ផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ
Bunthoeun KoemAPRIL 1 2025

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ផលិតកម្មបារមី ដែលជាផលិតកម្មតន្ត្រីរបស់ខ្មែរឈានមុខគេ បានចាប់ដៃគូសហការជាមួយ EMPIRE Distribution  ដែលជាក្រុមហ៊ុនផ្សព្វផ្សាយតន្រ្តីយក្សរបស់សហរដ្ឋអាមេរិក នឹងជាអ្នកនៅពីក្រោយក្រុមតន្ត្រី hip-hop  សិល្បករអន្តរជាតិល្បីៗនៅលើពិភពលោក ដោយកិច្ចសហការនេះនឹងជួយគាំទ្រ​ លើកស្ទួយសិល្បករខ្មែរឱ្យឈានជើង​ចូលឆាកអន្តរជាតិ។

 

នៅក្នុងការផ្លាស់ប្តូរជា ប្រវត្តិសាស្ត្រ​សម្រាប់ឧស្សាហកម្មតន្ត្រីនៅកម្ពុជា នៅថ្ងៃនេះ ផលិតកម្មបារ​មីបានប្រកាសភាព​ជាដៃគូ ​ដ៏សំខាន់ជាមួយក្រុមហ៊ុន EMPIRE ដែលជាក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីឯករាជ្យឈានមុខគេមួយនៅ លើពិភពលោក ដែលត្រូវ​បានគេ​ស្គាល់ថា ជាក្រុមហ៊ុនដែលនៅពីក្រោយភាពល្បីល្បាញរបស់សិល្បករ ល្បីៗជាច្រើន ដូចជា Kendrick Lamar, Anderson Paak, Snoop Dogg, Cardi B ជាដើម និងទើបចុះកិច្ចសន្យាជាមួយ G-Dragon កាលពីពេលថ្មីៗនេះ។

 

487483311 1186447996193336 3441394485005062454 N

 

កិច្ចសហការដ៏អស្ចារ្យនេះ​​ គឺជា​​​​លើក​​​ទីមួយ​​ហើយ ដែលផលិតកម្មតន្រ្តីខ្មែរទទួល​បាន​ការគាំទ្រ​ពី​អន្តរជាតិ​ ឱ្យអាច​ឈាន​ដល់​កម្រិត​នេះ ដែលនឹងជំរុញឱ្យសិល្បករខ្មែរទទួលបានភាពជោគជ័យជាសកល។

 

ការវិនិយោគដែលមានតម្លៃខ្ចង់លានដុល្លារនៅក្នុងវិស័យតន្ត្រីខ្មែរនេះ នឹងផ្តល់ឱ្យសិល្បករជំនាន់ក្រោយ ក៏ដូចជាសិល្បករ​បច្ចុប្បន្ន​របស់ផលិតកម្មបារមី រួមទាំងតារាដ៏ល្បីល្បាញរបស់ផលិតកម្មបារមី ដូចជាលោក ម៉ាន់ វណ្ណដា (VannDa) ឱ្យ​ទទួល​បាន​ការផ្សព្វផ្សាយលំដាប់ពិភពលោក ជាមួយការគាំទ្រផ្នែក បណ្តុះបណ្តាល និងអភិវឌ្ឍន៍សិល្បករ (Artist & Repertoire) ក៏ដូចជាការភ្ជាប់ទំនាក់​ទំនងឱ្យ​កាន់​តែ​រឹងមាំ​នៅក្នុងឧស្សាហកម្មនេះ។

 

កិច្ចសហការនេះ នឹងជួយពង្រឹងតួនាទីរបស់កម្ពុជា​នៅក្នុងពិភព​តន្ត្រី ដែលកំពុងវិវឌ្ឍជាសកល ខណៈដែលភាសាលែងជាឧបសគ្គ ហើយវេទិកាឌីជីថល​បានលុបចោល​ដែនកំណត់ភូមិសាស្ត្រ។

 

កិច្ចសហការនេះ គឺមានលើសពីការផ្សព្វផ្សាយតន្ត្រី — វាតំណាងឱ្យការបោះ​ជំហាន​​​ដ៏សំ​ខាន់មួ​យ​ឆ្ពោះ​ទៅរក​ការ​កសាងឧស្សាហកម្មតន្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយនិរន្តរភាព។ ភាពជាដៃគូនេះ ផ្តល់ឱ្យសិល្បករ​នូវធនធាន និងការផ្សារភ្ជាប់ទំនាក់ទំនង​នៅក្នុងឧស្សាហកម្មតន្ត្រី ដែលចាំបាច់ ដើម្បីពង្រីក​លទ្ធភាព​របស់​ពួកគេ​នៅលើឆាកអន្តរជាតិ។

 

Photo 2025 04 01 15 10 51

 

កញ្ញា ម៉ម​ ឡរា ទេវរី នាយិកាប្រតិបត្តិ និងជាសហស្ថាបនិកផលិតកម្ម បារមី បានមានប្រសាសន៍ថា ៖«កិច្ចព្រម​ព្រៀងភាពជាដៃគូនេះ គឺជាការបោះជំហ៊ានយ៉ាងធំ។ ពេលនេះ តន្ត្រីខ្មែរមាន​​វ​ត្តមាននៅ​លើឆាកអន្តរជាតិ ហើយក្រុមហ៊ុន EMPIRE នឹងជួយយើងកសាងអាជីព សម្រាប់សិល្បកររបស់យើង ដែលមានក្តីស្រមៃឈាន​ទៅកាន់ឆាក​អន្តរជាតិ»។

 

«ចំពោះសិល្បករខ្មែរ, ការសហការនេះគឺជាផ្លូវមួយនាំឆ្ពោះទៅកាន់ការទទួលស្គាល់ជាសកល ខណៈដែល​អ្នកគាំទ្រ​នឹងឃើញការសហការថ្មីៗជាមួយសិល្បករ និងផលិតករអន្តរជាតិជាច្រើនទៀត។ កាន់តែពិសេស​ទៀតនោះ កិច្ចព្រមព្រៀងនេះនិងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាមជ្ឍមណ្ឌ​លនៅអាស៊ី​អាគ្នេយ៍​នៃពិភពតន្ត្រី។ លើសពីនេះទៀត ភាពជាដៃគូនេះនឹង​​ជួយ​សិល្បកររបស់ផលិតកម្ម បារមី ក៏ដូចយុវជន​ជំនាន់ក្រោយ ដែលចង់ក្លាយជាសិល្បកររបស់​ផលិតកម្ម បារមី ដើម្បីសម្រេចក្តីស្រមៃ និងអាចប្រកួត​ប្រជែងនៅលើឆាកអនន្តរជាតិ»។   

 

ភាពជាដៃគូរវាងផលិតកម្ម បារមី និងក្រុមហ៊ុន EMPIRE នៅតំបន់អាស៊ីអាគ្នេយ៍នេះ គូសបញ្ជាក់ពីការ​រីកចម្រើននៃតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិ ជាមួយនឹងវេទិកាផ្សព្វផ្សាយ (streaming) ដែលនឹង​ជំរុញ​ឱ្យមានកិច្ចសហការឆ្លងដែនកាន់តែច្រើន។

 

487810457 1186447322860070 8777153073819977272 N

 

លោក Ghazi Shami ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន EMPIRE  បានលើកឡើង​ពី​សក្តានុពល​របស់ប្រទេសកម្ពុជាថា ៖«នៅក្រុមហ៊ុន EMPIRE  យើងតែងទទួលជោគជ័យ​នៅក្នុង​​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន និងមានទេពកោសល្យពិសេស។ ផលិតកម្ម បារមី កំពុងឈានមុខគេ​នៅកម្ពុជា ហើយ​យើង​​ពិតជាមានមោទនភាព នៅក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញ ដើម្បីលើកម្ពស់តន្ត្រីខ្មែរ​នៅ​លើពិភពលោក»។

 

កញ្ញា ឡរា ម៉ម បានបញ្ជាក់បន្ថែមថា តាមរយៈភាពជាដៃគូនេះ សិល្បករ សិល្បការិនីនៃប្រទេសកម្ពុជា នឹងមានឱកាស​ជាច្រើនក្នុងការសហការជាមួយនឹងតន្រ្ដីករអន្ដរជាតិ តាមរយៈការត្បាញបញ្ចូលគ្នា​នូវ​សម្លេង​សិល្បៈខ្មែរ ជាមួយនឹងឥទ្ធិពលតន្ត្រីពិភពលោក ហើយវាជាសាក្ខីភាពមួយ​ដែល​សបញ្ជាក់​ថា ប្រទេសកម្ពុជា គឺជាប្រទេសដ៏លេចធ្លោមួយនៅលើឆាកអន្ដរជាតិ និងកំពុងចាក់មូលដ្ឋានគ្រឹះ សម្រាប់​ឧស្សាហកម្ម និងវិស័យតន្ត្រីប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។

 

តាមរយៈកិច្ចសហការនេះ សិល្បករខ្មែរពេលនេះ មានឱកាសថ្មីក្នុងការភ្ជាប់ទំនាក់ទំនង​ ជាមួយ​​ទស្សនិកជន​​នៅលើពិភពលោក ហើយនឹងធ្វើឱ្យកម្ពុជាមានមោទនភាព តាមរយៈការនាំយកវប្បធម៌​របស់​យើង​ទៅ​កាន់ឆាកអន្តរជាតិ នៅក្នុងកម្រិតមួយដែលយើងមិនធ្លាប់មានពីមុន៕

 

អំពីផលិតកម្ម បារមី

 

ផលិតកម្មបារមី គឺជាក្រុមហ៊ុនតន្ត្រីឈានមុខគេនៅកម្ពុជា ដែលបានជួយដល់ការអភិវឌ្ឍសិល្បករខ្មែរ  និង​ផ្សព្វផ្សាយតន្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ បង្កើតឡើងក្នុងឆ្នាំ២០១៦, ផលិតកម្មបារមី  បានត្រួសត្រាយ​ផ្លូវ​ក្នុងការអភិវឌ្ឍសិល្បករអាជីព ការផលិតតន្ត្រី និងយុទ្ធនាការប្រកបដោយ ភាពច្នៃប្រឌិត ដែលជួយ​លើក​ស្ទួយវប្បធម៌ខ្មែរ ស្របពេលដែលជួយជំរុញឧស្សាហកម្មតន្ត្រី របស់ខ្លួនឆ្ពោះទៅមុខ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.baramey.com ឬតាមដានផលិតកម្មបារមី នៅលើបណ្តាញសង្គម។

 

អំពីក្រុមហ៊ុន EMPIRE 

 

EMPIRE គឺជាក្រុមហ៊ុនផ្សព្វផ្សាយតន្ត្រីឯករាជ្យដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក ដែលត្រូវ​បានគេ​ស្គាល់ថាជាអ្នកជួយពង្រីកសក្តានុពលនៃសិល្បករកំពូលៗក្នុងវិស័យតន្ត្រី hip-hop, R&B, Afrobeats និងតន្ត្រីសកល។ មានទីស្នាក់ការកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស្កូ, វិធីសាស្ត្រ យុទ្ធសាស្ត្រ និង​ បច្ចេកវិទ្យាទំនើបបំផុតរបស់ EMPIRE បានជួយលើកកម្ពស់ពិភពតន្ត្រីនៅសម័យទំនើបនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.empire.com ឬតាមដានក្រុមហ៊ុន Empire នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕ 

 

488256394 1228744161951334 7779925293412005220 N

Photo 2025 04 01 15 12 02

487416487 1186448209526648 8570082985075501862 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia