បន្ទាប់ពីប្រទេសមហាអំណាចចំនួន៤ដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត ចិននិងឥណ្ឌា ដែលបានបង្កើតប្រវត្តិសាស្រ្តជោគជ័យលើការចុះចតយាននៅឋានព្រះច័ន្ទ ពេលនេះជប៉ុនបានក្លាយជាប្រទេសទី៥ហើយដែលបញ្ចូនយានទៅដល់ឋានព្រះច័ន្ទបានយ៉ាងជោគជ័យជាលើកដំបូង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP News បានឱ្យដឹងថាកាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:២០AM(ម៉ោងនៅទីក្រុងតូក្យូ) ប្រទេសជប៉ុនបានក្លាយជាប្រទេសទី៥ហើយដែលបានបញ្ចូនយានអវកាសមានឈ្មោះថា SLIM ទៅចុះចតនៅឋានព្រះច័ន្ទបានយ៉ាងជោគជ័យ បន្ទាប់ពីបរាជ័យ២លើករួចមកហើយលើបេសកម្មនេះ។
ទោះបីជាយ៉ាងណាមន្ត្រីអវកាសរបស់ជប៉ុនJAXA បានឱ្យដឹង Smart Lander for Investigating Moon ឬ SLIM បានសម្រេចគោលដៅបេសកកម្មរបស់ខ្លួនក្នុងការចុះចតយ៉ាងពិតប្រាកដ។
ប៉ុន្តែបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់យាននេះ បានបរាជ័យក្នុងការបង្កើតថាមពល ដែលជាហេតុធ្វើឱ្យវាអាចកាត់បន្ថយសកម្មភាពរបស់យាននៅទីឋានព្រះច័ន្ទ។ យ៉ាងណាមិញលោក Hitoshi Kuninaka ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រអវកាស បានបញ្ជាក់ថាយ៉ាងហោចណាស់ការបញ្ចូនយានលើកនេះសម្រេចបានជោគជ័យជាអប្បបរមា។
ក្នុងនោះនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនលោក Fumio Kishida បានបង្ហោះសារនៅលើបណ្តេញសង្គមX យ៉ាងដូច្នេះថា “ទោះមានបញ្ហាទាក់ទិននឹងបន្ទះស្រូបពន្លឺព្រះអាទិត្យក៏ដោយក៏នេះជាព័ត៌មានដ៏រីករាយមួយ”។
ដោយឡែកអ្នកគ្រប់គ្រងអង្គការអវកាស NASA របស់អាមេរិកលោក Bill Nelson ក៏បានកោតសរសើរចំពោះការចុះចតរបស់ SLIM ជាមួយនឹងសារនៅលើបណ្តេញសង្គម X ដោយបានអបអរសាទរប្រទេសជប៉ុន “ក្នុងការក្លាយជាប្រទេសទី ៥ជាប្រវត្តិសាស្ត្រ ដែលបានចុះចតដោយជោគជ័យលើឋានព្រះច័ន្ទ! យើងផ្តល់តម្លៃដល់ភាពជាដៃគូរបស់យើងនៅក្នុងការបន្តកិច្ចសហការ”។
គួរជម្រាបផងដែរថាបេសកកម្មនៃការបញ្ចូនយានអវកាសទៅឋានព្រះច័ន្ទរបស់ប្រទេសជប៉ុនកន្លងមកបានបរាជ័យ២លើករួចមកហើយ ដោយលើកទី១នៅឆ្នាំ២០២២ ក្រោយបញ្ជូនយានអវកាសដែលមានឈ្មោះថា Omotenashi ទៅឋានព្រះច័ន្ទនិងលើកទី២នៅឆ្នាំ២០២៣ បញ្ចុនដោយក្រុមហ៊ុនឯកជន ispace ជាមួយនឹងការបរាជ័យនៃការចុះចតព្រោះដាច់ទំនាក់ទំនងជាមួយយានអវកាស៕
អត្ថបទដោយ៖ ពីង ជូអេង