ក្រុមហ៊ុនដ៏ធំមកពីចិន គ្រោងបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនៅខេត្ត១នេះ របស់កម្ពុជា
ធី ស្រីល័ក្ខAPRIL 9 2025581 views

ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល កំពុងតែគ្រោងមកដាំដំណាំស្វាយចន្ទីនៅខេត្តកំពង់ធំផងដែរ។

 

ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd.។

២៧

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី Kampu Nuts Agro Product Co., Ltd. ស្ថិតនៅខេត្តកំពង់ធំ ដែលបានសម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង ហើយឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស នៅក្នុងឧស្សាហកម្មស្វាយចន្ទី។

២៨

បន្ថែមពីលើនេះទៀត ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជាបច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើយ៉ាងទទូចឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេសការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។

២៩

ជាចុងក្រោយ តំណាងគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាមសំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia