ក្រុមសហគ្រិន និងអ្នកប្រើប្រាស់ឥណ្ឌាមួយចំនួនធំ កំពុងអំពាវនាវឲ្យប្រជាជនខ្លួន ធ្វើពហិការឈប់ទិញទំនិញពីសហរដ្ឋអាមេរិក ដោយសារកត្តាធំៗ ២។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter នាថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៥។
១/. ពន្ធនាំចូល ៥០% ពីអាមេរិក៖ រដ្ឋាភិបាលអាមេរិក ដឹកនាំដោយប្រធានាធិបតី Donald Trump បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌាដល់ ៥០%។ ការដំឡើងពន្ធនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិត និងអ្នកនាំចេញឥណ្ឌា ខណៈបង្ករការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអំពាវនាវឲ្យឈប់គាំទ្រទំនិញអាមេរិកដូចជា McDonald’s, Coca-Cola, Amazon និង Apple ជាដើម។
២/. លើកទឹកចិត្តប្រើផលិតផលក្នុងស្រុក “Made in India” និងការស់ដោយខ្លួនឯង៖ រដ្ឋាភិបាលឥណ្ឌា និងសមាគមជាតិនិយម បានអំពាវនាវឲ្យប្រជាជនងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ដើម្បីពង្រឹងសេដ្ឋកិច្ចឥណ្ឌា និងកាត់បន្ថយការពឹងផ្អែកលើទំនិញបរទេស។
នេះជាការបន្តទស្សនៈ “Self-Reliance” ដែលមានដើមកំណើតចេញពីចលនា Swadeshi ក្នុងសម័យឯករាជ្យឥណ្ឌា ដែលប្រជាជនបានពហិការទំនិញអង់គ្លេស ហើយផលិតនិងប្រើ “Khadi” (ក្រណាត់ជាតិ) ដើម្បីគាំទ្រផលិតកម្មក្នុងស្រុក។ សព្វថ្ងៃ អាជីវកម្មឥណ្ឌាជាច្រើនកំពុងបង្កើតផលិតផលជំនួសទំនិញអាមេរិក ដូចជា ប្រព័ន្ធទំនាក់ទំនងសង្គម ឬកម្មវិធីឌីជីថលដែលផលិតដោយឥណ្ឌាផ្ទាល់តែម្តង។
គួរជម្រាបផងដែរថា យោងតាមទិន្នន័យពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក ក្នុងឆ្នាំ២០២៤ ឥណ្ឌាបាននាំចូលទំនិញពីអាមេរិកតម្លៃ ៤១,៥ ពាន់លានដុល្លារ កើនឡើង ៣% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះផលិតផលសំខាន់ៗមានដូចជា ប្រេង, ផ្នែកយន្តហោះ និងឧបករណ៍ហោះហើរ, ម៉ាស៊ីន និងឧបករណ៍ឧស្សាហកម្ម, ថ្នាំ និងផលិតផលវេជ្ជសាស្រ្ត, ឧបករណ៍អេឡិចត្រូនិក និងគ្រឿងបន្លាស់កុំព្យូទ័រ ជាដើម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook