កាលពីថ្មីៗនេះ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា និងគណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency)។
នៅក្នុងកិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមានការចូលរួមពីគណៈប្រតិភូក្រុមការងារសហព័ន្ធស្វាយចន្ទីកម្ពុជាជាច្រើនរូបផងដែរ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុនកូរ៉េក៏បានបង្ហាញពីគោលបំណងលើការកែច្នៃប្រេង និងឧស្ម័នពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជាសម្រាប់នាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារសក្តានុពលក្នុងតំបន់ដទៃទៀត។បន្ទាប់ពីជំនួបក្រោមការសម្របសម្រួលដោយសហព័ន្ធស្វាយចន្ទីកម្ពុជា គណៈប្រតិភូនៃទីភ្នាក់ងារថាមពលកូរ៉េ (The Korea Energy Agency) នឹងបន្តដំណើរទស្សនកិច្ចចុះសិក្សាផ្ទាល់នៅចំការស្វាយចន្ទីដែលស្ថិតនៅក្នុងខេត្តកំពង់ធំផងដែរ៕