មហាសេដ្ឋី Bill Gates៖ ទោះ១០០ឆ្នាំទៀតក៏ AI មិនអាចជំនួស ការងារមានទីផ្សារ ៣ប្រភេទនេះដែរ
Ping Chou EngJULY 10 2025525 views

ទោះបីជាបច្ចប្បន្នបញ្ញាសិប្បនិមិត្ត (AI) បានកែប្រែនិងផ្លាស់ប្តូររបត់ឧស្សាហកម្មជាច្រើនក៏ដោយ ប៉ុន្តែនៅតែមានតួនាទីមូយចំនួនដែលម៉ាស៊ីនជំនួសមិនបាន។ ក្នុងនោះវេទិកាសេដ្ឋកិច្ចពិភពលោកក៏បានប៉ាន់ស្មានថា AI អាចនាំឱ្យបាត់បង់ការងារប្រហែល៨៥លានកន្លែងនៅទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។

បើតាមមហាសេដ្ឋី Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសំឡេងសំខាន់ក្នុងបច្ចេកវិទ្យា បានទាយទស្សន៍យ៉ាងមុតមាំថា ស្ថាបត្យករAI, អ្នកជំនាញថាមពល, ជីវវិទូ នឹងនៅតែជាវិជ្ជាជីវៈរបស់មនុស្ស ១០០% សូម្បីតែមួយសតវត្សរ៍តទៅមុខទៀត។

ទោះបីជាឆ្នាំ២០៣០ AI អាចនាំឱ្យបាត់បង់ការងារមនុស្សប្រហែល៨៥លានក្តី ប៉ុន្តែមហាសេដ្ឋី Bill Gates បានចង្អុលបង្ហាញថាផ្ទុយទៅ​វិញ AI ក៏អាចបង្កើតការងារ៩៧លានកន្លែង ដែលទាក់ទងនឹងបច្ចេកវិទ្យាកំពុងរីកចម្រើនអនេក។

ខណៈនេះជារបត់ផ្លាស់ប្តូរដ៏លំបាក ប៉ុន្តែវាអាចទទួលបានលទ្ធផលល្អ បើសង្គមអាចដឹកនាំការផ្លាស់ប្តូរនេះដោយប្រើ AI លើកកម្ពស់ជីវិតមនុស្ស ដើម្បីបង្កើនផលិតភាពមួយកម្រិតទៀត ហើយទុកពេលទំនេរឱ្យមនុស្សកាន់តែច្រើន សម្រាប់មានពេលអាចគ្រប់គ្រង AI ដោយឆ្លាតវៃ។

ជាការពិតមនុស្សជាអ្នកបង្កើតប្រព័ន្ធ AI ដូច្នេះពួកគេនឹងមិនបង្កើត​AI ដើម្បីបំផ្លាញការងាររបស់ខ្លួនឯងនោះទេ ខណៈពេលដែល AI បានបោះជំហានយ៉ាងសំខាន់ក្នុងការបង្កើតគំនិតថ្មីៗ ប៉ុន្តែវានៅតែខ្វះជំនាញនិងភាពច្បាស់លាស់។ ហេតុនេះមហាសេដ្ឋី Bill Gates នៅតែជឿជាក់ថាអ្នកសរសេរកម្មវិធីឬស្ថាបត្យករបច្ចេកវិទ្យា នៅតែមានសារៈសំខាន់សម្រាប់ការបំបាត់កំហុស កែលម្អ និងអភិវឌ្ឍន៍ AI វិញ។

យ៉ាងណាក៏ដោយ​​មហាសេដ្ឋី Bill Gates ក៏នៅតែលើកទឹកចិត្តនិងផ្តល់ដំបូន្មានដល់អ្នកជំនាញគ្រប់អាជីពទាំងអស់ឱ្យសិក្សារៀនសូត្រគំនិតនិងជំនាញថ្មីៗ ដើរឱ្យទាន់ការផ្លាស់ប្តូរនានារបស់បច្ចេកវិទ្យា AI និងសម្របខ្លួន ដោយប្រមើលមើលពីផលប៉ះពាល់វិវត្តន៍របស់វាលើទីផ្សារការងារ បើទោះបីជាបច្ចុប្បន្ន AI មិនទាន់ប៉ះពាល់ដល់ការងារអ្នកក៏ដោយ៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia