ជាងកាត់សក់វ័យក្មេងដែលទើបមកកម្ពុជា JB មានឈ្មោះពេញថា Jamiel Bustos ហាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសំណាក់សារធារណជន ខណៈលោកបានធ្វើរឿងធំៗ៣ ខាងក្រោមនេះ អាចកសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង សល់ប្រាក់រាប់លានដុល្លារ ត្រឹមវ័យ២០ឆ្នាំប៉ុណ្ណោះ៖
១/. ចំណងចំណូលចិត្ត និងការធ្វើជាប់លាប់៖ អន្ទឹត JB បានតាំងចិត្តយ៉ាងមុតមាំថាខ្លួនត្រូវតែជោគជ័យ ទោះបីកាលគ្រាដំបូងឪពុកម្តាយមិនគាំទ្រ និងមិនទុកចិត្តចំពោះសក្តានុពលនៃអាជីពជាអ្នកកាត់សក់របស់លោកក៏ដោយ។ JB បានប្រើមតិរិះគន់អវិជ្ជមានជាថ្នាំប៉ូវលើកទឹកចិត្តខ្លួនឯងប្រឹងសម្រេចក្តីស្រមៃឲ្យខានតែបាន។
២/. ខ្ចីដៃបណ្តាញសង្គមប្រើ៖ កំលោះ JB បានប្រើយុទ្ធសាស្ត្រផ្សព្វផ្សាយលើបណ្តាញសង្គម តាមរយៈការបង្ហោះវីឌីអូទាក់ទាញអំពីការកាត់សក់លើ TikTok រហូតដល់មានអ្នកតាមដានរាប់លាននាក់។ មាតិកា "Cutting Millionaires" របស់លោកបានក្លាយជាការពេញនិយមយ៉ាងខ្លាំង ជាពិសេសទាក់ទាញអតិថិជនដែលមានកេរ្តិ៍ឈ្មោះល្បី សេដ្ឋីប្រាក់លាន ធ្វើឲ្យ JB ឡើងក្រេឌីតកាន់តែខ្ពស់។
៣/. បណ្តាញទំនាក់ទំនង និងដំបូន្មានល្អៗ៖ អតិថិជនដែលជាម្ចាស់ជំនួញគ្រាក់ៗ បុគ្គលមានឥទ្ធិពល តារាល្បី តែងផ្តល់ដំបូន្មានល្អៗទៅកាន់កំលោះ JB ដែលអនុញ្ញាតឲ្យលោកយកមកអនុវត្តផ្ទាល់ក្នុងអាជីវកម្មឲ្យកាន់តែឆាប់រីកចម្រើនលឿន។
គួរជម្រាបផងដែរថា អន្ទិត Jamiel Bustos ឬហៅថា JB កើតនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០០៣ លើទឹកដីប្រទេសហ្វីលីពីន។ លោកចាប់ផ្តើមអាជីពជាជាងកាត់សក់នៅអាយុ ១៤ឆ្នាំ ដោយបានពង្រឹងជំនាញនេះតាមរយៈការអនុវត្តកាត់សក់ឲ្យខ្លួនឯងផ្ទាល់ បន្ទាប់មកកាត់ឲ្យមិត្តរួមថ្នាក់។ លុះអាយុ១៥ឆ្នាំ លោកបានធ្វើការជាកូនជាងកាត់សក់មួយកន្លែង ដែលជាឱកាសធ្វើឲ្យលោកបានរៀនពីបច្ចេកទេសក្នុងអាជីពនេះកាន់តែច្រើន។ រហូតដល់ឆ្នាំ២០២០ អំឡុងកូវីឌ-១៩កំពុងរាតត្បាត JB ចាប់ផ្តើមបង្ហោះវីឌីអូកាត់សក់លើ Tik Tok និងទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook