ការប្រកួតលើសមរភូមិវាលស្មៅរវាងក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី កាលពីយប់មិញនេះ ហាក់មានភាពតានតឹងខ្លាំងទម្រាំអាចរកឃើញអ្នកឈ្នះចាញ់បាន ដោយជាលទ្ធផលឥណ្ឌូនេស៊ី បានយកឈ្នះថៃ ៥ ទល់នឹង ២។
ក្នុងនោះគ្រូបង្វឹកក្រុមជម្រើសជាតិ U22 ថៃ ចង់ឈ្នះលើការប្រកួតនេះខ្លាំង ព្រោះលោក Issara Sritaro ធ្លាប់បានបង្ហាញបេសកម្មធំៗ២របស់ខ្លួនក្នុងថ្ងៃឡើងកាន់តំណែង ទីមួយគឺចង់ឈ្នះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទីពីរគឺនាំក្រុមកីឡាអូឡាំពិកថៃទៅប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនៅឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីសារព័ត៌មានថៃ Bangkok Post។
គួរជម្រាបផងដែរថា នាពេលកន្លងមក គណៈកម្មាធិការអូឡាំពិកថៃ បានដាក់គោលដៅឲ្យក្រុម U22 របស់ប្រទេសនេះ ដណ្ដើមបានមេដាយមាស ផ្នែកកីឡាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទឹកដីប្រទេសកម្ពុជា។ បើមិនដូច្នេះទេ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) លោក Somyot Poompanmoung នឹងត្រូវបង្ខំចិត្តលាលែងពីតំណែង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)