បន្ទាប់ស្ងាត់បាត់ដំណឹងអស់រយៈពេលជាយូរឆ្នាំ មហាសេដ្ឋីចិន Jack Ma បានសំងំរៀនជំនាញថ្មីនៅប្រទេសដូចជា ប្រទេសថៃ ប្រទេសជប៉ុន និងប្រទេសហូឡង់ ដោយផ្តោតសំខាន់លើជំនាញកសិកម្ម។ហើយជាមួយគ្នានេះដែរ កាលពីពេលថ្មីៗកន្លងទៅក៏មានដំណឹងលេចឮពីរបរថ្មីរបស់មហាសេដ្ឋីរូបនេះដោយលោក ងាកទៅចាប់យករបរក្នុងវិស័យកសិកម្ម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក South China Morning Post បានឱ្យដឹងថា ក្រោយបញ្ចប់តួនាទីជា CEO នៅក្រុមហ៊ុនយក្ស Alibaba នៅក្នុងឆ្នាំ ២០១៩ លោក Jack Ma បានធ្វើដំណើរទៅក្រៅប្រទេសជាច្រើនលើក ដើម្បីស្វែងយល់អំពីការផលិតម្ហូបអាហារប្រកបដោយនិរន្តរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបើកអាជីវកម្មថ្មី ក្នុងវិស័យកសិកម្មនៅក្នុងប្រទេសចិន។
ប្រភពដដែលបានបន្តថា បច្ចុប្បន្នអាជីវកម្មថ្មីរបស់មហាសេដ្ឋីរូបនេះបានលេចចេញជារូបរាងហើយ ដែលត្រូវបានគេស្គាល់ថា 1.8 Meters Marine Technology (Zhejiang) Co មានទីតាំងស្ថិននៅ ទីក្រុង Hangzhou នៃខេត្ត Zhejiang ជាមួយនឹងទុនជាង ១៥លានដុល្លារអាមេរិក។ ចំពោះអាជីវកម្មថ្មីនេះដែរ ផ្តោតសំខាន់លើ ការចិញ្ចឹម ការដាំដុះ និងការកែច្នៃកសិផល។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនថ្មីនេះមិនមែនជាក្រុមហ៊ុនវិនិយោគសុទ្ធរបស់ Jack Ma តែម្នាក់ឯងនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏មានការចូលរួមវិនិយោគដោយភាគីផ្សេងទៀតផងដែរ មានក្រុមហ៊ុន Hangzhou Dajingtou No. 22 Arts and Culture Co Ltd ចូលរួម ១០% និងកិច្ចព្រមព្រៀងវិនិយោគនៅក្នុងប្រទេសចិន ជាមួយនឹងភាគហ៊ុន ១០ភាគរយផងដែរ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង