ទម្លាប់សន្សំលុយគឺជារឿងល្អ ចុះបន្ទាប់ពីសល់លុយ តើគេនឹងធ្វើអ្វីទៀត ដើម្បីជំនួសឱ្យការទុកលុយចោល ឬការពារកុំឱ្យចាយអស់វិញ? ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញរឿងធំៗទាំង ៥ ដែលអ្នកត្រូវធ្វើ បើបច្ចុប្បន្នសល់លុយ ១ម៉ឺនដុល្លារ ក្នុងកុងធនាគារ៖
១/. ដោះបំណុល៖ ប្រសិនបើអ្នកកំពុងមានបំណុល សូមប្រញាប់យកលុយទាំងនោះទៅសងគេសិន ព្រោះអ្នកមិននៅជំពាក់គេយូរពេកទេ។ ដោយសារតែបំណុលគឺជាឧបសគ្គមិនល្អមួយ ដូច្នេះអ្នកត្រូវលៃយ៉ាងណា បញ្ចប់វាឱ្យអស់ បានកាន់តែឆាប់កាន់តែល្អ អ្នកមានលុយសល់ពិតមិនសូវមានន័យប៉ុន្មានទេដរាបណាអ្នកមិនទាន់អស់បំណុល។
២/. វិនិយោគ៖ ប្រសិនបើករណី អ្នកគ្មានបំណុល ហើយមិនទាន់មានតម្រូវការចាំបាច់សម្រាប់ប្រើ អ្នកអាចជ្រើសរើសធ្វើការវិនិយោគ ដោយការទិញភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាទុក ឬក៏ទិញទ្រព្យសម្បត្តិដូចជា ដី តូបក្នុងផ្សារ ឬក៏អ្វីផ្សេងទៀតសម្រាប់ដាក់ជួលក៏ ឬទុកលក់ពេលឡើងថ្លៃក៏បាន។
៣/. ប្ដូរគណនីសន្សំ៖ បើអ្នកមិនចង់វែងឆ្ងាយ ឬមិនចង់ស្មុគស្មាញ និងមិនទាន់ត្រូវការលុយរយៈពេលយូរទៀត អ្នកអាចជ្រើសរើសបង្កើតគណនីសន្សំមានកាលកំណត់នៅធនាគារ ដែលអាចផ្ដល់អត្រាការប្រាក់ល្អ។ ធ្វើបែបនេះប្រសើរជាងទុកលុយចោល លុយក៏មានសុវត្ថិភាព ហើយចំណេញការប្រាក់រាល់ឆ្នាំថែមទៀត។
៤/. បែងចែកលុយ៖ ជាមួយនឹងលុយ ១ម៉ឺនដុល្លារឬលើសនេះ លោកអ្នកក៏អាចបង្កើតគណនីសន្សំទី២ផងដែរ ដោយទី១ទុកជាគណនីសង្គ្រោះបន្ទាន់ រីឯគណនីទី២គឺទុកសម្រាប់ចំណាយលើគោលដៅដែលអ្នកចង់បានដូចជា ទិញរបស់អ្វីមួយដែលសំខាន់សម្រាប់អ្នកជាដើម។
ការបំបែកគណនីសន្សំគឺសម្រាប់អ្នកដែលមានគោលដៅចង់ធ្វើនេះចង់ធ្វើនោះច្រើន គណនីអាចមានលើសពី២ព្រោះមនុស្សម្នាក់ៗមានរឿងចង់ធ្វើច្រើន។ ទោះយ៉ាងណាក្នុងចំណោមគណនីទាំងអស់ត្រូវមានគណនីសង្រ្គោះបន្ទាន់មួយ ហើយការបំបែកបែបនេះអាចជួយឱ្យយើងមានទឹកចិត្តសន្សំលុយកាន់តែច្រើន។
៥/. ចាត់ចែងឱ្យកូន៖ បើអ្នកមានគ្រួសារហើយ លុយ១ម៉ឺនដុល្លារ ក៏អាចដាក់ចូលទៅក្នុងគណនីសន្សំអាណាព្យាបាល អ្នកអាចទុកលុយនោះសម្រាប់ឱ្យកូនៗប្រើប្រាស់ពេលពួកគេឈានជើងចូលរៀននៅមហាវិទ្យាល័យនៅថ្ងៃខាងមុខ ធ្វើបែបនេះអ្នកនឹងលែងភ័យខ្លាចចំពោះការខ្វះខាតថ្ងៃបង់សាលាឱ្យកូន។
យ៉ាងណាមិញ មិនថាលុយច្រើន ឬតិច របៀបចាត់ចែងលុយគឺពិតជាសំខាន់ណាស់ បើអ្នកបែងចែកវាមិនបានល្អទេ ទោះបីរកលុយបានច្រើនប៉ុនណា ក៏ពិបាកសល់ដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook