សេដ្ឋីនិពន្ធ Brian Tracy ប្រាប់ជំហានធំៗ៥ ដើម្បីក្លាយជាអ្នកជំនាញ លើការងារដែលអ្នកកំពុងធ្វើ
Kan DaraAPRIL 17 2023925 views

មានមនុស្សជាច្រើនមានគំនិតចង់ក្លាយជាអ្នកជំនាញនៅក្នុងអាជីពការងារដែលពួកគេកំពុងធ្វើជារៀងរាល់ថ្ងៃ ជាពិសេសអ្នកដែលកំពុងធ្វើការឱ្យគេតែម្តង។ យ៉ាងណាមិញសេដ្ឋីនិពន្ធផ្នែកអភិវឌ្ឍន៍ខ្លួនដ៏ល្បីឈ្មោះបំផុតទូទាំងសកលលោក ប្រាប់នូវជំហានធំៗ៥ ដើម្បីក្លាយខ្លួនជាអ្នកជំនាញ​នៅក្នុងការងារណាមួយដែលអ្នកកំពុងធ្វើ។

. ស្វែងរកអ្វីដែលពិសេសជាងគេក្នុងខ្លួនអ្នក

ទេពកោសល្យដែលពិសេសជាងគេក្នុងខ្លួនអ្នក ត្រូវស្វែងរកវាឱ្យឃើញថាតើអ្នកពូកែទៅលើអ្វី ពេញចិត្តការងារមួយណាដែលធ្វើហើយរីករាយបំផុត ស្វែងរកចំណុចខ្លាំងជាងគេរបស់ខ្លួនឯង បន្ទាប់មករៀនសូត្របន្ថែមពីវា​ ដុសខាត់ចំណុចខ្លាំង១នោះឱ្យលេចធ្លោនិងទុកជាចំណុចពិសេសរបស់អ្នក។

អាចដុសខាត់ចំណុចពិសេសឱ្យក្លាយជាជំនាញបានគឺតាមរយៈការរៀនអំពីបទពិសោធន៍របស់អ្នកដទៃនិង រៀមច្បងដែលជាអ្នកជំនាញក្នុងវិស័យដែលអ្នកកំពុងធ្វើនោះ បូករួមនិងបទពិសោធន៍ក្នុងការអនុវត្តខ្លួនឯងផ្ទាល់។ ដោយយោងតាមការសិក្សាស្រាវជ្រាវការអនុត្តន៍ការងារដែលផ្អែកទៅលើបទពិសោធន៍ខ្លួនឯងផ្ទាល់នេះ មានអត្រាជោគជ័យក្នុងជីវិតរហូតដល់ទៅ ៧៥% ឯណោះ។

. ការរៀនសូត្រឥតដែនកំណត់

សេដ្ខីវ័យ៧៩ឆ្នាំរូបនេះបានលើកឡើងថា “អ្នកជំនាញមិនដែលឈប់រៀន អ្នកជំនាញមិនដែលឈប់អភិវឌ្ឍន៍ខ្លួននោះទេ ជាពិសេសរៀនឱ្យចំគោលដៅដែលគេកំពុងធ្វើ”។

ការរៀនសូត្រឥតមានព្រំដែនគឺជាជំហានធំបំផុតក្នុងការអភិវឌ្ឍន៍ខ្លួនក្នុងជីវិតរបស់មនុស្ស។ សិ្ថតិមួយបានបង្ហាញថាការអានមានចំនួន១០% ការស្តាប់មានចំនួន២០% និងការធ្វើការងារជាក្រុមមានចំនួន៥០% ដែលនាំឱ្យ មនុស្សមានការអភិវឌ្ឍន៍ខ្លួនរៀនសូត្រ ឥតឈប់ឈររហូតអាចក្លាយជាអ្នកជំនាញលើការងារដែលពួកគាត់កំពុងធ្វើបាន។

. បង្រៀនទៅកាន់អ្នកដទៃជានិច្ច

តាមការសិក្សាមួយបានឱ្យដឹងថាការចែករំលែកនិងបង្រៀននូវអ្វីដែលខ្លួនចេះទៅកាន់អ្នកដទៃគឺមានអត្រាបង្វឹកខ្លួនឯងឱ្យក្លាយទៅជាអ្នកជំនាញខ្ពស់បំផុតរហូតដល់៩០%។  លោក Brian បាននិយាយថាអ្វីដែលអ្នកចេះហើយអ្នកកាន់តែបង្រៀនទៅកាន់អ្នកដទៃនោះ ធ្វើឱ្យអ្នកកាន់តែពូកែនិងកាន់តែមានតម្លៃបំផុត ជាពិសេសអ្នកនឹងក្លាយទៅជាមនុស្សដែលគួរឱ្យទុកចិត្តម្នាក់ក្នុងក្រសែភ្នែកអ្នកដទៃទៀតផង។

. ធ្វើសកម្មភាពដែលបញ្ជាក់យ៉ាងច្បាស់ថាអ្នកអាចជាអ្នកដឹកនាំ

សកម្មភាពនិងការនិយាយស្តីរបស់អ្នកអាចបញ្ជាក់យ៉ាងច្បាស់ថាអ្នកជាមនុស្សបែបណា ដើម្បីកា្លយជាអ្នកជំនាញម្នាក់ក្នុងអាជីពណាមួយ ការដឹកនាំខ្លួនឯងនិងអ្នកដទៃគឺសំខាន់។

ត្រង់ចំណុចនេះលោក Brian បានណែនាំថាវាកើតចេញពីអំពីសកម្មភាពនិងរបៀបរៀបចំពាក្យសម្តីដែលអ្នកនិយាយ ទៅកាន់មិត្តរួមអាជីព និងមនុស្សជុំវិញខ្លួន។

. បង្កើតមាតិកានៅក្នុងជំនាញដែលអ្នកកំពុងធ្វើ

ការបង្កើតមាតិកាគឺជាផ្លូវវិវត្តន៍ខ្លួនដើម្បីកា្លយជាអ្នកជំនាញ ព្រោះវាបានឱ្យអ្នកបង្កើតផ្ទាល់ស្រាវជ្រាវគំនិតថ្មីៗរៀនសូត្រដោយខ្លួនឯង ហើយយកគំនិតនោះទៅចែករំលែកដល់អ្នកមើល។ តាមការសិក្សាស្រាវជ្រាវការធ្វើបែបនេះអាចឱ្យអ្នកអភិវឌ្ឍន៍ខ្លួនទៅជាអ្នកជាជំនាញរហូតដល់ទៅ៣០%។

ក្នុងនោះលោក Brian បានណែនាំប្រភេទមាតិកាធំៗដូចជាការផលិតវីដេអូ ការសរសេរអត្ថបទ បង្កើតសៀវភៅ និងវីដេអូអប់រំគំនិតដែលទាក់ទងនឹងវិស័យអ្នកកំពុងធ្វើផ្ទាល់ ព្រោះវាអាចអភិវឌ្ឍន៍សមត្ថភាពអ្នកឱ្យក្លាយជាអ្នកជំនាញហើយអាចរកចំណូលបានថែមទៀត។

គួរជម្រាបថាលោក Brian Tracy គឺជាវាគ្មិនសាធារណៈលើកទឹកចិត្តជនជាតិកាណាដា-អាមេរិក ផ្នែកអភិវឌ្ឍន៍ខ្លួនឯងនិង គំនិតលក់នៅជុំវិញពិភពលោក។ បច្ចុប្បន្នគាត់គឺជាសេដ្ឋីអ្នកនិពន្ធ និងបានសរសេរសៀវភៅជាង ៨០ក្បាលដែលត្រូវបានបកប្រែរាប់សិបភាសា និងត្រូវបានគេទទួលស្គាល់ជាហូរហែថា បានផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សជាច្រើន ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia