ធនាគារធំបំផុតនៅអឺរ៉ុបHSBCរើបង្វិចចេញពីការិយាល័យខ្ពស់កប់ពពកខណៈការចំណាយកាន់តែថ្លៃ
Toeuy HongJUNE 27 20231.3 K views

ធនាគារ HSBC ធនាគាររបស់អង់គ្លេសដែលជាធនាគារធំបំផុតនៅអឺរ៉ុបកំពុងជួបព្យុះជួបភ្លៀងដោយកាលពីពេលថ្មីៗនេះ ធនាគារមួយនេះបានសម្រេចលក់កម្ចីក្នុងអចលនទ្រព្យទាំងខាតដើម្បីដោះខ្លួនចេញពីកម្ចីប្រភេទនេះខណៈទីផ្សារអចលនទ្រព្យប្រភេទអគារពាណិជ្ជកម្មចាប់ផ្ដើមថយចុះ។

ក្រោយពីលក់កម្ចីអចលនទ្រព្យហើយនោះ ធនាគារនេះក៏ចាប់ផ្ដើមរើបង្វិចរើចេញពីការិយាល័យដ៏ប្រណិតនិងថ្លៃបំផុតនៃអគារ Canary Wharf ភាគខាងកើតទីក្រុងឡុងហើយប្ដូរទីតាំងទៅជួលការិយាល័យតូចៗជំនួសអគារលំដាប់ខ្ពស់កប់ពពកវិញម្ដង។

 បើយោងតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ធនាគារ HSBC របស់អង់គ្លេសបានរើចេញពីការិយាល័យដ៏ធំរបស់ខ្លួននៃអគារ Canary Wharf ដើម្បីកាត់បន្ថយចំណាយខណៈសេដ្ឋកិច្ចសកលកាន់តែថយចុះការចំណាយលើការជួលកាន់តែថ្លៃ។ មួយវិញទៀតការរើចេញនេះគឺដើម្បីរៀបចំបរិយាកាសធ្វើការជាលក្ខណៈកូនកាត់ដោយរៀបចំឲ្យមានការធ្វើការពីផ្ទះផងនិងធ្វើការនៅការិយាល័យផង។

បើយោងតាមសម្ដីរបស់លោក Noel Quinn នាយកប្រតិបតិ្តរបស់ធនាគារ HSBC បានឲ្យដឹងកាលពីឆ្នាំ២០២១កន្លងទៅថា ធនាគារមានផែនការក្នុងការកាត់បន្ថយការប្រើប្រាស់អចលនទ្រព្យតាមរយៈការជួលឲ្យបាន៤០%ក្នុងរយៈពេល២ទៅ៣ឆ្នាំ ដូច្នេះការរើសចេញពីអគារ Canary Wharf របស់ HSBC ក៏ជាផ្នែកមួយធ្វើទៅតាមផែនការដែលបានគ្រោងទុកផងដែរ។

 ការផ្លាស់ប្ដូរការិយាល័យរបស់ HSBC បានធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យជាពិសេសអលនទ្រព្យប្រភេទអគារពាណិជ្ជកម្មបានថយចុះជាលំដាប់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះធនាគារHSBCនៅអាមេរិកគឺកំពុងស្ថិតនៅក្នុងដំណើរការលក់កម្ចីអចលនទ្រព្យពាណិជ្ជកម្ម( Commercial real estate) រាប់សិបលានដុល្លារដោយលក់ទៅឲ្យអ្នកអភិវឌ្ឍនអចលនទ្រព្យជាអ្នកាន់កាប់ផ្ទាល់ហើយលក់ក្នុងតម្លៃធូរថ្លៃពោលគឺលក់ទាំងខាតតែម្ដង ខណៈទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មកំពុរង្គេះរង្គើ។

 គួរបញ្ជាក់ផងដែរថា HSBC គឺជាធនាគារសកលរបស់អង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៦៥ ហើយគិតត្រឹមឆ្នាំ២០២១ ធនាគារចាស់វស្សាមួយនេះមានបគ្គលិកប្រមាណជាង២២ម៉ឺននាក់ជាមួយនឹងទ្រព្យសកម្មរបស់ខ្លួនរហូតដល់ទៅ២.៩៦ពាន់ពាន់លានដុល្លារ ហើយធនាគារនេះក៏ធ្វើការពង្រីកខ្លួនទូទាំងពិភពលោកផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia