ធនាគារ វីង មានកំណើនខ្លាំងក្លាកាលពីឆ្នាំ២០២៤
Daneth MechAPRIL 1 2025

ប្រាក់​ចំណូល  ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅធនាគារ វីង បានកើនឡើងគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារ​ឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ត្រូវបានរាយការណ៍ឱ្យ​ដឹងថា​ មាន​ការ​រីក​ចម្រើន​ដ៏ខ្លាំងក្លាទាំង​ប្រព័ន្ធហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីវឌ្ឍនភាពដ៏ស្វាហាប់របស់ធនាគារមួយនេះ​ ក្នុងនាមជាគ្រឹះស្ថានឈានមុខគេមួយនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។

ប្រាក់ចំណូលរបស់​ធនាគារ​មួយនេះ​បានកើនឡើង ៧៣% កាល​ពី​ឆ្នាំ​មុន ដោយសារតែ​​ប្រាក់បញ្ញើកើនឡើង​ ៦២% និងការផ្តល់ឥណទាននៅ​រក្សាបានកំណើនថេរ ខណៈដែលទ្រព្យសកម្មសរុបកើនឡើង ៥២% ដែលការណ៍នេះ​បាន​ឆ្លុះបញ្ចាំងពី​ការគាំទ្រកាន់តែច្រើនឡើងរបស់​អតិថិជន និងកំណើនតម្រូវការប្រើប្រាស់ឥណទានផងដែរ​។

ការផ្តល់ឥណទានទៅដល់អតិថិជនជា​បុគ្គល ក៏មានការកើនឡើង ២៦% ផងដែរ ដ្បិតថា​អតិថិជនត្រូវការឥណទានដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម។

Photo 2025 03 31 16 58 20

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែជឿជាក់​នាពេល​កន្លងមក។ ទំនុកចិត្តដ៏រឹងមាំនេះ គឺជាកម្លាំងជំរុញឱ្យយើងរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជាពង្រឹងការបេ្តជ្ញាចិត្តរបស់យើងខ្ញុំបន្ថែមទៀត​ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍសហគមន៍នៅទូទាំងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់។”

ទន្ទឹមគ្នានេះ ថ្នាលឌីជីថលរបស់​ធនាគារ វីង ក៏ទទួលបានការគាំទ្រច្រើនផងដែរ ដោយមានអ្នកប្រើប្រាស់អេប Wing Bank កើនឡើង ២៣% និងអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសមកកម្ពុជាកើនឡើង ១៥% ដែលនេះបង្ហាញថាប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់សេវា​ធនាគារតាមទូរសព្ទដៃ និងការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង។

សម្ទុះកំណើនរបស់​ធនាគារ​មួយ​នេះក៏បានមកពី​ការកើនឡើង​២៦%នៃ​ការប្រើប្រាស់សេវាបើកប្រាក់បៀវត្សរបស់​ក្រុមហ៊ុនដៃគូជាច្រើនផងដែរ​ ដែលឆ្លុះ​បញ្ចាំង​​ពីការរួមចំណែករបស់ធនាគារ វីង គាំទ្រក្រុមហ៊ុន​អាជីវកម្មខ្នាតតូច និងមធ្យម ហើយធ្វើឱ្យការបើកប្រាក់ឈ្នួលមានលក្ខណៈស្តង់ដារជាងមុន ដែលជាកត្តាដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ភាពរឹងមាំរបស់ធនាគារ​ក្នុង​ស្រុកមួយនេះ​ ក៏​ត្រូវបានជំរុញបន្ថែមផងដែរ​ តាមរយៈយុទ្ធសាស្រ្តប​ង្កើនដើមទុន។ ជាក់ស្តែង​ កាលពីពេលថ្មីៗ​នេះ ធនាគារជាតិ នៃកម្ពុជា បានអនុញ្ញាតឱ្យធនាគារ វីង បង្កើនដើមទុនរបស់ខ្លួនចំនួន ៨៨លានដុល្លារអាមេរិក ដែលក្នុងនោះដើមទុនស្នូលមានចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២​មានចំនួន២៨លានដុល្លារអាមេរិក។ ការបន្ថែមដើមទុននេះ មាន​គោល​បំណង​ពង្រឹងស្ថិរភាពហិរញ្ញវត្ថុធនាគារ ព្រមទាំង​បង្កើនសមត្ថភាពផ្តល់កម្ចីដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់​អ្នកប្រើប្រាស់ ក៏ដូចជាគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានកាន់តែច្រើនថែមទៀត។​

កាល​ពី​ឆ្នាំ ២០២៤ ធនាគារ វីង ក៏​បានដាក់ឱ្យដំណើរ​ការ​នូវ​ផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗជាច្រើន ដើម្បីជួយឱ្យអតិថិជនអាច​ប្រើប្រាស់ហិរញ្ញវត្ថុកាន់តែងាយ​ស្រួល​។ ក្នុងចំណោម​ផលិត​ និង​សេវាកម្ម​​ជាច្រើននោះ គណនី «សន្សំដើម្បីគោលដៅ» ជួយឱ្យអតិថិជនអាចចាត់ចែងការសន្សំលុយដើម្បីសម្រេចគោលដៅដែលចង់បាន។ ចំណែកឯ​ វីងឌីជីថលឡូន ផ្តល់លទ្ធភាពដល់អតិថិជនអាចស្នើកម្ចីដល់ទៅ ៥០.០០០ ដុល្លារតាមរយៈអេប​ Wing Bank ត្រឹមតែរយៈពេល៣នាទីប៉ុណ្ណោះ ដោយមិនចាំបាច់មានទ្រព្យ​បញ្ចាំ ឬអ្នកធានានោះឡើយ។

​លើសពីនេះទៅទៀត ធនាគារ វីង ក៏​បានដាក់ឱ្យដំណើរការ​ជាផ្លូវការ ម៉ាស្ទ័រកាត​ វ័នកាត ដែលមាន​មុខងារ​បណ្ណឥណទាន និងបណ្ណឥណពន្ធនៅក្នុងកាតតែមួយដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានដាក់ឱ្យដំណើរការ វីសាអ៊ីនហ្វីនីត​ក្រេឌីតកាត សម្រាប់អតិថិជនមានចំណូលខ្ពស់។

ភាព​ជោគជ័យ​របស់ធនាគារ វីង ក្នុងឆ្នាំ២០២៤ ក៏ត្រូវបានស្តែងឡើង​ តាមរយៈការទទួល​នូវពានរង្វាន់ចំនួន៦ផ្សេងៗគ្នា ដែលបង្ហាញពីភាពច្នៃប្រឌិត ការនាំមុខគេនៅក្នុងទីផ្សារ និងការបេ្តជ្ញាចិត្តរបស់ធនាគារ​ វីង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ​នៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ Leadership in Debit Volume 2024, Leadership in Cross-Border Volume 2024 និងពានរង្វាន់ Innovation Breakthrough 2024 ដែលពានរង្វាន់ទាំងនេះត្រូវបានប្រគល់នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុនម៉ាស្ទ័រកាត។ បន្ថែមពីលើនេះ ថ្នាលឌីជីថល  Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង ក៏ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ”  ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រៅ​ពីនេះ ធនាគារ វីង ក៏ទទួលបានកិត្តិយសផងដែរជាមួយនឹងពានរង្វាន់បរិយាបន្នឌីជីថល និងពានរង្វាន់លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុពីកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមក្នុងឆ្នាំ២០២៤របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ 

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន​ឆ្ពោះទៅមុខ​ជាមួយនឹងការធ្វើពិធកម្ម និងឌីជីថលភាវូបនីយកម្ម យុទ្ធសាស្ត្ររបស់ធនាគារ​ វីង ដែលរួមមានការបន្ថែមដើមទុន ការពង្រឹងសមត្ថភាពឌីជីថល និងការផ្តោតលើតម្រូវការអតិថិជន ធ្វើឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានឈានមុខគេក្នុងការរួមចំណែកធ្វើទំនើបកម្មអនាគតធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia