ឡាន គឺជាយានយន្តមួយប្រភេទដែល ត្រូវបានមនុស្សចាត់ទុកជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតមួយ។ ដោយសារតែមានតម្រូវការចាំបាច់ត្រូវប្រើប្រាស់ឡាន ប៉ុន្តែមិនចង់ចំណាយលុយទិញទាំងដុល ឬមានលុយមិនគ្រប់ មនុស្សមួយចំនួនបានសម្រេចចិត្តធ្វើការបង់រំលស់ ជាមួយនឹងធនាគារ ដើម្បីបន្ធូរការចំណាយ។
ជាក់ស្ដែងការបង់រំលស់ ក៏ដូចជាការបង្កើតបន្ទុកបំណុលឱ្យខ្លួនឯងដែរ ហេតុនេះបើសិនជាមានការសម្រេចចិត្តខុស វាអាចនឹងធ្វើឱ្យយើងធ្លាក់ទៅក្នុងបំណុលអាក្រក់បាន។ ពាក់ព័ន្ធនឹងការបង់រលស់នេះដែរ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនលក់ឡាន Kia Cambodia ដែលប្រចាំការនៅប្រទេសកម្ពុជា លោក ផេតធើ លូ (PETER LU) បានបង្ហើបពីក្បួនបង់រំលស់ឡានពិសេសមួយ ដែលអាចជួយអ្នកកុំឱ្យធ្លាក់ចូលក្នុងបំណុលអាក្រក់។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia លោក ផេតធើ បានលើកឡើងថា “ដើម្បីចៀសផុតពីបំណុលអាក្រក់ មុនពេលដែលអ្នកធ្វើការបង់រំលស់ឬ ខ្ចីលុយនៅធនាគារ ត្រូវពិនិត្យលើរឿង២យ៉ាងគឺ ចំណូល និងចំណាយ”។
លោកបានពន្យល់ថា មុនពេលដែលអ្នកចង់ធ្វើការបង់រំលស់ ឬបង្កើតកម្ចីនៅធនាគារ អ្នកត្រូវសួរខ្លួនឯងសិនថា តើអ្នកមានចំណូលប៉ុន្មានក្នុងមួយខែ? តើអ្នកត្រូវចំណាយប៉ុន្មានទៅលើការស្នាក់នៅក្នុងមួយខែ? តើអ្នកចំណាយប៉ុន្មានទៅលើការហូបចុក? តើអ្នកសល់លុយប៉ុន្មានក្នុងមួយខែ?
ប្រធានគ្រប់គ្រងទូទៅរបស់ KIA រូបនេះបានបញ្ជាក់ផងដែរថា មនុស្សយើងអាចមានចំណូលស្មើគ្នាប៉ុន្តែមានចំណាយមិនដូចគ្នាឡើយ ព្រោះតែមនុស្សមានលក្ខខណ្ឌរស់នៅផ្សេងៗគ្នា។ អ្នកខ្លះមានចំណូល ២ពាន់ដុល្លារ តែត្រូវចំណាយដល់ទៅ ១,៨០០ដុល្លារ ព្រោះតែគាត់ត្រូវទំនុកបម្រុងគ្រួសារផង ដូច្នេះ១ខែគាត់សល់តែ ២០០ដុល្លារទេ។ ចំណែកឯមនុស្សខ្លះទៀត មានប្រាក់ខែ ២ពាន់ដុល្លារដែរ តែចាយម្នាក់ឯង មួយខែអស់ ១ពាន់ដុល្លារ ដូច្នេះគាត់សល់លុយដល់ទៅ ១ពាន់ដុល្លារឯណោះ។
លោកបានបន្តទៀតថា ក្រោយពេលដែលរកឃើញលុយដែលនៅសល់ហើយ អ្នកអាចធ្វើការសម្រេចចិត្តបង់រំលស់ឡាន ណាមួយដែលសក្តិសមនឹងលទ្ធភាពរបស់អ្នក។ ឧទាហរណ៍ថា អ្នកសល់លុយមួយខែត្រឹម ៥០០ដុល្លារ អ្នកអាចរំលស់ឡាន តម្លៃត្រឹម ២ម៉ឺន ទៅ៣ម៉ឺនដុល្លារ ដូចជា Model Picanto របស់ក្រុមហ៊ុន KIA ដែលមានបច្ចេកវិទ្យាទំនើបបំពាក់នៅក្នុងរថយន្ត ស៊ីសាំងតិច ជួយអ្នកឱ្យសន្សំសំចៃបានកាន់តែច្រើន។
តែប្រសិនបើអ្នកមានលុយសល់ដល់ ១ពាន់ ទៅ២ពាន់ដុល្លារក្នុងមួយខែ អ្នកអាចជ្រើសរើសរំលស់ឡានដែលមានតម្លៃ ចន្លោះពី ៤ម៉ឺនទៅ ៥ម៉ឺនដុល្លារ ដូចជា Model The 2023 Seltos របស់ KIA ជាដើម ។ ការធ្វើបែបនេះ នឹងជួយឱ្យអ្នករួចផុតពីសម្ពាធហិរញ្ញវត្ថុ ព្រោះអ្នកបានស្គាល់ច្បាស់ពីលទ្ធភាពរបស់ខ្លួនឯង និងមិនបង្កើតបំណុលដែលធំហួសមាឌ។
លោក ផេតធើ បានគូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកចង់បង់រំលស់ឡាន អ្នកគួរតែព្យាយាមដាក់ប្រាក់កក់ដំបូងឱ្យបានច្រើន ចាប់ពី ៣០%ឡើងទៅដល់ ៦០%អីកាន់តែល្អ ដើម្បីជួយសម្រួលឱ្យការប្រាក់នៅទាប ហើយអ្នកក៏មិនសូវមានសម្ពាធហិរញ្ញវត្ថុអំឡុងពេលបង់រំលស់ផងដែរ៕
អត្ថបទដោយ៖ សូ សុខលី