ពាក្យចាស់មួយឃ្លាបានលើកឡើងថា “ចេះអ្វីចេះឱ្យប្រាកដ ទើបប្រាក់រត់តាមហៅ” ជាការពិតណាស់ នៅពេលដែលយើងចេះរឿងនេះបន្តិច រឿងនោះបន្តិច ពេលឱ្យធ្វើមែនទែន លទ្ធិផលអត់បានសូម្បីតែមួយ។ ដូច្នេះការរកស៊ីក៏ទាមទាឱ្យយើងខ្លាំង និងច្បាស់ដូចគ្នា ព្រោះបើយើងចេះសើរៗទេ លទ្ធិផលក៏សើរៗដូចគ្នាដែរ។ ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត គីម ហ៊ាង ក៏បានលើកយកគំនិតសំខាន់មួយដើម្បីចែកជូនបងប្អូនទាំងអស់គ្នាទុកជាបទពិសោធន៍ផងដែរ។
យោងតាមបទសម្ភាសន៍ជាមួយក្រុមកាងារកូនចាបក្រហម លោកបណ្ឌិត គីម ហ៊ាង ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត KW Cambodia បានឱ្យដឹងថា “ហេតុអ្វីបានជាប្រេនធំៗ ភ្ញៀវទិញទាំងមានទំនុកចិត្ត? មូលហេតុនោះគឺ គេជឿ គេស្គាល់ម្ចាស់ប្រេន”។
ត្រង់ចំណុចនេះ លោកបានបន្តទៀតថា ជាក់ស្តែងខ្លួនលោកផ្ទាល់ ពេលដែលនិយាយដល់ឈ្មោះ គីម ហ៊ាង អតិថិជនច្បាស់ជាដឹងភ្លាមថា គីម ហ៊ាង អចលនទ្រព្យ ពោលគឺលោកបន្តុះខ្លួនរបស់លោកធ្វើយ៉ាងណាឱ្យខ្លួនឯងមានជំនាញក្នុងវិស័យដែលខ្លួនកំពុងធ្វើ។
លើសពីនេះ នៅពេលដែលយើងមានជំនាញហើយ យើងត្រូវចែករំលែកចំណេះទាំងនោះទៅកាន់អ្នកដែលមិនបទពិសោធន៍ ដូច្នេះហើយអ្នកដែលនៅក្នុងវិស័យនោះនឹងចាប់ផ្តើម ស្គាល់លោកកាន់តែច្រើនឡើងៗតាមរយៈការចែករំលែកទាំងនោះមិនតែប៉ុណ្ណោះល្បីដល់អ្នកក្រៅវិស័យថែមទៀត។ ដូច្នេះហើយនៅពេលដែលលោកត្រូវបានគេស្គាល់ច្រើន នោះអតិថិជននឹងកាន់តែមានទំនុកចិត្តក្នុងការទិញ ព្រោះថា នៅពេលដែលគាត់ទុកចិត្តច្បាស់ហើយ ផលិតផលក៏គាត់ទុកចិត្តដូចគ្នា។
គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនលក់ក្នុងវិស័យណាមួយ ដោយមិនមាននរណាម្នាក់ស្គាល់បងប្អូន វាជារឿងដែលពិបាកមួយក្នុងការយកបេះដូងអតិថិជន ឱ្យជឿទុកចិត្តយើងណាស់ ម្ល៉ោះហើយដំណោះស្រាយគឺត្រូវច្នៃខ្លួនឯងឱ្យកាន់តែខ្លាំងក្នុងវិស័យដែលខ្លួនកំពុងធ្វើ។
អត្ថបទដោយ៖ កញ្ញា នៅ ថាត់សណា