ជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលជាហ្វេនរថយន្ត Jeep ជាពិសេសបងប្អូនដែលមានបំណងចង់ទិញរថយន្តដែលជួយសន្សំខ្ពស់ និងជួយថែរក្សាបរិស្ថាន ត្រូវប៉ាន់តែម្តង ខណៈពេលនេះ Jeep គ្រោងបញ្ចេញរថយន្តអគ្គិសនីសុទ្ធលើកដំបូងបង្អស់របស់ខ្លួនហើយ ជាមួយតម្លៃជាង២ម៉ឺនដុល្លារនៅសហរដ្ឋអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាយកប្រតិបត្តិលោក Carlos Tavares បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញនូវរថយន្ត Jeep អគ្គិសនីសុទ្ធ តម្លៃ ២៥,០០០ដុល្លារនៅសហរដ្ឋអាមេរិក ”ឆាប់ៗនេះ” ដើម្បីទាក់ទាញអ្នកប្រើប្រាស់រថយន្តអគ្គិសិនីឱ្យកាន់តែប្រសើរឡើង។
Tavares បានបង្ហាញព័ត៌មានលម្អិតមួយចំនួនអំពីរថយន្តដែលនឹងមកដល់នាពេលខាងមុខ ដោយនិយាយថាការដាក់តម្លៃប្រហែល ២៥,000 ដុល្លារនៅក្នុងសហរដ្ឋអាមេរិកនេះ ដើម្បីធ្វើតាមតម្លៃរបស់ Stellantis នៃរថយន្ត Citroen e-C3 SUV ដែលជាម៉ូដែលតម្លៃទាបចាប់ពី ២៣,៣០០ អឺរ៉ូ ឬប្រហែល ២៥,២០០ដុល្លារនៅក្នុងទ្វីបអឺរ៉ុប។
គួរជម្រាបផងដែរថា ការផ្តល់ជូនរថយន្ត EV ថ្មីក្នុងតម្លៃជាង២ម៉ឺនដុល្លារនេះ គឺជាគោលដៅសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Stellantis, Tesla ហើយផ្សេងទៀត។ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុនផលិតរថយន្តរបស់ចិន ដូចជា BYD និង Nio កំពុងអនុវត្តការលក់ជាមួយតម្លៃធូរ ដើម្បីបង្កើនការលក់រថយន្ត EV របស់ខ្លួនកាន់តែដាច់ ទាំងក្នុង និងក្រៅប្រទេសចិន៕