ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ពុំបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះទេ តែនឹងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីលោកបញ្ចប់កិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Reuters។
សេតវិមានបានឱ្យដឹងថាលោក ចូ បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយអគ្គលេខាធិការគណបក្សកម្មុយនិស្ដវៀតណាម លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) រួមទាំងមន្ត្រីកំពូលៗដទៃទៀតក្នុងទីក្រុងហាណូយ នាថ្ងៃទី១០ ខែកញ្ញាខាងមុខ អំពីបញ្ហាជាច្រើន រាប់ចាប់ពី បច្ចេកវិទ្យា សេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ និងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកប្រទេសនេះគឺជាដៃគូដ៏មានតម្លៃបំផុតមួយ សម្រាប់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន។
គួរជម្រាបផងដែរថា លោក ចូ បៃដិន ពុំបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៤៣ នៅក្នុងរដ្ឋធានាធីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តិធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញានេះនោះឡើយ ដោយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាអ្នកចូលរួមជំនួសវិញ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)