«ឆ្លាក់ចំណង់ចំណូលចិត្ត ឲ្យក្លាយជាជំនាញ ទាញចំណូល រស់មិនថ្ងូរស្អប់ថ្ងៃចន្ទ» ខណៈពេលមនុស្សភាគច្រើនធុញថប់គ្មានសេរីភាពចំណងការងារចងជាប់ជើង ហើយចំណូលតិចទៀតនោះ លោក JP Mancini II ចាយពេលធ្វើការត្រឹម៣០នាទីក្នុងមួយថ្ងៃ អាចរកលុយបានខ្ទង់ជិត៤ម៉ឺនដុល្លារឯណោះក្នុងមួយខែ ចេញពីរបរប្លែកមិនសូវមានអ្នកដឹងមួយ។
បុរសជនជាតិអាមេរិក JP Mancini II មានចំណាប់អារម្មណ៍ខ្លាំងលើរបស់ប្រណិតៗ បានសម្រេចចិត្តសាកដាក់ជួលកប៉ាល់របស់ខ្លួនដែលមានតម្លៃ ៤០០,០០០ដុល្លារ សម្រាប់ភ្ញៀវទេសចរណ៍ជិះកម្សាន្ត។ ក្នុងពេលចុះបញ្ជីទូកប្រវែង ៣៧ហ្វីតដែលចតនៅ Key West រដ្ឋ Florida លើវេទិកាជួលមួយមានឈ្មោះថា Boatsetter គាត់ទទួលបានការកក់ធ្វើដំណើរចំនួន ១១ដងក្នុងមួយខែ ហើយនៅខែបន្ទាប់ ចំនួននោះបានកើនឡើងទ្វេដង។
ដោយមើលឃើញឱកាសលើគោក អតីតអ្នកជំនាញផ្នែកលក់វ័យ៣២ឆ្នាំរូបនេះ បានចាប់ផ្តើមចុះបញ្ជីទូករបស់ខ្លួននៅលើវេទិកាជួលផ្សេងទៀតដូចជា Get My Boat និងបានទិញកប៉ាល់ទីពីរសម្រាប់ជួលនៅ Hampton រដ្ឋ Virginia ជាកន្លែងដែលគាត់រស់នៅ។ បច្ចុប្បន្នកប៉ាល់ទាំងពីរនេះ បាននាំមកនូវប្រាក់ចំណូលជាមធ្យម ៣៨,៨០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមឯកសារត្រូវបានពិនិត្យដោយ CNBC Make It។
យ៉ាងណាមិញ លោក JP Mancini II បានលើកឡើងថា ខ្លួនចំណាយពេលធ្វើការត្រឹម ៣០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ទៅលើការគ្រប់គ្រងការកក់ និងធ្វើឲ្យប្រាកដថានាវិក (អ្នកបើកនិងអ្នកមើលការខុសត្រូវលើកប៉ាល់) ត្រូវបានជួលនិងបង់ប្រាក់ដោយភ្ញៀវត្រឹមត្រូវ។
លោក JP Mancini II បានបន្ថែមទៀតថា កាលពីឆ្នាំមុនលោកបានទិញផ្ទះតម្លៃ ១៩០,០០០ដុល្លារ បន្ទាប់ពីការចំណាយលើកប៉ាល់របស់គាត់។ គាត់អាចរកប្រាក់បានប្រហែល ១០០,០០០ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះ នាគ្រាដែលធ្វើការជាប្រធានធំផ្នែកលក់ពេញម៉ោង ដែលស្ថានភាពនេះខុសគ្នាខ្លាំងបើធៀបជាមួយអ្វីដែលលោកទទួលបានសព្វថ្ងៃ។
ក្នុងនោះ បើទោះបីអាចទាញចំណូលបានច្រើនក៏ពិតមែន តែជំនួសឲ្យការបង់ផ្តាច់លើប្រាក់កម្ចីចំនួន ៥៥០,០០០ដុល្លារ ដែលគាត់បានខ្ចីដើម្បីទិញកប៉ាល់នោះ លោក JP Mancini II គ្រោងនឹងយកលុយដែលគាត់រកបានទៅរៀបចំនិងទិញកងនាវាជើងទឹក (កប៉ាល់) បន្ថែមទៀត រួមទាំងសម្លឹងមើលឱកាសវិនិយោគលើវិស័យអចលនទ្រព្យផ្សេងៗផងដែរ។
ជាចុងក្រោយអ្នកជំនួញធ្វើការតិចម៉ោងបំផុត JP Mancini II បានលើកឡើងយ៉ាងដូច្នេះថា៖ « ខ្ញុំមិនចូលចិត្តចំណាយប្រាក់ចំណូលណាមួយទេ។ ខ្ញុំប្រើវាដើម្បីបង្កើតការវិនិយោគផ្សេងទៀត។ ខ្ញុំបានដាក់ច្បាប់នេះសម្រាប់ខ្លួនឯងតាំងពីដំបូង។ ខ្ញុំមិនគួរជះលុយប្រើរបស់ប្រណិតទទេៗទេ ដូច្នេះខ្ញុំត្រូវតែរកឲ្យឃើញពីវិធីដែលរបស់ទាំងអស់នោះធ្វើការឲ្យខ្ញុំវិញ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦