ប្រសិនបើអ្នកជាអ្នកនិយមលេងបណ្ដាញសង្គមTik Tok អ្នកប្រាកដជាធ្លាប់ទស្សនាវីដេអូរបស់សេដ្ឋីវ័យក្មេង Khaby Lame ដែលធ្លាប់កសាងជីវិតពីកម្មកររោងចក្រ ហើយធ្លាប់បាត់បង់ការងារក្នុងសម័យកូវីដ១៩កំពុងផ្ទុះខ្លាំង មុនពេលដែលលោកវិវត្តខ្លួនមកក្លាយជាតារាល្បីឈ្មោះលើ បណ្ដាញសង្គមTik Tok តាមរយៈការថតវីដេអូខ្លីៗមិននិយាយស្តីសូម្បីតែមួយម៉ាត់ លាយលំជាមួយទឹកមុខកំប្លែងស្ងួត ធ្វើឱ្យលោកអាចទាញប្រជាប្រិយភាពពីមនុស្សរាប់រយលាននាក់ជុំវិញពិភពលោក។
សើចចុះសើចឡើង Khaby Lame រកលុយបាន១០លានដុល្លារហើយក្នុងឆ្នាំ២០២១ និងកំពុងសហការជាមួយក្រុមហ៊ុនធំៗចំនួន២ទៀតផងដែរនាពេលបច្ចុប្បន្ននេះ។ បុរសដើមកំណើតសេណេហ្គាល់វ័យ ២២ឆ្នាំមានជំនាញជា Content Creator រូបនេះបានប្រាប់កាសែត Yahoo News ឱ្យដឹងថារូបខ្លួនបាននឹងកំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចំនួន២ ដែលក្នុងនោះរួមមាន ក្រុមហ៊ុន Meta និងក្រុមហ៊ុន AfroTech ។ ក្នុងនោះគេឃើញថាលោកបាននឹងកំពុងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យ Facebook ដែលនិយាយអំពី Metaverse និងផ្លេតហ្វូម AfroTech ដែលជាកម្មវិធីវិនិយោគទ្រព្យសម្បត្តិសម្រាប់ជនជាតិស្បែកខ្មៅ។
គួរជម្រាបផងដែរសព្វថ្ងៃនេះ Khaby Lame មានអ្នកតាមដាន ៧៩.៣ លាននាក់នៅលើ Instagram និង១៤៩.៣លាននាក់តាមដាននៅលើ Tik Tok។ របស់ លោកដោយសារគាត់អាចបង្ហាញពីការដោះស្រាយបញ្ហាប្លែកៗ ទៅកាន់អ្នកតាមដាន ដោយមិនបាននិយាយអ្វីមួយម៉ាត់សោះ ប៉ុន្តែអាចធ្វើឱ្យមនុស្សយល់ជាសកល។ ជាមួយនឹងអ្នកតាមដានរាប់លាននាក់បែបនេះបានធ្វើឱ្យរូបលោកដណ្តើមតំណែងជាមានអ្នកតាមដានច្រើនលេខ ១លើTik Tokបានយ៉ាងជោគជ័យកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះបើយោងតាមការចុះផ្សាយរបស់ The Verge ៕
អត្ថបទដោយ៖ ពីង ជូអេង (កូនត្រចៀកកាំ )