ការដែលអាចធ្វើការងារមួយឲ្យសម្រេចដល់គោលដៅ ឬអ្វីដែលយើងចង់បាន វាត្រូវផ្តើមចេញពីការងារតូចៗបូកផ្សំបញ្ចូលគ្នា។ ចំណែកឯការចេញរកស៊ី ឬចាប់ផ្តើមអាជីវកម្មអ្វីមួយក៏មិនខុសគ្នាប៉ុន្មានដែរ កុំចាំដល់មានពេលវេលាគ្រប់គ្រាន់ មានអ្វីគ្រប់យ៉ាងទើបចាប់ផ្តើម អ្នកអាចធ្វើវាជាមួយដើមទុនដ៏តិចតួចនិងពេលវេលាដែលអ្នកមាននាពេលនេះ អមដោយផែនការត្រឹមត្រូវច្បាស់លាស់ មានចក្ខុវិស័យ និងទស្សនៈវិស័យវែងឆ្ងាយ មិនយូរទេអ្នកនឹងអាចពង្រីកពីតូចទៅធំស្របតាមក្តីស្រមៃរបស់អ្នកមិនខាន។
ជាក់ស្តែងលោក សុខ សុបញ្ញា ជាតារា Rap បានប្រឡូកក្នុងវិស័យនេះចាស់វស្សា ប៉ុន្តែដោយសារក្តីស្រលាញ់ និងកត្តាជំរុញធំៗ២ខាងក្រោម ទើបលោកអាចឆ្លៀតពេលពីអាជីពអ្នករ៉េប មកដាំដុះបន្លែធម្មជាតិពីទំហំតូចរហូតអាចពង្រីកមានទីផ្សារលក់ចេញទៅខាងក្រៅ និងបានវិវត្តន៍ខ្លួនជាម្ចាស់ កសិដ្ឋាន សុខបញ្ញា (SOK PANHA HydroFarm)៖
១/. ចង់ឃើញទីផ្សារកម្ពុជាសម្បូរបន្លែធម្មជាតិ
លោកបានថ្លែងប្រាប់ Business Cambodia ថា បន្លែធម្មជាតិនៅលើទីផ្សារបច្ចុប្បន្នមិនទាន់មានភាពទូលំទូលាយប៉ុន្មានទេ និងមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ផងដែរ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនពិបាកក្នុងការស្វែងរកទិញ។ ដោយការមើលឃើញដូច្នេះ លោកក៏ខំប្រែផ្លាស់ពង្រឹង និងពង្រីកជាបន្តបន្ទាប់ពីការដាំដុះសម្រាប់បរិភោគក្នុងគ្រួសាររហូតដល់អាចផ្គត់ផ្គងលក់ចេញលើទីផ្សារថែមទៀតផង។
២/. តម្លៃសមរម្យ
ថ្វីត្បិតតែ បច្ចុប្បន្នបន្លែធម្មជាតិមានលក់នៅលើទីផ្សារក៏ពិតមែន ប៉ុន្តែបើយើងក្រឡេកទៅលើតម្លៃវិញ វាអាចមានតម្លៃថ្លៃជាងបន្លែធម្មតា ព្រោះការដាំដុះបន្លែប្រភេទនេះវាត្រូវការបច្ចេកទេស និងដើមទុនច្រើនគួរសមប្រសិនបើធ្វើការដាំដុះក្នុងទំហំខ្នាតមធ្យម ឬខ្នាតធំ។ លោក សុខ សុបញ្ញា បានថ្លែងបន្តថា លោកចង់ឃើញប្រជាពលរដ្ឋខ្មែរអាចទិញបន្លែធម្មជាតិសម្រាប់ទទួលទានក្នុងតម្លៃមួយដ៏សមរម្យបំផុត។
ជាមួយនឹងក្តីស្រលាញ់ដ៏ខ្លាំងក្លាទោះមមាញឹកយ៉ាងណានៅតែឆ្លៀតដើម្បីដើរតាមក្តីស្រមៃ និងទឹកចិត្តចង់ឃើញប្រជាពលរដ្ឋកម្ពុជាបានទទួលទានបន្លែធម្មជាតិក្នុងតម្លៃសមរម្យ រួមទាំងចូលរួមចំណែកកាត់បន្ថយការនាំចូលបន្លែពីបរទេស ក៏ជំរុញឲ្យលោកវិវត្តន៍ខ្លួនមកដល់ចំណុចនេះ។ លោកសង្ឃឹមថានាពេលអនាគតដ៏ខ្លីខាងមុខ បន្លែធម្មជាតិផលិតផលក្នុងស្រុកមិនត្រឹមផ្គត់ផ្គងតម្រូវការទីផ្សារក្នុងស្រុកនោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសទៀតផង។
យ៉ាងណាមិញ ប្រសិនបើបងប្អូនចង់គាំទ្រ កសិដ្ឋាន សុខបញ្ញា (SOK PANHA HydroFarm) អាចទំនាក់ទំនងទៅកាន់លោក សុខ សុបញ្ញា ដោយផ្ទាល់តាមរៈលេខទូរស័ព្ទ ០១០៩០៣៣៣០ / ០៩២៩០៣៣៣០៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦