង។ លោកកើតនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៣៦ ហើយបានទទួលមរណភាពនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩។ លោកជាស្ថាបនិកក្រុមហ៊ុន Daewoo ដែលក្នុងនោះមានបណ្ដំសហគ្រាសចម្រុះវិស័យជាច្រើនស្ថិតនៅក្រោមចំណុះក្រុមហ៊ុនមួយនេះ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវ ក្បួនរកស៊ី៣របស់សហគ្រិនចំណាន គីម វូឈុង រកស៊ីពីស្ទើរទុនរហូតបង្កើតអាណាចក្រជំនួញធំមហិមា៖
១. យកខ្លួនឯងជាដើមទុន៖ មនុស្សជាច្រើនយល់ច្រលំថា រាល់ជីវិតបុគ្គលជោគជ័យទាំងអស់ គឺពួកគេសុទ្ធតែប្រើជីវិតរបស់ខ្លួនរស់នៅតែក្នុងភាពស្រណុកសុខស្រួល។ ប៉ុន្តែជាក់ស្ដែងគឺមិនដូច្នេះនោះទេ តាំងពីចាប់ផ្ដើមអាជីវកម្មតូចតាចតាំងពីដំបូងមក លោកបានយកខ្លួនឯងទាំងកម្លាំងកាយ ចិត្ត ជាដើមទុនក្នុងការរកស៊ី។ លោកធ្វើការដោយមិនសំចៃកម្លាំងនោះទេ ជាក់ស្ដែងមនុស្សធម្មតាធ្វើការត្រឹមប្រមាណជា ៨ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែលោក គីម វូឈុង វិញធ្វើការរហូតដល់ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ។ មានពេលខ្លះលោកកោរពុកមាត់ និងញ៉ាំអាហារពេលព្រឹកក្នុងរថយន្តក៏មានដែរ។ ប្រសិនបើលោកមិនអាចយកខ្លួនឯងធ្វើជាដើមទុន ហើយខិតខំប្រឹងប្រែងយ៉ាងលំបាកបែបនេះ គាត់ប្រហែលជាមិនអាចបង្កើតនូវអាណាចក្រជំនួញ Daewoo បាននោះទេ។
២. ហ៊ានប្រថុយធ្វើអ្វីដែលគេខ្លាច៖ លោកតែងមានទស្សនៈអាជីវកម្មមួយគឺ “ចូរធ្វើដំណើរទៅរកទីកន្លែងណាដែលអ្នកឯទៀតមិនទាន់ទៅដល់ ហើយត្រូវធ្វើកិច្ចការណាដែលអ្នកឯទៀតមិនទាន់ធ្វើ”។ តាមរយៈទស្សនៈមួយនេះ ធ្វើឱ្យលោកអាចលូកកាន់តែជ្រៅចូលទៅក្នុងពិភពអាជីវកម្មដែលមនុស្សជាច្រើនមិនហ៊ានលូក ឬអាជីវកម្មដែលគេញញើតនឹងភាពបរាជ័យ។ ជាក់ស្ដែងក្រោយពេលដែលលោកដឹកនាំអាជីវកម្មបានរីកចម្រើនសមល្មម លោកបានប្រើប្រាស់ធនធានដែលលោកមាន ដើម្បីជួយសង្គ្រោះអាជីវកម្មជាច្រើនដែលមានបញ្ហាណែនតាន់តាប់ ដែលកំពុងតែប្រឈមនឹងការក្ស័យធនក្នុងពេលឆាប់ៗ។ លោកតែងតែមើលឃើញរាល់បញ្ហាសុទ្ធតែជាឱកាស បើទោះបីជាពេលខ្លះមនុស្សជុំវិញខ្លួនគិតថា អ្វីដែលលោកធ្វើនេះជាអំពើល្ងង់ខ្លៅ ឬឆ្កួតលីលាយ៉ាងណាក៏ដោយ ព្រោះគ្មាននរណាសុខចិត្តទទួលយកថ្មបាក់ពីគេ ដោយហ៊ានចំណាយលុយ ទិញក្រុមហ៊ុនដែលប្រុងតែដួលរលំនោះទេ។ ប៉ុន្តែក្រោយទិញយក ហើយកែប្រែរចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រផ្សេងៗ ក្រុមហ៊ុនទាំងនោះក៏ត្រឡប់ជា ផ្ដល់នូវប្រាក់ចំណេញជាច្រើនដល់លោកវិញផងដែរ។
៣. ដើរមើលឱកាស៖ សហគ្រិនសម្បុរ ស ភ្នែកតូចរូបនេះ ជាមនុស្សដែលមិនចូលចិត្តនៅស្ងៀមនោះទេ។ ក្នុងមួយឆ្នាំៗ លោកបានចំណាយពេលវេលាស្ទើរតែពាក់កណ្ដាលឆ្នាំទៅហើយ ដើម្បីធ្វើដំណើរខ្វាត់ខ្វែងតាមយន្តហោះ ទៅតាមបណ្ដាប្រទេសនានាជាច្រើននៅជុំវិញពិភពលោក។ ការធ្វើដំណើររបស់លោកនេះមិនមែនក្នុងគោលដៅដើម្បីកំសាន្តនោះទេ ប៉ុន្តែគឺដើម្បីសម្លឹងមើលឱកាសល្អៗ ដើម្បីពង្រីកការវិនិយោគរបស់លោកឱ្យកាន់តែធំឡើងៗ៕