ល្បីអ្នកមានៗយកលុយទៅទុកនៅធនាគារស្វីស ដឹងអត់ថាធនាគារស្វីសឱ្យការប្រាក់ប៉ុន្មាន?
Toeuy HongJUNE 24 20223.5 K views

ធនាគារនៅប្រទេសស្វីសគឺជាធនាគារអន្តរជាតិដែលមានប្រជាប្រិយភាពបំផុត និងមានបណ្ដាអ្នកវិនិយោគជាច្រើនប្រទេសដែលដាក់ប្រាក់បញ្ញើនៅទីនោះ។ ដោយឡែកបើនិយាយអំពីអត្រាការប្រាក់វិញធនាគារនៅប្រទេសនេះ មិនផ្ដល់ការប្រាក់ឱ្យអតិថិជនទេ ផ្ទុយទៅវិញអតិថិជនដែលផ្ញើប្រាក់គឺត្រូវជាអ្នកបង់ការប្រាក់ទៅឱ្យធនាគារវិញ(ការប្រាក់អវិជ្ជមាន) ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SWI swissinfo.ch​។

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ធនាគារកណ្ដលរបស់ប្រទេសស្វីសបានកំណត់សម្រេចអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន -០.២៥%។ ត្រង់ចំណុចនេះមានន័យថា នៅពេលដែលអតិថិជនទាំងអស់មិនថាប្រជាជនរបស់ស្វីស ឬក៏អ្នកជំនួញពីបរទេស ដាក់ប្រាក់បញ្ញើនៅធនាគារស្វីសគឺត្រូវបង់ការប្រាក់ទៅឲ្យធនាគារស្វីស។

ប្រភពដដែលបានឱ្យដឹងថា អត្រាការប្រាក់អវិជ្ជមាន (យកការប្រាក់ពីអ្នកផ្ញើប្រាក់) គឺកើតចេញពីការកំណត់របស់ធនាគារជាតិនៃប្រទេសស្វីសផ្ទាល់។ ក្រោយពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ បានធ្វើឱ្យធនាគារកណ្ដាលជាច្រើនចាត់វិធានការថ្មីជាបន្តបន្ទាប់ ដើម្បីរក្សាវិស័យធនាគារមិនឱ្យដួលរលំ និងបញ្ចៀសការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលអាចនឹងកើតមាន។ វិធានការទាំងនោះរាប់បញ្ចូលទាំងការកាត់បន្ថយអត្រាការប្រាក់ឱ្យមកកម្រិតទាបជាប្រវត្តិសាស្រ្តតែម្ដង ខណៈនៅអាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូមានអត្រាការប្រាក់នៅកៀកៗសូន្យ។ ដោយឡែកលុយហ្រ្វង់របស់ស្វីស ជាធម្មតាត្រូវបានប្រើជារូបិយប័ណ្ណដែលមានសុវត្ថិភាពក្នុងគ្រាដែលមានវិបិត្តសេដ្ឋកិច្ច ដូច្នេះធនាគារជាតិរបស់ស្វីសបានបង្ខំចិត្តទាញអត្រាការប្រាក់ឱ្យធ្លាក់មកនៅក្រោមសូន្យ (អវិជ្ជមាន) ដើម្បីជៀសវាងកុំឱ្យរូបិយប័ណ្ណហ្រ្វង់បាត់បង់ស្ថេរភាព។

បើទោះបីជា ធនាគារនៅស្វីសកំណត់ការប្រាក់អវិជ្ជមានបែបនេះក្ដីក៏នៅតែអាចទាក់ទាញមនុស្សជាច្រើនឱ្យយកលុយទៅផ្ញើនៅទីនោះ ព្រោះថាស្វីសធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជន។ ជាក់ស្ដែងមិនថាសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិខ្លាំងប៉ុណ្ណាទេ ប្រទេសស្វីសនៅតែអាចរក្សាតម្លៃរូបិយប័ណ្ណហ្វ្រង់ ព្រមទាំងរក្សាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួនបានយ៉ាងល្អ។ អាស្រ័យហេតុនេះហើយទើបធនាគារស្វីសគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ឱ្យអ្នកមានទ្រព្យសម្បត្តិច្រើននាំយកប្រាក់របស់ពួកគេទៅរក្សាទុកនៅទីនោះ ដោយសុខចិត្តចំណាយលុយបង់ការប្រាក់ដើម្បីរក្សាសុវត្ថិភាព និងត្រៀមខ្លួនទុកមុនពេលមានបញ្ហាធ្ងន់ធ្ងរ ឬជួបនឹងវិបត្តិនឹកស្មានមិនដល់អ្វីមួយ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia