ស្រ្តីក៏អាចរកចំណូលមិនចាញ់បុរស! អ្នកស្រី Katelyn ឆ្កឹះចំណូល១ខែខ្ទង់២៤ម៉ឺន$ តាមច្រកធំៗ៤នេះ
Kan DaraJUNE 8 20231.4 K views

ទស្សនៈ «ស្រី្តវិលជើងក្រានមិនជុំ» អាចនឹងហួសឌឺឡេក្នុងសទវត្សទី២១នេះ។ ជាក់ស្តែងអ្នកស្រី Katelyn Alsop ម្តាយដែលមានកូនបួននាក់ជាបន្ទុក រកប្រាក់ចំណូលបានខ្ទង់២៤ម៉ឺនដុល្លារ/១ខែ ដោយធ្វើការត្រឹម៤ម៉ោងប៉ុណ្ណោះ/១ថ្ងៃ អាចចំណាយពេលជាមួយគ្រួសាររស់នៅយ៉ាងសុខស្រួល។ នេះបើតាមការឲ្យដឹងពី CNBC Make it។

១១

ត្បិតមានភេទជាស្ត្រី តែអ្នកស្រី Katelyn Alsop កសាងខ្លួនក្លាយជាសេដ្ឋីចេញពីបាតដៃទាំងពីរ ដោយយកជំនាញថតរូបធ្វើជាដើមទុន។ អ្នកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំ២០០៨ ខ្ញុំបានចាប់ផ្តើមការថតរូបពីបន្ទប់ដែលខ្ញុំស្នាក់នៅ។ បំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយទៅជាអ្នកថតរូបអាជីពម្នាក់។ វាមិនងាយស្រួលទេ ជាពិសេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក៏អរគុណខ្លួនឯងដែលមិនបោះបង់»

កាលគ្រាជានិស្សិសាកលវិទ្យាល័យ Katelyn Alsop ដោយស្គាល់រូបរាងក្តីសុបិនច្បាស់លាស់ នាងខិតខំរៀនសូត្រយ៉ាងខ្លាំងនិងតែងចែករំលែកលើបណ្តាញសង្គមពីបច្ចេកវិទ្យាថតរូប ឬអ្វីដែលនាងបានដឹង រហូតមានការផ្ញើអ៊ីម៉ែលដល់ទៅ ៧៦,០០០ ពីអ្នករួមអាជីពជាមួយគ្នាចង់ឲ្យនាងបង្កើតវគ្គបង្រៀន។

២២

ទីបំផុតនាខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកស្រីនិងស្វាមីថ្មីថ្មោង បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលអនឡាញដំបូងរបស់ខ្លួនដើម្បីបង្រៀនអ្នកថតរូបពីរបៀបកែសម្រួល និងសម្រួលលំហូរការងារ ក្នុងតម្លៃ៣៩៧ដុល្លារ។ គោលដៅក្នុងការលក់សរុបនៃវគ្គសិក្សានេះពួកគេចង់បាន១៥,០០០ដុល្លារ ប៉ុន្តែរឿងនឹកស្មានមិនដល់ ត្រឹមរយៈពេលមួយថ្ងៃដំបូងប្តីប្រពន្ធមួយគូនេះអាចរកប្រាក់បានជាង ១៦០,០០០ដុល្លារឯណោះ ដោយសារតែការជឿទុកចិត្តពីអតិថិជនដែលខ្លួនបានកសាងនាពេលកន្លងមក។

យ៉ាងណាមិញ ក្នុងចុងឆ្នាំ២០២២ អ្នកស្រីរកប្រាក់ចំណូលបានប្រហែល ២៤០,០០០ដុល្លារក្នុងមួយខែ ចេញពីច្រកផ្លូវធំៗ៤គឺ ទី១/. បើកអាជីវកម្មថតរូបអាពាហ៍ពិពាហ៍ ទី២/. គ្រូបង្គោល និងលក់វគ្គសិក្សា Katelyn James Photography ទី៣/. ទាញចំណូលពីហ្លេតហ្វម Acton Academy West End ដែលមានសិស្សប្រមាណ ១០០,០០០នាក់ មកពីជុំវិញពិភពលោកកំពុងប្រើប្រាស់ និងទី៤/. ចំណូលពីបណ្តាញសង្គមដូចជា Blog, Instagram និង Youtube ជាដើម។ អ្នកស្រី Katelyn Alsop បាននិយាយថា៖ «ប្រហែល ២៣០,០០០ដុល្លារនៃប្រាក់ចំណូលប្រចាំខែ គឺជាប្រាក់ចំណូលអកម្មពីវគ្គសិក្សាតាមអ៊ីនធឺណេត និងការលក់សម្ភារៈបណ្តុះបណ្តាល។ ខ្ញុំធ្វើការតែបួនម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយខ្ញុំទទួលថតពិធីរៀបអាពាហ៍ពិពាហ៍បួនដងក្នុងមួយឆ្នាំ»

២២២

អ្នកឃើញទេ? មិនថាបុរសឬស្រី្ត នៅលីវឬមានគ្រួសារ ឲ្យតែមានមហិច្ឆតាចងភ្ជាប់ចំណេះ ជំនាញ មានសមត្ថភាពពិតប្រាកដ ហ៊ានផ្សំអំណត់ ចុងក្រោយបំផុតអ្នកនឹងជោគជ័យលើអ្វីដែលខ្លួនប្រាថ្នាចង់បាន ទាំងតួនាទី យសសក្តិ លាភសក្ការ។ ចូរកុំដាក់ដែនកំណត់ឲ្យខ្លួនឯង ព្រោះអ្នកអាចធ្វើរឿងដ៏អស្ចារ្យលើសអ្វីដែលអ្នកធ្លាប់គិតទៅទៀត កុំភ្លេចអនាគតភ្លឺស្វាងកំពុងអង្គុយរង់ចាំអ្នក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia