ធនាគារ វីង គាំទ្រការរៀបចំសិក្ខាសាលាអគ្គនាយកដ្ឋានពន្ធដារ
Daneth MechAPRIL 1 2025

សិក្ខាសាលានេះបង្ហាញពីតួនាទីដ៏សំខាន់នៃការរួមចំណែកធនាគារឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពនៃការជួយជំរុញកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។

ធនាគារ វីង (ខេមបូឌា) ម.ក បានចូលរួមគាំទ្រការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដោយផ្តោតលើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំជំរុញកំណែទម្រង់ប្រមូលពន្ធតាមប្រព័ន្ធឌីជីថល សំដៅកសាងមូលដ្ឋានសេដ្ឋកិច្ចឌីជីថលរបស់ខ្លួនឱ្យកាន់តែរឹងមាំ។

សិក្ខាសាលនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងអគ្គនាយកក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប។

សិក្ខាសាលានេះសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងសភាពាណិជ្ជកម្មកម្ពុជា បានបញ្ចប់ កាលពីពេលថ្មីៗនេះ ដោយមានអ្នកចូលរួមផ្ទាល់ប្រមាណជាង ១.១០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញមកពីអង្គភាពថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌនៅទូទាំងប្រទេសកម្ពុជា។

Photo 2025 04 01 13 14 03

ក្នុងសុន្ទរកថាបើកសិក្ខាសាលានេះឯកឧត្តម គង់ វិបុល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា ដែលរួមមានការដាក់ឱ្យប្រើប្រាស់ការប្រព័ន្ធចុះបញ្ជី និងការប្រមូលពន្ធតាមអនឡាញ ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកជាប់ពន្ធដោយមិនចាំបាច់ចំណាយពេលមកកាន់សាខាពន្ធដារដោយផ្ទាល់នោះឡើយ ពោលគឺគ្រាន់តែរៀបចំឯកសារគ្រប់គ្រាន់ស្របតាមច្បាប់រួចបើក APP GDT នៅលើទូរសព្ទដៃដើម្បីបំពេញបែបបទឱ្យបានត្រឹមត្រូវ។

ឯកឧត្តម គង់ វិបុល បានថ្លែងថា៖ “ចំណូលពន្ធបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈចាំបាច់ជាច្រើនទៀតដែលបម្រើប្រយោជន៍ដល់ទៅប្រជាពលរដ្ឋគ្រប់ៗគ្នា។”

ក្នុងកំលុងនៃការរៀបចំសិក្ខាសាលានេះ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ក៏បានបង្ហាញនូវផលិតផលហិរញ្ញវត្ថុឌីជីថលចុងក្រោយបំផុតរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យសេវាធនាគារកាន់តែសាម​ញ្ញ និងងាយស្រួលប្រើប្រាស់ ក៏ដូចជាបំពេញតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

Photo 2025 04 01 13 13 58

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ «យើងខ្ញុំសូមកោតសរសើរចំពោះការធ្វើបរិវត្តកម្មឌីជីថលដ៏គួរឱ្យកត់សម្គាល់របស់អគ្គនាយកដ្ឋានពន្ធដារក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅពង្រឹងតម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រមូលចំណូលពន្ធជូនរដ្ឋ។ ធនាគារ វីង ពិតជាមានមោទនភាពដែលបានចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មការពន្ធដារ ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។”

លោក ហោ ប៊ុនថែ បានបន្តថា៖ “ដំណោះស្រាយធនាគារឌីជីថលរបស់យើងខ្ញុំ ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យការទូទាត់ចំណូលពន្ធកាន់តែមានងាយស្រួល​ សុវត្ថិភាព និង អាច​ប្រើប្រាស់សម្រាប់សាធារណជនទាំងអស់ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ​ ដែលជួយឱ្យកម្ពុជាខិតកាន់តែជិតគោលដៅនៃគន្លងសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន។”

ក្នុងឆ្នាំ២០២៤ ធនាគារ វីង ទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារដើម្បីជួយសម្រួលដល់ការទូទាត់ចំណូលពន្ធជូនរដ្ឋនៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូនេះអនុញ្ញាតឱ្យសាធារណជនអាចបំពេញកាតព្វបង់ពន្ធនៅគ្រប់សាខាធនាគារ វីងទាំងអស់ ដោយឥតគិតថ្លៃ ដែលជួយកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើរទៅកាន់​ការិយាល័យអគ្គនាយដ្ឋានពន្ធដោយផ្ទាល់ ហើយថែមទាំងជួយឱ្យដំណើរការបង់​ពន្ធកាន់តែរលូន។​

Photo 2025 04 01 13 14 01

Photo 2025 04 01 13 13 58

បន្ថែមពីលើនេះ អ្នកបង់ពន្ធ ក៏អាចទូទាត់តាមរយៈកម្មវិធី GDT នៅលើស្មាតហ្វូនដូចជា៖ កម្មវិធី GDT Taxpayer App សម្រាប់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធមធ្យោបាយដឹកជញ្ជូន, កម្មវិធី GDT Tax Prefiling App  និងកម្មវិធី GDT E-Filing App ដោយគ្រាន់តែជ្រើសរើសធនាគារ វីង សម្រាប់ការទូទាត់រួចជាការស្រេច។

ធនាគារ វីង នៅតែជាដៃគូទុកចិត្តយូរអង្វែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយគាំទ្រនូវគំនិតផ្តួចផ្តើមដែលជួយលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងបរិវត្តកម្មឌីជីថលដែលសំដៅជំរុញប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទំនើបស្របតាមយុគសម័យឌីជីថល៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia