លោក Jack Ma គឺជាមហាសេដ្ឋីដ៏ល្បីល្បាញលំដាប់ពិភពលោកមួយរូប ដែលបច្ចុប្បន្នលោកមានទ្រព្យសម្បត្ដិរាប់ពាន់លានដុល្លារនៅក្នុងដៃ។ ដោយភាពមានរបស់មហាសេដ្ឋីជនជាតិចិននេះ គឺកើតចេញពីការរកស៊ីមុខជំនួញផ្នែកបច្ចេកវិទ្យា ដែលមានក្រុមហ៊ុនធំ Alibaba និងបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត។ យ៉ាងណា នៅពីក្រៅតែពីភាពជោគជ័យលើវិថីជំនួញបច្ចេកវិទ្យា លោក Jack Ma ក៏បោះទុនវិនិយោគរាប់លានដុល្លារលើវិស័យអចលនទ្រព្យផងដែរ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ South China Morning Post បានបង្ហាញឱ្យដឹងថា នៅពីក្រោយភាពជោគជ័យផ្នែកជំនួញក្នុងវិស័យបច្ចេកវិទ្យា លោក Jack Ma ក៏ធ្លាប់បាដាក់ទុនវិនិយោគជាច្រើនលានដុល្លារលើវិស័អចលនទ្រព្យផងដែរ៖
១. នៅក្នុងឆ្នាំ ២០១៥ លោកបានទិញផ្ទះមួយកន្លែងនៅទីក្រុង ហុង កុង ដែលមានតម្លៃរហូតដល់ 191 លានដុល្លារដែលជាតម្លៃថ្លៃជាងគេបំផុតនៅក្រុងហុងកុងបើគិតជាហ្វុតការ៉េ (មួយហ្វុតការ៉េ ស្មើនឹង092ម៉ែត្រការ៉េ) ហើយតម្លៃនៃការទិញផ្ទះនេះគឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ីនាពេលនោះផងដែរ
២. នៅឆ្នាំ ១០១៥ ដដែល សារព័ត៌មានអាមេរិក The Wall Street Journal ក៏បានរាយការណ៍ថា លោក Ma បានទិញដីមួយកន្លែងមានទំហំ ២៨,១០០ អេខ័រ ( ១១ ៣៧១ ហិកតា) ក្នុងទំហំទឹកប្រាក់ ២៣លានដុល្លារអាមេរិក ដែលមានទីតាំងនៅ Brandon Park ដែលជាតំបន់ភ្នំស្ថិតនៅទិសឥសាន្តនៃក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ ដីនោះមានផ្ទះពីរខ្នងអមដោយបឹងបួរ និងព្រៃព្រឹក្សាដ៏ស្រស់បំព្រង។ មួយឆ្នាំបន្ទាប់មក លោក Ma ក៏បានទិញដីចម្ការទំពាំងបាយជូទំហំ ២១០ អេខ័រ (៨៤ហិកតា) ស្ថិតនៅភាគត្បូងនៃប្រទេសបារាំងផងដែរ។
៣. ក្រៅពីការវិនិយោគជាលក្ខណៈបុគ្គល ក្រុមហ៊ុន Alibaba របស់លោក Jack Ma ក៏បានសម្រេចទិញភាគហ៊ុន ៥០ ភាគរយនៅក្នុងអគារពាណិជ្ជកម្ម AXA Tower នៅសឹង្ហបុរីក្នុងតម្លៃប្រមាណ 1.2 ពាន់់លានដុល្លារអាមេរិក កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post និង Financial Times។
៤. កាលពីខែ សីហា ឆ្នាំ 2020 នេះ ក្រុមហ៊ុន Alibaba ក៏បានសម្រេចទិញយកភាគហ៊ុនពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ E-House China Enterprise Holdings ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុនហុង កុង ក្នុងចំនួនទឹកប្រាក់ ១០៦ លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុន Alibaba មានចំណែកភាគហ៊ុន ១៣.៣ ភាគរយ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានសម្រេចបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់សរុប ៧១៦.៦ លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីឱ្យដាក់ដំណើការកម្មវិធី Tmall Haofang ដែលជាកម្មវិធីទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yicai Global ដែលមានមូលដ្ឋាននៅចិនចេញផ្សាយជាភាសារអង់គ្លេស៕
អត្ថបទដោយ៖ ឌឿក ស្រីនុត