មេធំផ្សារហ៊ុន ប្រាប់ពីរបៀបវិនិយោគបែបសន្សំ បើចង់បង្កើតចំណូលបន្ថែម បង្គរជាទ្រព្យរយៈពេលវែង
Toeuy HongSEPTEMBER 2 2024317 views

បច្ចុប្បន្នបើយើងនិយាយពីការវិនិយោគ បងប្អូនមួយចំនួនមានការខ្លាចរអាដោយសារតែបរិបទប្រទេសយើងពលរដ្ឋជាច្រើនបានជួបការចាញ់បោកគេក្នុងការវិនិយោគខាតបង់លុយអស់រាប់ពាន់រាប់ម៉ឺនដុល្លារ។

 

ទាក់ទងនឹងការវិនិយោគនេះដែរ ឯកឧត្ដម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) បានចែករំលែកក្បួនវិនិយោគបែបសន្សំនៅលើផ្សារហ៊ុនដែលជាការវិនិយោគស្របច្បាប់មិនខ្លាចចាញ់បោកគេហើយអនាគតនឹងសល់ទ្រព្យ សល់លុយបង្កើតប្រភពចំណូលរយៈពេលវែង។

 

ចំពោះក្បួនវិនិយោគបែបសន្សំនេះគឺឯកឧត្ដមណែនាំឲ្យវិនិយោគនៅលើផ្សារហ៊ុនកម្ពុជាដោយដាក់ផែនការវិនិយោគជាប្រចាំជារៀងរាល់ខែ។ ឧទាហរណ៍បងប្អូនអាចដាក់ផែនការវិនិយោគប្រចាំខែទៅតាមលទ្ធភាពរបស់ខ្លួនឯង។

 

 ត្រង់នេះឧទាហរណ៍ជារៀងរាល់ខែ អ្នកអាចដកលុយ៥០ដុល្លារយកមកទិញហ៊ុនសន្សំនៅលើផ្សារហ៊ុន នោះអ្នកនឹងចាប់ផ្ដើមសន្សំភាគហ៊ុនបន្តិចម្ដងៗ។ ការវិនិយោគទិញហ៊ុនជាប្រចាំបែបនេះ អនាគតទៅអ្នកនឹងមានភាគហ៊ុនច្រើន ហើយជាលទ្ធភាពពេលបងប្អូនវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលគេរកស៊ីចំណេញរាល់ឆ្នាំ បងប្អូននឹងទទួលបានប្រាក់ចំណូលតាមរយៈភាគលាភ។

 

 ជាក់ស្ដែងបច្ចុប្បន្នភាគហ៊ុនរបស់ធនាគារ អេស៊ីលីដានៅលើផ្សារមូលបត្រកម្ពុជា( ផ្សារហ៊ុនកម្ពុជា) មានតម្លៃប្រមាណ៧,៥០០រៀលក្នុងមួយហ៊ុន។ ដូច្នេះបើអ្នកដាក់ផែនការដកលុយ៥០ដុល្លារមកវិនិយោគទិញហ៊ុនអេស៊ីលីដាសន្សំប្រចាំខែនោះមួយខែអ្នកអាចទិញហ៊ុន អេស៊ីលីដាបានប្រមាណ២៥ហ៊ុនដែរ។ ហើយបើអ្នកបន្តវិនិយោគទិញហ៊ុនសន្សំជារៀងរាល់ខែទៀតនោះអ្នកនឹងមានភាគហ៊ុនធនាគារ អេស៊ីលីដាកាន់តែច្រើន ហើយពេលអេស៊ីលីដារកស៊ីចំណេញ ហើយចែកភាគលាភនោះអ្នកនឹងទទួលបានភាគលាភកាន់តែច្រើន។

 

ឧទាហរណ៍បើអ្នកកាន់ហ៊ុន អេស៊ីលីដាចំនួន៥ពាន់ហ៊ុនហើយធនាគារ អេស៊ីលីដាចែកភាគលាភចំនួន៧០០រៀលក្នុងមួយហ៊ុននោះអ្នកនឹងទទួលបានប្រាក់ខែភាគលាភសរុប៣,៥០០,០០០រៀល។

 

 ដូច្នេះការវិនិយោគលើផ្សារហ៊ុនបើអ្នកវិនិយោគបែបសន្សំវិនិយោគជាប្រចាំខែ អ្នកនឹងសល់ទ្រព្យជាភាគហ៊ុនដែលបង្កើតជាប្រភពចំណូលតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃជាដើម។ ចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia