ដើមខែហើយ ប្រាក់ខែ២០០ទៅ៣០០$ គួរចាយបែបណា ដើម្បីមានសេរីភាពចៀសពីសម្ពាធលុយកាក់?
Toeuy HongFEBRUARY 3 20232 K views

បច្ចុប្បន្នប្រាក់ខែ២០០ទៅ៣០០ដុល្លារគឺមិនច្រើននោះទេ ខណៈការចំណាយក្នុងការរស់នៅកាន់តែច្រើនជាងមុនស្របពេលពិភពលោកជួបវិបត្តិអតិផរណាកើនឡើង។ ដូច្នេះបើប្រាក់ខែអ្នកមិនបានច្រើន ហើយមិនចេះចាត់ចែងទៀតនោះ អ្នកច្បាស់ជាជួបបញ្ហាលុយកាក់មិនខាន។

ជុំវិញការចាត់ចែងលុយនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវរបៀបចាយលុយសម្រាប់អ្នកដែលមានប្រាក់ខែ២០០ទៅ៣០០ដុល្លារ ដើម្បីចាយលុយមានប្រសិទ្ធភាព មានសេរីភាពហើយលុយអ្នកកាន់តែកើន។

. កញ្ចប់សន្សំឬវិនិយោគ ១០%នៃចំណូល

បើអ្នកមានប្រាក់ចំណូល ២០០ទៅ៣០០ដុល្លារបច្ចុប្បន្ន មានន័យថាអ្នកមិនមានប្រាក់ចំណូលច្រើននោះប៉ុន្ដែអ្នកនៅតែអាចចាត់ចែងសន្សំនិងវិនិយោគតាមលទ្ធភាពបាន។ ដូច្នេះបើចង់សល់លុយអ្នកត្រូវដាច់ខាតត្រូវដក់១០%នៃចំណូលសរុបសម្រាប់សន្សំប្រចាំខែ។ អ្នកបើមានចំណូល២០០ អ្នកអាចសន្សំបាន ២០ដុល្លារ បើមានចំណូល៣០០ អាចសន្សំបាន ៣០ដុល្លារក្នុងមួយខែដែរ។

. កញ្ចប់ចំណាយលើតម្រូវការចាំបាច់ ៦០%នៃចំណូល  

នេះជាផ្នែកសំខាន់ដែលអ្នកត្រូវដកលុយភាគច្រើននៃប្រាក់ចំណូលសរុបមកចំណាយលើវា ព្រោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សមានតម្រូវជាការច្រើនដូចជា អាហារហូបចុក សំលៀកបំពាក់ ការស្នាក់នៅ និងការធ្វើដំណើរទៅធ្វើការជាដើម។ ទោះវាជាតម្រូវការចាំបាច់ក៏ដោយក៏អ្នកត្រូវតែដាក់វិន័យចំពោះខ្លួនឯងថាត្រូវតែចាយទៅតាមចំនួនដែលបានកំណត់ប្រចាំខែ។ ឧទាហរណ៍ បើអ្នកមានប្រាក់ខែ ៣០០ដុល្លារ អ្នកត្រូវដក​៦០% ស្មើ១៨០ដុល្លារសម្រាប់ចំណាយលើតម្រូវការចាំបាច់នេះ។

. កញ្ចប់សម្រាប់កម្សាន្ត ១០% នៃចំណូល

បើអ្នករស់នៅក្នុងជីវិតដោយគ្មានការកម្សាន្តនោះទេ ជីវិតអ្នកអាចពោពេញទៅដោយភាពស្មុគស្មាញ តានតឹងជាមិនខានឡើយ។ ដូច្នេះក្នុងមួយខែ អ្នកត្រូវមានកញ្ចប់លុយ១០%នៃសម្រាប់ចំណាយលើការកម្សាន្តនានា ដូចជួបជុំមិត្តភក្តិ ដើរលេងកម្សាន្តជាដើម។ ត្រង់នេះខ្ញុំចង់សង្កត់ធ្ងន់ថា មនុស្សមួយចំនួនរកលុយមិនងាយសល់គឺដោយសារពួកគេ ចំណាយលើការកម្សាន្តសប្បាយជាច្រើនពេក។ អញ្ចឹងបើអ្នកមិនកំណត់ការចាយលើការកម្សាន្តនេះទេ អ្នកនឹងចាយលុយអស់ច្រើនណាស់។

. កញ្ចប់វិនិយោគលើចំណេះដឹង ២០%នៃចំណូល

គេថាចំណេះដឹងគឺជាឃ្លាំងនៃទ្រព្យរបស់មនុស្សដែលមិនចេះរីងស្ងួតឡើយ ដូច្នេះបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពជីវិតឆ្ពោះទៅរកភាពមានបាន អ្នកចំបាច់ត្រូវដុសខាតចំណេះដឹងនិងជំនាញរបស់អ្នកជានិច្ច។ ដូច្នេះរាល់ចំណូលប្រចាំខែដែលអ្នករកបាន អ្នកគួរតែដកយ៉ាងតិច២០% សម្រាប់ចំណាយដើម្បីពង្រីកចំណេះដឹង ដូចជាចំណាយលើការទិញសៀវភៅអាន ចំណាយលើការសិក្សាឬអភិវឌ្ឍនជំនាញផ្សេងៗទៀតនិងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីស្រូបយកចំណេះដឹង ហើយចំណេះធ្វើឲ្យអ្នករកលុយបានកាន់តែច្រើនថែមទៀត។

 . បង្កើនចំណូលបន្ថែម

 មានមនុស្សមិនតិចទេដែលតែងតែរអ៊ូថាប្រាក់ខែតិច មានតម្រូវការច្រើនដូច្នេះពួកគាត់ពិបាកក្នុងការចាត់ចែងលុយកាក់ជាពិសេសពិបាកដកសន្សំតែម្ដង។ ក្នុងករណនីដែលបងប្អូនចំណូលតិច ពិបាកក្នុងការចាត់ចែងលុយ រឿងសំខាន់ដែលបងប្អូនត្រូវធ្វើគឺបង្កើនចំណូលខ្លួនឯងឲ្យកាន់តែច្រើន។

ដើម្បីអាចបង្កើនចំណូលបាន យើងអាចចាប់ផ្ដើមពីប្រឹងប្រែងធ្វើការឲ្យខ្លាំង។ ជាការពិតណាស់ បើអ្នកមានគំនិតធ្វើការតែតាមប្រាក់ខែ ចំណូលអ្នកមិនងាយកើនឡើយ។ អ្នកត្រូវចាំថាមុននឹងថៅកែក្រុមហ៊ុនគេតំឡើងប្រាក់ខែឬផ្ដល់នូវប្រាក់លើទឹកចិត្តបន្ថែម គេមើលទៅលើលទ្ធភាពការងារ ដូច្នេះត្រូវធ្វើការឲ្យខ្លាំងអ្នកនឹងមានឱកាសកើនចំណូលតាមរយៈការឡើងប្រាក់ខែ ឡើងតំណែងនិងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

ក្រៅពីបង្កើនចំណូលនៅកន្លែងធ្វើការ អ្នកក៏អាចបង្កើនចំណូលក្រៅម៉ោងផងដែរ។ ត្រង់នេះទាមទារឲ្យអ្នកវិនិយោគលើខ្លួនឯងឲ្យបានច្រើនតាមរយៈរៀនជំនាញដែលអាចបង្កើតចំណូលបន្ថែមបាន។ បច្ចុប្បន្នគឺជាសម័យសេដ្ឋកិច្ចឌីជីថល ដូច្នេះអ្នកអាចរកចំណូលបានច្រើនប្រភពណាស់នៅលើអនឡាញ ដូចជាធ្វើវីដេអូដាក់ YouTube, បង្កើតផេកនិងលក់ផលិតផលលើអនឡាញជាដើម។

គួរបញ្ជាក់ផងដែរថាទាំងប៉ុន្មានចំណុចខាងលើគឺជារបៀបក្នុងការកំណត់ខ្ទង់ចំណាយប្រចាំខែដើម្បីឲ្យអ្នកទាំងអស់គ្នាមានវិន័យក៏ដូចជាទម្លាប់ក្នុងការចាយលុយឲ្យមានប្រសិទ្ធភាព។ កាលណាអ្នកមានវិន័យក្នុងការចាយលុយមានន័យថាអ្នកអាចគ្រប់គ្រងលុយបានល្អ ហើយធ្វើឲ្យអ្នកអាចសល់លុយដើម្បីបំពេញតម្រូវការនៃគោលដៅហិរញ្ញវត្ថុធំៗក្នុងជីវិត ដូចជាទុនសម្រាប់រកស៊ីនិងវិនិយគ ឬវិនិយោគទិញផ្ទះជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia