ច្នៃឲ្យអស់ថ្លៃ! ក្រៅពីយកសាច់ហូប ផ្លែទុរេនគឺអាច ផលិតច្នៃចេញជារបស់ប្លែកៗ ទាំងនេះបានទៀត
Ping Chou EngMAY 28 2025120 views

ទុរេន គឺជាផ្លែឈើមួយប្រភេទដែលពេញនិយមបំផុតក្នុងចំណោមប្រជាជនខ្មែរ និងទូទាំងអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញសេ្តចផ្លែឈើដែលមានក្លិនឈ្ងុយដិតនេះ និងមានតម្លៃថ្លៃធ្វើឲ្យគេរិះរកមធ្យោបាយផ្សេងៗដើម្បីកែច្នៃទុរេនឲ្យអស់លទ្ធភាព។ ខាងក្រោមនេះ គឺជាវិធីប្លែកៗក្នុងការកែច្នៃក្តិប និងសំបកទុរេន៖

. ផលិតផលថែរក្សាសម្រស់៖ តាមរយៈការសិក្សាថ្មីៗនេះរបស់ Chulalongkorn University ប្រទេសថៃបានឲ្យដឹងថា ក្តិបទុរេនមានផ្ទុកសារធាតុសកម្មមួយចំនួនដូចជា ប៉ិចទីន ប្រូសេអានីឌីន ដែលជួយផ្តល់សំណើម និងប្រឆាំងអុកស៊ីតកម្ម។ ហេតុដូចនេះហើយ ទើបគេអាចយកក្តិបទុរេនទៅផលិតជាក្រែមផ្តល់សំណើម និងសេរ៉ូមសម្រាប់ដោះស្រាយបញ្ហាស្បែកមុខស្ងួត និងជួយឲ្យស្បែកតឹងណែនជាដើម។

ក្រឡេកទៅមើលកសិករដាំដុះទុរេនគេតែងបេះក្តិបទុរេនមួយចំនួនចោលដោយទុកតែក្តិបណាដែលមានសុខភាពល្អតែប៉ុណ្ណោះ។តាមរយៈការស្រាវជ្រាវនេះដែរនឹងជួយកាត់បន្ថយការខ្ជះខ្ជាយបង្កើនចំណូលដល់កសិករក៏ដូចជាបំផុសគំនិតច្នៃប្រឌិតនៅក្នុងឧស្សាហកម្មគ្រឿងសម្អាងជាដើម។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ Supaart Sirikantaramas អ្នកជំនាញផ្នែកជីវៈគីមី មកពីសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃ។

. ផលិតជី៖ សំបកទុរេនដែលសល់បន្ទាប់ពីការយកសាច់បរិភោគ ពិតជាអត្ថប្រយោជន៍ដែលនឹកស្មានមិនដល់។ បើយោងតាមសារព័ត៌មាន KHANH HOA NEWS របស់ប្រទេសវៀតណាមបានឲ្យដឹងថា សំបកទុរេនអាចផលិតចេញជាជីប្រភេទ Biochar និង Wood vinegar ដែលជា​ប្រេងមានសមត្ថភាពអាច ជួយឲ្យរុក្ខជាតិលូតលាស់បានល្អ រឹងមាំ ធន់នឹងជំងឺ និងការពារសត្វល្អិតជាដើម។

បើតាមលោក Nguyen Van Xuan នាយកក្រុមហ៊ុន Resa Energy Joint Stock Company បានរៀបរាប់ឲ្យដឹងពីដំណើរការនៃការផលិតនេះថាដំបូងលោកធ្វើកាបូននីយកម្មសំបកទុរេននៅក្នុងឡដែលមានកម្តៅក្តៅខ្លាំងដើម្បីទទួលបានផលិតផលសម្រេច។ លោកបន្តថាប្រេង Wood vinegar  អាចលក់ចេញបានក្នុងតម្លៃពី១០ទៅ១៥ម៉ឺនដុងក្នុង១លីត្រឯណោះ ហើយគេពេញនិយមប្រើវាសម្រាប់ការបំប៉នរុក្ខជាតិជាច្រើនប្រភេទ។ 

ក្នុងនោះក្រៅពីវិធីខាងលើនេះ ក៏នៅមានវីធីផ្សេងៗទៀតក្នុងការកែច្នៃសាច់ សំបក និងគ្រាប់ទុរេនផងដែរ។ លើសពីនេះ ទុរេនក៏មានប្រយោជន៍ជាច្រើននៅក្នុងវិស័យ កសិកម្ម សុខាភិបាល និងទេសចរណ៍ជាដើម៕

អត្ថបទដោយ៖ ដារ៉ូ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia