នៅថ្ងៃអង្គារនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិចាប់ផ្ដើមហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅព្រឹកនេះ ហាងឆេងមាសឡើងថ្លៃចំនួន៤០ដុល្លារ ឡើងដល់៣៣៩១ដុល្លារក្នុងមួយអោន(ស្មើនឹង៤០៨៥ដុល្លារក្នុងមួយតម្លឹង) ចំណែកហាងឆេងមាសក្នុងស្រុកយើងឡើងដល់៤០៨ដុល្លារក្នុងមួយជី។
ហាងឆេងមាសបានចាប់ផ្ដើមឡើងថ្លៃខ្លាំងដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមចុះខ្សោយ។ ពេលនេះសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់មកត្រឹម៩៧។ ក្រៅពីប្រាក់ដុល្លារចុះខ្សោយដែលរុញតម្លៃមាសឲ្យឡើងថ្លៃ ការធ្លាក់ចុះនៃទិន្នផលបណ្ណបំណុលរយៈពេល១០ឆ្នាំរបស់អាមេរិកក៏ជាកត្តារួមផ្សំដែលធ្វើតម្លៃហាងឆេងមាសឡើងថ្លៃផងដែរ។
គួរបញ្ជាក់ផងដែរថានៅអំឡុងឆ្នាំ២០២៥និង២០២៦ តម្លៃមាសត្រូវបានអ្នកជំនាញព្យាករថានឹងឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ លោកស្រី Pawan Nawawattanasub នាយកប្រតិបត្តិនៃក្រុមហ៊ុនជួញដូរមាស YLG Groupហាងឆេងមាសអន្តរជាតិអាចនឹងឡើងដល់៣៦៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៤,៤០០ដុល្លារក្នុងមួយតម្លឹង)នៅអំឡុងឆមាសទី២ឆ្នាំ២០២៥នេះ។
លោកស្រីថាមានកត្តាជាច្រើនដែលរុញតម្លៃមាសឲ្យបន្តហក់ឡើង ដោយក្នុងនោះមានដូចជា ភាពមិនច្បាស់លាស់នៃសកលរាប់ចាប់ពីភាពតានតឹងនៃពាណិជ្ជកម្មនិងបញ្ហាភូមិសាស្រ្តនយោបាយ។ លើសពីនេះការប្រមូលទិញមាសពីធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើនក្នុងលោកក៏នឹងរុញតម្លៃមាសឲ្យឡើងថ្លៃផងដែរ៕