ជាទូទៅនៅសហរដ្ឋអាមេរិក គេតែងឃើញតួអង្គឯកក្នុងរឿង John Wick ដែលមានឈ្មោះពិតថា Keanu Reeves ជាតារាសម្តែងលំដាប់ហូលីវូដ និងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញម្នាក់ រស់នៅដូចមនុស្សទូទៅធម្មតា បើក្រឡេកទៅមើលជីវិតឯកជនរបស់លោកវិញហាក់ជាមនុស្សស្ងៀមស្ងាត់ ទៅណាមកណាម្នាក់ឯង។ ដូច្នេះមានសំណួរជាច្រើនសួរថា ហេតុអ្វីបានជាលោកមានទ្រព្យសម្បត្តិរហូតដល់ទៅរាប់រយលានដុល្លារ ប៉ុន្តែបែរជាធ្វើខ្លួនសាមញ្ញបែបនេះ? ហើយហេតុអ្វីលោកអាចឆក់យកក្តីស្រលាញ់ពីមហាជន ស្ទើរតែគ្មានអ្នកស្អប់?
គ្រប់យ៉ាងមិនមែនជារឿងចៃដន្យទេ យោងតាមការចេញផ្សាយរបស់គេហទំព័រ The Suoney Horning Foralo បានឲ្យដឹងថា តាមពិត John Wick ឬ Keanu Reeves ទទួលបានការស្រលាញ់ច្រើនស្ទើរតែគ្មានអ្នកស្អប់ ព្រោះគេសង្កេតឃើញថា លោកមានលក្ខណៈពិសេសធំៗ៣ ខាងក្រោមនេះ៖
១/. ចិត្តល្អ
កាលពីពេលកន្លងទៅ ពេលកំពុងធ្វើដំណើរតាមរថភ្លើង Keanu Reeves បានលះបង់កន្លែងអង្គុយរបស់ខ្លួនឲ្យទៅស្ត្រីម្នាក់ ដោយគាត់សុខចិត្តឈរជំនួសវិញ ដែលសកម្មភាពនេះត្រូវបានអ្នករួមដំណើរលើរថភ្លើងជាមួយគ្នាលួចថតនិងបានដាក់បង្ហោះវីឌីអូនោះលើបណ្តាញអ៊ីនធឺណេតផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន ខណៈលោកមិនបានដឹងខ្លួនទាល់តែសោះ។ ក្រៅពីនេះ លោកក៏ត្រូវបានគេមើលឃើញថា ជាបុរសម្នាក់ដែលមានទឹកចិត្តល្អតែងដាក់ទានឲ្យអ្នកសុំទាន ឬជនទុរគតត្រូវការជំនួយជាញឹកញាប់ថែមទៀតផង។
២/. ដាក់ខ្លួន និងសាមញ្ញ
យោងតាមការចេញផ្សាយដោយគេទំព័រ caknowledge.com គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ បើទោះបីមានទ្រព្យ ៤០០លានដុល្លារ ជានិច្ចកាលគេតែងប្រទះឃើញ Keanu Reeves ដើរតាមដងផ្លូវសាធារណៈជាមួយស្បែកជើងធម្មតា ខោអាវសាមញ្ញៗ និងនាឡិការដៃមានតម្លៃធូរថ្លៃបំផុត។ មិនតែប៉ុណ្ណោះ លោកក៏បានអង្គុយជជែករួមទាំងចែកអាហារគ្នាញ៉ាំជាមួយជនក្រីក្រ និងជនអនាថា ដោយមិនប្រកាន់ខ្លួនឡើយ។
៣/. ច្នៃប្រវត្តិនៃការឈឺចាប់ ចេញជាក្តីស្រលាញ់
ម្តាយឪពុករបស់ Keanu Reeves បានលែងលះគ្នាតាំងពីលោកមានអាយុ ៣ឆ្នាំមកម្លោះ។ លោកត្រូវបានផ្លាស់ប្តូរសាលាជាញឹកញាប់ព្រោះតែសម្លេងរដិតពិបាកនិយាយ។ ឈានចូលដល់វ័យ ៣៥ឆ្នាំកូនស្រីរបស់លោកត្រូវបានស្លាប់ទាំងមិនទាន់បានឃើញពន្លឺថ្ងៃ ពីរឆ្លាំកន្លងផុតទៅប្រពន្ធបានចែកឋានទៅចោលលោកទៀត។ ទុក្ខជាន់ទុក្ខ សូម្បីតែប្អូនស្រីបង្កើតក៏ត្រូវបានរកឃើញថា កើតមានជំងឺមហារីកគ្រាប់ឈាម ជាពេលវាលាដែល Keanu Reeves ត្រូវប្រឹងធ្វើការផង និងមើលថែប្អូនស្រីផង។ រឿងឈឺចាប់កើតឡើងជាបន្តបន្ទាប់ លោកមិនបានអស់សង្ឃឹម ឬបោះបង់ខ្លួនឯងឲ្យរសាត់អណ្តែងតាមយថាកម្មឡើយ ផ្ទុយទៅវិញលោកបានបង្កើតគម្រោងមូលនិធិមួយឡើង មិនមែនដើម្បីជួយប្អូនស្រីតែម្នាក់ តែវាក៏ជាក្តីសង្ឃឹមសម្រាប់អ្នកមានជំងឺនេះរាប់លាននាក់នៅសហរដ្ឋអាមេរិកផងដែរ។
យ៉ាងណាមិញ តាមរយៈរឿងរ៉ាវរបស់តួអង្គ John Wick ឬលោក Keanu Reeves បានបង្ហាញថា មិនសំខាន់ទៅថាអ្នកជានរណា ឬមកពីណា ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និងលាភសការៈផ្សេងៗគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ។ អ្វីដែលសំខាន់ ត្រូវចេះចែករំលែកក្តីស្រលាញ់ ការគោរព និងការផ្តល់តម្លៃទៅកាន់អ្នកដទៃក្នុងនាមមនុស្សដូចគ្នា ជាបងប្អូន និងជាគ្រួសាររស់នៅលើភពផែនដីតែមួយ។ ម្យ៉ាងវិញទៀត បើអ្នកជួបរឿងខកបំណង ឆ្លងកាត់ការឈឺចាប់ខ្លាំង ឬបរាជ័យម្តងហើយម្តងទៀត ចូលកុំចុះចាញ់ណា ថ្ងៃរបស់អ្នកគង់មកដល់នៅពេលវេលាសមស្របណាមួយមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366