យោងតាមរដ្ឋបាលខេត្ដកំពង់ធំបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈខេត្តកំពង់ធំ បានមានជំនួបដាច់ដោយឡែកចំនួន ២ ជាមួយក្រុមហ៊ុនវិនិយោគិនចិន និងក្រុមហ៊ុនវិនិយោគិនអូស្រ្តាលី ដែលកំពុង ក៏ដូចជា សម្រេចចិត្តក្នុងការដាក់ទុនវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ជំនួបដំបូង ឯកឧត្ដមអភិបាលខេត្តបានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។
នៅក្នុងជំនួបនេះ ឯកឧត្ដម នួន ផារ័ត្ន បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីជំនួបខាងលើ ឯកឧត្ដមអភិបាលខេត្តក៏បានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី ហ្វាមីង ឌីវេឡុបម៉ិន ឯក. (J7-AAG Farming Development Co., Ltd) ដែលក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តដាក់ទុនវិនិយោគ និងមានគម្រោងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ធំ តាមរយៈការសម្លឹងឃើញអំពីសក្តានុពល និងកាលានុវត្តភាពជាច្រើនរបស់ខេត្ត។
បន្ថែមលើនេះ ឯកឧត្ដមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពីការត្រៀមរួចជាស្រេច ក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន នៅលើរាល់ឯកសាររដ្ឋបាលចាំបាច់នានា ដើម្បីធានាឱ្យដំណើរល្អប្រសើរនៃការវិនិយោគរបស់ក្រុមហ៊ុន៕