បច្ចុប្បន្នអាជីវកម្មខ្នាតតូច និងមធ្យមបែបលក្ខណគ្រួសារ កំពុងវាយលុកទីផ្សារខ្លាំងមិនថានៅតំបន់អាស៊ី ឬប៉ែកអឺរ៉ុបនោះទេ ជាពិសេសគឺប្រទេសកម្ពុជាយើងតែម្តង ខណៈអ្នកជំនាញ Kevin O’Leary បាននិយាយចំៗថា អាជីវកម្មប្រភេទនេះភាគច្រើនងាយបរាជ័យបំផុត មិនអាចរស់បានបីជំនាន់ឡើយ ព្រោះកំហុសធំបំផុតពីរ។
លោក Kevin O'Leary ជាអ្នកជំនួញជនជាតិកាណាដា អ្នកនិពន្ធ និងជាអ្នកនយោបាយដ៏លេចធ្លោមួយរូប បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កន្លងទៅនេះថា៖ «កំហុសដ៏ធំបំផុតមួយចំពោះអ្នកធ្វើអាជីវកម្មបែបគ្រួសារ គឺបុព្វបុរសគ្រួសារ ឬស្ថាបនិកជំនាន់ទី១ ផ្ទេរអាជីវកម្មឲ្យទៅកូនចៅរបស់ពួកគេគ្រប់គ្រងបន្ត»។ លោកបានបន្តទៀតថា «វាបានកើតឡើងចំពោះខ្លួនខ្ញុំផ្ទាល់ វាជាការឈឺចាប់ណាស់ដែលឃើញមនុស្សក្នុងគ្រួសារតែមួយ រហែកបែកខ្ញែក ឈ្លោះទាស់ទែងគ្នា មើលមុខគ្នាលែងចំដោយសារផលប្រយោជន៍»។ ការបែកបាក់នេះធ្វើឱ្យប៉ះពាល់ខ្លាំងបំផុតក្នុងការបន្តពូជពង្សគ្រួសារ ហើយជារឿយៗវានាំឱ្យទ្រព្យសម្បត្តិ ឬអាជីវកម្មដែលបានបង្កើតឡើងដោយស្ថាបនិកទីមួយ ត្រូវបំផ្លាញបន្តិចម្តងៗរហូតដល់អស់។
ចំណែកឯបញ្ហាធំបំផុតទីពីរគឺ អាជីវកម្មពុំមានរចនាសម្ព័ន្ធត្រឹមត្រូវ។ លោក Kevin O'Leary បាននិយាយថា៖ «អ្នកដឹកនាំអាជីវកម្មដ៏អស្ចារ្យបានរៀនដាក់ហេដ្ឋារចនាសម្ព័ន្ធតាមស្តង់ដារួចជាស្រេច» ដោយមិនគិតពីបក្សពួក បងប្អូន ញាតិសណ្តាននោះទេ។ នេះមិនមែនមានន័យថា កូនចៅក្នុងគ្រួសារមិនអាចទទួលបានទ្រព្យសម្បត្តិ ឬសិទ្ធក្នុងការមើលថែទាំអាជីវកម្មឡើយ ប៉ុន្តែពួកគេអាចខ្វះជំនាញក្នុងការពង្រីកអាជីវកម្ម។ អ្នកជំនួញរូបនេះបានលើកឡើងថា៖ «ស្ថាបនិកដ៏ល្អបំផុត ដឹងពីពេលដែលការផ្លាស់ប្តូរដ៏ឈ្លាសវៃ គឺត្រូវដាក់កិច្ចព្រមព្រៀងដើម្បីឱ្យមានអ្នកគ្រប់គ្រងដែលមានជំនាញវិជ្ជាជីវៈត្រួតពិនិត្យអាជីវកម្ម ខណៈពេលដែលរក្សាកៅអីក្រុមប្រឹក្សាភិបាលសម្រាប់កូនចៅរបស់ខ្លួន»។
ឧទាហរណ៍ដ៏លេចធ្លោមួយ៖ ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett មិនបានជ្រើសរើសកូនខ្លួនឯងជាអ្នកស្នងតំណែងនោះទេ ប៉ុន្តែកូនប្រុសរបស់គាត់លោក Howard ត្រូវបានចាត់តាំងនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំ ហើយលោក Warren Buffett ទើបតែបានបន្ថែមកូនស្រីម្នាក់ទៀតដែលមានឈ្មោះថា Susan ទៅក្នុងក្រុមប្រឹក្សាភិបាលផងដែរ។ ក្នុងនោះកូនប្រុសពៅរបស់លោក Warren Buffett គឺលោក Peter ក៏ជានាយកនៃមូលនិធិ Susan Thompson Buffett ដែលគ្រប់គ្រងការបរិច្ចាគសប្បុរសធម៌របស់លោក Warren Buffett ផងដែរ។
សរុបមកវិញ កំហុសធំបំផុត២ ដែលលោក Kevin O'Leary ចាប់ទុកជាចំណុចខ្សោយរបស់អាជីវកម្មបែបលក្ខណគ្រួសារ ឬធម្យម គឺការផ្ទេរអាជីវកម្មឲ្យកូនចៅខ្លួនឯង និង មិនបានរៀបចំរចនាសម្ព័ន្ធឲ្យបានត្រឹមត្រូវ ដែលជាហេតុធ្វើអាជីវកម្មរស់មិនបានបីជំនាន់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦