ជាដំណឹងរីករាយសម្រាប់កម្ពុជា ទីបំផុតរោងចក្រដំឡើងរថយន្ត ISUZU ដែលជាយីហោរបស់ជប៉ុន បានបើកដំណើរការជាផ្លូវការហើយ ដោយត្រូវបានវិនិយោគដោយក្រុមហ៊ុន K (Cambodia) Co., Ltd. ខណៈរោងចក្រដំឡើងរថយន្តមួយនេះមានតម្លៃប្រមាណ ៧.៣ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សារបស់គេហទំព័សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
យោងតាមប្រភពខាងលើបានឱ្យដឹងថា រោងចក្រខាងលើនេះត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីព្រឹកមិញក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមជម្រាបផងដែរថា គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (Cambodia)., LTD ដែលមានទុនវិនិយោគប្រមាណ ៧.៣ លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារដល់ពលរដ្ឋប្រមាណ ១៦៦ នាក់ ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ISUZU គឺជាម៉ាក់យីហោរបស់ប្រទេសជប៉ុន ដែលត្រូវបានក្រុមហ៊ុន K (Cambodia) Co., Ltd. បានទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា ដែលបានសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត