លោក Makara Mbo ស្ថាបនិកក្រុមហ៊ុន System KH ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មប្រព័ន្ធគ្រប់គ្រងការលក់អនឡាញតាមបណ្ដាញសង្គមហ្វេសហ៊ុកគឺជាអ្នកជំនាញរកចំណូលតាមអនឡាញតាមរយៈការផ្ដល់សេវាកម្មទីផ្សារអនឡាញ ដោយអាជីវកម្មរបស់លោកគឺផ្ដល់បច្ចេកទេសជួយទៅដល់អ្នកលក់អនឡាញក្នុងការបង្កើនចំណូលពីការលក់។
មុននឹងលោកបង្កើតអាជីវកម្មរកចំណូលតាមអនឡាញ ដំបូងឡើយលោកគឺជាអ្នកលក់ដូរធម្មតាម្នាក់ដោយទិញទំនិញពីប្រទេសថៃមកដាក់លក់តាមតូចឲ្យតំណែងចែកចាយ។ អំឡុងឆ្នាំ២០១៧ក្រុមហ៊ុនថៃបានអញ្ជើញគាត់ឲ្យទៅរៀនពីរបៀបលក់តាមហ្វេសប៊ុក។ បន្ទាប់ពីបានទៅរៀននៅថៃដឹងពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេកក្នុងការលក់ទំនិញហើយ លោកក៏ចាប់ផ្ដើមបង្រៀនតំណែងចែកចាយរបស់លោកពីរបៀបប្រើប្រាស់ហ្វេសប៊ុកក្នុងការលក់ដូចជាបច្ចេកទេសBoost page ជាដើម។
បន្ទាប់ពីបង្រៀនមិត្តភក្ដិនិងតំណែងចែកចាយពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេកក្នុងការលក់ទំនិញ លោកបានបង្ហោះសកម្មភាពបង្រៀនតំណែងចែកចាយពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេកក្នុងការលក់តាមអនឡាញ ហើយពេលនោះក៏មានក្រុមហ៊ុនមួយចំនួនបានទាក់ទងឲ្យលោកទៅបង្រៀនពីរបៀបប្រើប្រាស់ហ្វេសប៊ុក។ នៅពេលនោះហើយលោកចាប់ផ្ដើមពង្រីកសមត្ថភាពចំណេះដឹងពីទាក់នឹងជំនាញប្រើប្រាស់ហ្វេសប៊ុកក្នុងការបង្កើនការលក់រហូតដល់លោកអាចបើកអាជីវកម្មផ្ដល់សេវាកម្មប្រព័ន្ធគ្រប់គ្រងការលក់អនឡាញដែលមានឈ្មោះថា System KHដូចសព្វថ្ងៃ។
ខាងក្រោមនេះគឺជាជំហានដែល Makara Mbo បានអនុវត្តដែលធ្វើឲ្យលោកអាចបង្កើតអាជីវកម្មរកចំណូលតែតាមអនឡាញដូចសព្វថ្ងៃ។
១. បង្ហាញជំនាញដែលខ្លួនមានលើបណ្ដាញសង្គម
ដូចដែលបានរៀបរាប់ខាងលើរួចមកហើយថា លោក Makara Mbo បានបង្ហោះរូបភាពសកម្មភាពដែលលោកបានបង្រៀនតំណែងចែកចាយពីរបៀបប្រើប្រាស់ហ្វេសប៊ុកផេកក្នុងការលក់តាមអនឡញ។ ត្រង់នេះបង្ហាញឲ្យយើងឃើញថាបើអ្នកមានជំនាញអ្វីមួយ អ្នកគួរបង្ហាញពីជំនាញរបស់ខ្លួនឯងនៅលើបណ្ដាញសង្គមតាមរយៈការចែករំលែកចំណេះដឹង បិទពិសោធ៍ ហើយធ្វើបែបនេះនឹងធ្វើឲ្យមនុស្សជាច្រើនស្គាល់អ្នកហើយដឹងថាអ្នកជំនាញអ្វី។ ពេលនោះអ្នកនឹងមានឱកាសលក់ជំនាញ សេវាកម្មនិងផលិតផលដើម្បីរកចំណូលបាន។
២. ពង្រីកសេវាកម្មដើម្បីបង្កើនចំណូល
ក្រៅពីបង្រៀនក្រុមហ៊ុននិងម្ចាស់អាជីវកម្មពីការលក់តាមហ្វេសប៊ុកផេក លោក Makara Mbo ចាប់ផ្ដើមបង្កើនសមត្ថភាពខ្លួនឯងដោយរៀននូវបច្ចេកទេសផ្សេងៗទាក់ទងនឹងការប្រើប្រាស់ហ្វេសប៊ុកផេកដើម្បីបង្កើនការលក់។ ត្រង់នេះលោកពង្រីកសេវាកម្ម ដោយជួយធ្វើសេវាកម្ម Boost ឲ្យក្រុមហ៊ុននិងអ្នកលក់អនឡាញ និងសេវាកម្មផ្សេងៗទៀតដូចជា design poster ជាដើម។
៣. ពង្រីកក្រុមការងារដើម្បីបង្កើនចំណូល
ដោយសារតែសេវាកម្មទាក់ទងនឹងការBoost លើហ្វេសប៊ុកផេក គឺអ្នកលក់តាមអនឡាញសុទ្ធតែត្រូវការហើយមានភ្ញៀវកាន់តែច្រើនស្នើឲ្យជួយធ្វើសេវាកម្មនេះជូនពួកគាត់។ ដូច្នេះលោកបានហៅមិត្តភក្ដិមកចូលរួមការងារដើម្បីផ្ដល់សេវាកម្មជូនអតិថិជនបានកាន់តែច្រើនដើម្បីបង្កើនចំណូលទ្វេដង។
ដូច្នេះការបង្កើតអាជីវកម្មរកចំណូលតាមអនឡាញរបស់លោក Makara Mbo គឺជាគំរូមួយបង្ហាញថាបើអ្នកមានជំនាញអ្វីមួយ អ្នកគួរតែបង្ហាញលើបណ្ដាញសង្គមព្រោះវាអាចផ្ដល់ឱកាសឲ្យអ្នករកចំណូលតាមអនឡាញបាន៕