ជប៉ុនគឺជាជាតិមួយពូកែខាងចាត់ចែងលុយកាក់ដែលជាហេតុធ្វើឲ្យជាតិសាសន៍មួយនេះមិនងាយជួបបញ្ហាលុយកាក់ហើយជនជាតិជប៉ុនភាគច្រើនសុទ្ធតែជាអ្នកមានជីវភាពធូរធារ។ ក្បួនចាត់ចែងលុយដ៏ពេញនិយមមួយដែលធ្វើឲ្យជនជាតិនេះអាចគ្រប់គ្រងលុយបានល្អគឺក្បួនKabeibo ដែលជាក្បួនចាត់ចែងលុយជប៉ុនតាំងពីបុរាណហើយជនជាតិជប៉ុននៅតែប្រើមកទាល់បច្ចុប្បន្ននេះ។
ខាងក្រោមនេះគឺជាក្បួនចាត់ចែងលុយKabeibo របស់ជនជាតិជប៉ុនដោយបែងចែកកញ្ចប់លុយជា៤កញ្ចប់ដែលអ្នកគួរអនុវត្តន៍តាមបើចង់ដោះស្រាយបញ្ហាលុយកាក់។
១. តម្រូវការចាំបាច់៖ តម្រូវការចាំបាច់គឺជាកញ្ចប់ចំណាយដែលត្រូវចំណាយច្រើនជាងគេក្នុងការរស់នៅ។ ដូច្នេះបើចង់គ្រប់គ្រងលុយបានល្អអ្នកត្រូវដឹងច្បាស់ថាតើតម្រូវចាំបាច់របស់អ្នកប្រចាំខែមានអ្វីខ្លះហើយចំណាយប៉ុន្មាន។ តម្រូវការចាំបាច់សំដៅដល់របស់មួយចំនួនដែលចាំបាច់បំផុតក្នុងការរស់នៅពោលគឺរបស់ដែលអ្នកអត់មិនបាន ដូចជាហាអារហូបចុក ការស្នាក់នៅ និងការធ្វើដំណើរជាដើម។
អ៊ីចឹង ត្រូវធ្វើការតាមដានចំណាយប្រចាំថ្ងៃឲ្យបានច្បាស់ដើម្បីដឹងថាតម្រូវការចាំបាច់ប្រចាំខែរបស់អ្នកអស់ប៉ុន្មាន ហើយធ្វើការកំណត់ឲ្យបានច្បាស់លាស់ដើម្បីជៀសវាងចាយជ្រុលរហូតធ្វើឲ្យអ្នកជួបបញ្ហាលុយកាក់។
២. ការចង់បាន៖ ក្នុងការរស់នៅមនុស្សតែងតែចង់បាននេះចង់បាននោះ ដូច្នេះអ្នកគួរបែងចែកកញ្ចប់លុយឲ្យបានច្បាស់លាស់សម្រាប់ចំណាយលើការចង់បានរបស់អ្នក។ ការចង់បានសំដៅសល់របស់មួយចំនួនដែលអ្នកគ្រាន់តែចង់បានតែបើអត់ក៏មិនជាបញ្ហាអ្វីដែរ ដូចជាការដើរលេង ឬការញាំហារក្រៅផ្ទះជាដើម។
ជាការពិតណាស់ ពេលអ្នកខិតខំរកលុយ អ្នកគួរមានកញ្ចប់លុយសម្រាប់ចំណាយលើរបស់ដែលអ្នកចង់បាន។ យ៉ាងណាមិញការចង់បានរបស់មនុស្សគ្មានព្រំដែនទេ ដូច្នេះអ្នកគួរកំណត់ឲ្យបានច្បាស់ព្រោះបើចាយលុយលើការចង់បានច្រើនពេកនឹងធ្វើឲ្យអ្នកជួបបញ្ហាលុយកាក់មិនខាន។
៣. ចំណេះដឹងឬវប្បធម៌៖ ជនជាតិជប៉ុនតែងតែមានបញ្ចប់លុយសម្រាប់ចំណាយលើចំណេះដឹងដើម្បីអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែប្រសើរឡើង ជាពិសេសមានកញ្ចប់លុយសម្រាប់ចំណាយលើការទិញសៀវភៅអាន។ មួយវិញទៀតជនជាតិជប៉ុនក៏មានកញ្ចប់លុយសម្រាប់វប្បធម៌ដូចជាទស្សនាសារមន្ទីរជាដើមនិងកន្លែងវប្បធម៌នានា។
៤. លុយបម្រុងពេលមានអាសន្ន៖ ជនជាតិជប៉ុនមានកញ្ចប់លុយបម្រុងទុកសម្រាប់ការពារពេលមានអាសន្នជានិច្ចដូចជាក្នុងករណីត្រូវទៅពេទ្យ បាត់បង់ការងារឬបញ្ហាផ្សេងៗទៀតដែលមិនអាចដឹងមុនគឺជនជាតិជប៉ុនតែងតែមានលុយបម្រុងទុកជានិច្ចដែលជាតិហេតុធ្វើឲ្យពួកគាត់មិនជួបបញ្ហាលុយកាក់ក្នុងការរស់នៅ។
សរុបមកកញ្ចប់លុយទាំងនៃក្បួនគ្រប់គ្រងលុយKabeibo របស់ជនជាតិជប៉ុនគឺក្បួនចាត់ចែងលុយកាក់មួយដែលជជនជាតិនេះតែងតែអនុវត្តក្នុងការរស់នៅហេតុនេះយើងទើបជប៉ុនជាប់ជាជនជាតិដែលពូកែខាងចាត់ចែងលុយកាក់៕