ដំណឹងល្អ! ក្រុមហ៊ុនដ៏ធំមកពីម៉ាឡេស៊ី ចង់មកបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូម៉ាក Yamaha នៅកម្ពុជា
ធី ស្រីល័ក្ខJUNE 26 2025601 views

កាលពីថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Hoo Wan Tim អគ្គនាយកក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មម៉ាទ្បេស៊ីប្រចាំកម្ពុជា។

នៅក្នុងជំនួបនេះ ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. បានបង្ហាញពីគោលបំណងបង្កើតរោងចក្រផ្គុំដំទ្បើងម៉ូតូម៉ាក Yamaha នៅកម្ពុជា។ 

ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុនបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីសិក្សាបន្ថែមពីបរិស្ថានវិនិយោគ។

៤៩

ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពគម្រោងផ្គុំដំទ្បើងទោចក្រយានយន្តមួយចំនួនដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងរបបលើកទឹកចិត្តដល់គម្រោងវិនិយោគផ្គុំ និងដំទ្បើងទោចក្រយានយន្ត។ 

គួរជម្រាបថា ក្រុមហ៊ុន Hong Leong Yamaha Motor Co., Ltd. គឺជាក្រុមហ៊ុនផលិតម៉ូតូម៉ាក Yamaha នៅប្រទេសម៉ាទ្បេស៊ីតាំងពីឆ្នាំ១៩៧៩ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Leong Group ដែលមានសកម្មភាពអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ហិរញ្ញវត្ថុ, កម្មន្តសាល, ការអភិវឌ្ឍអចលនទ្រព្យ, បដិសណ្ឋារកិច្ច៕

៥០

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia