ផ្អែកតាមស្ថាប័នជំនាញស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថាការរញ្ចួយដីគឺជាប្រតិកម្មដ៏ខ្លាំងក្លាមួយ។ ពេលខ្លះអាចធ្វើឱ្យយើងមានអារម្មណ៍ដឹង និងពេលខ្លះមិនដឹងទាល់តែសោះ តែក្នុងស្ថានភាពនេះមនុស្សគួរមានស្មារតីឱ្យនឹងនរ កុំប្រតិកម្មដោយស្លាន់ស្លោរ។
បើតាម ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ដដែលបានឱ្យដឹងថាការការពារខ្លួនពីគ្រោះរញ្ជួយដីគឺមានទៅតាមស្ថានភាពខុសគ្នា។ យ៉ាងណាមិញខាងក្រោមនេះគឺជារបៀបការពារខ្លួនពីគ្រោះរញ្ជួយដី កាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនិងរក្សាសុវត្ថិភាព។
១.ប្រសិនបើអ្នកនៅក្នុងផ្ទះ៖ បន្តស្នាក់នៅទីនោះ ក្រាបនៅក្រោមតុ ជៀសវាងនៅក្បែររបស់ដែលអាចធ្លាក់មកលើអ្នក ដូចជាគ្រឿងសង្ហារិម ឧបករណ៍ធ្ងន់ៗ ឬសម្ភារៈផ្ទះបាយ ។
-កុំរត់ចុះក្រោម ឬប្រញាប់ទៅខាងក្រៅ ខណៈពេលដែលអគារកំពុងញ័រ ព្រោះនឹងអាចមានសម្ភារៈ កញ្ជក់ វត្ថុធ្ងន់ៗឬកម្ទេចកម្ទីបាក់ធ្លាក់លើ។
- ក្នុងករណីមានភ្លើង សូមពន្លត់ប្រសិនបើអាច និងកុំប្រើជណ្តើរយន្តព្រោះចរន្តអគ្គិសនីអាចនឹងដាច់។
២.ប្រសិនបើអ្នកនៅខាងក្រៅ៖ ចូលទីវាល ឆ្ងាយពីអាគារ ខ្សែភ្លើង បំពង់ផ្សែង និងអ្វីផ្សេងទៀតដែលអាចបាក់នឹងធ្លាក់មកលើអ្នក។
៣. ប្រសិនបើអ្នកកំពុងបើកបរ៖ បន្ថយល្បឿនដោយប្រុងប្រយ័ត្ន។ ថតរថយន្តរបស់អ្នកឱ្យឆ្ងាយ ពីលើឬក្រោមស្ពានក្រោមដើមឈើ បង្គោលភ្លើង ខ្សែភ្លើង ឬផ្លាកសញ្ញាផ្សេងៗ។ បើកសោរទ្វាររថយន្ត បន្តស្នាក់នៅខាងក្នុងរថយន្តរបស់អ្នករហូតដល់ការញ័រឈប់។
៤. ប្រសិនបើអ្នកនៅតំបន់ភ្នំ៖ ប្រយ័ត្នចំពោះថ្មដែលនឹងដួលរលំ រអិលបាក់ដី បាក់ដើមឈើ និងកំទេចកំទីផ្សេងទៀតមកលើ ដោយសារការរញ្ជួយដី។
៥. ប្រសិនបើអ្នកនៅជិតសមុទ្រ៖ សូមមើលនិងតាមដានច្បាប់សុវត្ថិភាព ពីមជ្ឈមណ្ឌលជំនាញព្រមានរលកយក្សស៊ូណាមិ៕
អត្ថបទដោយ៖ ពីង ជូអេង