សហគ្រិនខ្មែរសហការជាមួយ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មដំបូងនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី១ (UniPreneur’s Business Model Competition Season I) ដោយមានការចូលរួមពីធុរកិច្ចថ្មី ចំនួន ១៥ ក្រុមដែលជាសហគ្រិននិស្សិតប្រមាណ ៦០ នាក់។
ខេត្តបាត់ដំបង៖ សហគ្រិនខ្មែរ និង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង រៀបចំពិធីបើកវគ្កប្រកួតប្រជែងគំរូអាជីវកម្មនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី១ នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការ ចូលរួមពីសំណាក់ លោក ក្រេត ពុទ្ធារិទ្ធ តំណាងសហគ្រិនខ្មែរ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ តំណាងស្ថាប័នសាធារណៈ និងឯកជន ព្រមទាំងនិស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ១៥០ នាក់ ។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតចំនួន ១៥ ក្រុម ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងអ្នកជាដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មវិធីទាំងមូលថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាស បង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»
ក្នុងឱកាសនៃពិធីបើកវគ្គនេះ លោក ទុន ណារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា៖ កម្មវិធីបណ្តុះបណ្តាលនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច និងនិស្សិតដែលបានចូលរួមក្នុងវគ្គនេះ ទាំងអស់ដែលជាសរសរទ្រូងរបស់សង្គម ក្នុងការជួយជម្រុញឱ្យសម្រេចនូវ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្រេចមហាបវធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីសហគ្រិនមហាវិទ្យាល័យនេះ មានគោលបំណងបង្កើតកម្មវិធីអប់រំសហគ្រិនភាពតាមសាកលវិទ្យាល័យនានា ដើម្បីលើកស្ទួយប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់កម្ពុជា ដោយចាប់ផ្តើមពីការផ្តួចផ្តើមគំនិតរហូតដល់ការត្រៀមខ្លួនវិនិយោគ និងភ្ជាប់សហគ្រិននិស្សិតទៅកាន់បណ្តាញ និងអ្នកជំនាញនៅក្នុងតំបន់។
កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម (Business Model Competition) គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur ) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផល ឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជន។
ក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងវគ្គបណ្តុះបណ្តាលនេះនឹងទទួលបានឱកាសក្លាយជាក្រុមជម្រើសចូលរួមកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉នបន្ថែមនូវចំណេះដឹងរយៈពេល ៤ សប្តាហ៍។
ចំណែកឯក្រុមក្រុមនិស្សិតឆ្នើមដែលជាប់ជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសបន្តក្នុងការប្រកួតថ្នាក់ជាតិ (UniPreneur National Challenge )។
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មរបស់សហគ្រិនមហាវិទ្យាល័យសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង អាចទំនាក់ទំនង លោក ពក បញ្ញាពេជ្រ តាមលេខទូរស័ព្ទ ០៨៩ ៩៥៩ ៨៧១ ឬ លោក វ៉ាន់ សុភាល័យ តាមលេខទូរសព្ទ ០៧៧ ៨៣៤ ៦៦៤ ។