ជាឱកាសល្អខ្លាំងណាស់សម្រាប់កូនខ្មែរដែលអាចទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសពីក្រុមហ៊ុនយក្សកូរ៉េខាងត្បូង HD HYUNDAI HEAVY INDUSTRIA ដោយក្រុមហ៊ុននេះនឹងចូលខ្លួនមកបណ្តុះបណ្តាលកូនខ្មែរលើជំនាញ ឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់។
ថ្លែងក្នុងជំនួបកិច្ចពិភាក្សាត្រីភាគីជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA បានឯកភាពលើការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់។
ក្នុងជំនួបដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សហកម្មធុនធ្ងន់មួយនេះ។ ទន្ទឹមនឹងនេះ ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលជំនាញឧស្សាហកម្មធន់ធ្ងន់របស់កូរ៉េខាងត្បូងនេះនិងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១.៥លាននាក់ ដែលទើបនឹងដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ៕