បើមិនសប្បាយចិត្ត មិនបាច់មកធ្វើការ! ក្រុមហ៊ុន១នេះ អាចឱ្យបុគ្គលិកដាក់ច្បាប់មិនសប្បាយចិត្ត១០ថ្ងៃ
Ping Chou EngAPRIL 1 2025100 views

លោក Yu Donglai នាយកប្រតិបត្តិក្រុមហ៊ុន Pang Dong Lai ដែលជាស្ថាប័នមួយនៅប្រទេសចិន បានអនុញ្ញតឱ្យបុគ្គលិកដាក់ច្បាប់ឈប់សម្រាកបន្ថែមចំនួន១០ថ្ងៃដល់បុគ្គលិក បើពួកគេមិនសប្បាយចិត្ត និងចង់ស្វែងរកតុល្យភាពជីវិតនិងការងារ។

 

19356cb2 5647 46ba A4b6 034354b267c5 8d9cd417

 

សារព័ត៌មានចិន South China Morning Post បានចុះផ្សាយថាលោក Yu Donglai ត្រូវបានគេហៅថាជាមេល្ងង់ជាងគេនៅចិន ដែលយកក្តីសុខបុគ្គលិកធំជាងការរកលុយ​ ដោយកាលពីខែមីនាកន្លងទៅ លោកបានប្រកាសថាក្រុមហ៊ុនផ្សារទំនើបរបស់លោក នឹងផ្តល់ជូនបុគ្គលិកចំនួន៧០០០ នាក់ នូវការឈប់សម្រាករយៈពេល១០ ថ្ងៃបន្ថែមពីការឈប់សម្រាកប្រចាំឆ្នាំ។

 

ខណៈស្តង់ដារពេលវេលាឈប់សម្រាករបស់ប្រទេសចិនគឺ ត្រឹមតែ៥ទៅ ១៥ថ្ងៃប៉ុណ្ណោះក្នុង១ឆ្នាំ។​ បន្ថែមពីនោះក្រុមហ៊ុនក៏ផ្តល់អត្ថប្រយោជន៍ផ្សេងទៀតដូចជាថ្ងៃធ្វើការប្រាំពីរម៉ោង និង«ប្រាក់រង្វាន់បណ្តឹងសារទុក្ខ» មានតម្លៃចន្លោះពី ពី៧០០ ទៅ ១១០០ដុល្លារអាមេរិកសម្រាប់ជាសំណង ដល់បុគ្គលិករូបណាដែលទទួលបានការតវ៉ានិងរអ៊ូដោយមិនសមហេតុផលពីអតិថិជន។

 

ទន្ទឹមនឹងនេះថៅកែឧស្សាហកម្មលក់រាយ Yu Donglai បានលើកឡើងថា «ខ្ញុំចង់ឱ្យបុគ្គលិកគ្រប់រូបមានសេរីភាព មនុស្សគ្រប់រូបមានតែងពេលដែលពួកគេមិនសប្បាយចិត្ត ដូច្នេះប្រសិនបើអ្នកមិនសប្បាយចិត្ត កុំមកធ្វើការ»។ ក្នុងនោះលោកក៏បានបញ្ជាក់ថាជារៀងរាល់ឆ្នាំមានបុគ្គលិកតិចជាង៥% ដែលលាឈប់ពីក្រុមហ៊ុនរបស់លោក។

 

សូមជម្រាបថាលោក Yu Donglai ជាអ្នកជំនួញម្នាក់ដែលបានចាប់ផ្តើមអាជីវកម្មដំបូងបំផុតដោយការលក់គ្រឿងទេសនិងអាហារពីតូបទំហំ ៤០ម៉ែត្រការ៉េក្នុងឆ្នាំ១៩៩៥។ បុរសវ័យ៥៨ឆ្នាំរូបនេះយល់ថា «សហគ្រិនពិតប្រាកដគួរតែ "មានសុខភាពល្អ សុភមង្គល និងបេះដូងទន់ភ្លន់»៕

 

 

អត្ថបទដោយ​៖ ពីង ជូអេង

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia