ក្រុមហ៊ុន Honda Motor Co.,Ltd ត្រូវបានបង្កើតឡើងដោយលោក Honda Sōichirō ក្នុងឆ្នាំ១៩៤៨ លើទឹកដីប្រទេសជប៉ុន។ គិតមកទល់បច្ចុប្បន្នយីហោមួយនេះមានអាយុកាលជិត ១០០ឆ្នាំមកហើយ និងទទួលបានការគាំទ្រជាខ្លាំងនៅបណ្តាប្រទេសជាច្រើនលើសកលលោក ក្នុងនោះរួមទាំងកម្ពុជាយើងផងដែរ។ ចុះតើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រុមហ៊ុនដ៏លេចធ្លោរនេះអាចឈរជើងបានរាប់សិបឆ្នាំ និងនៅតែអាចរក្សាកេរ្តិ៍ឈ្មោះក្រអូបសុះសាយល្បីល្បាញស្ទើរគ្រប់តំបន់?
ខាងក្រោមនេះគឺជាក្បួនសម្ងាត់ធំៗ៥ ដែលក្រុមហ៊ុន Honda Motor Co.,Ltd ធ្វើព្យុះធ្វើភ្លៀងក្រឡុកទីផ្សារ រហូតក្លាយជាយីហោកំពូលឈរជើងតកូនតចៅបីជំនាន់៖
១/.សាមញ្ញតែសកល៖ ក្បួនរកស៊ីរបស់ជប៉ុនមួយនេះគឺសាមញ្ញតែសកល មិនផ្តោតលើតម្រូវចិត្តមនុស្សមួយផែនដីនេះទេ តែតម្រូវចិត្តមនុស្សក្នុងតំបន់ណាមួយគឺគ្រប់គ្រាន់ហើយ (Not Globalize but Localize)។ យុទ្ធសាស្រ្តរកស៊ីមួយនេះបានធ្វើឱ្យ Soichiro Honda ចាប់យកទីផ្សារបានត្រឹមត្រូវបំផុតនៅក្នុងការរកស៊ី តួរយ៉ាងដូចជាក្នុងប្រទេសអាស៊ី ប្រទេសណាក៏មានយីហោហុងដាដែរ តែផលិតផលមិនដូចគ្នាទេ។
២/. ចាប់យកតែមួយយកអោយច្បាស់៖ លោក Soichiro Honda កាលពីលោកនៅជាមេធំនៃក្រុមហ៊ុនមួយនេះ លោកជាអ្នកបច្ចេកទេសម៉ាស៊ីនក្រឡឹង ហើយក្រោយមកលោកចាប់ផ្តើមផលិតម៉ាស៊ីនដោយខ្លួនឯង ដែលកាលនោះ TOYOTA ក៏ជាម៉ូយរបស់ Soichiro Honda ដែរ។ ក្បួនរកស៊ីរបស់ជប៉ុនគឺ ចាប់យកតែមួយ ហើយចាប់ឱ្យច្បាស់ ដូចជា Soichiro Honda ការកស៊ីរបស់លោកតាំងតែពីកំណើតនៃមុខជំនួញលោកផ្តោតតែលើរឿងមួយគត់គឺ ផលិតយានយន្ត។
៣/. រស់នៅស្អាតផលិតផលស្អាត៖ ជនជាតិជប៉ុនមានគំនិតរកស៊ីមួយគឺ រស់នៅស្អាតផលិតផលស្អាត ហើយ Soichiro Honda បានយកគំនិតនេះយកមកបញ្ចូលក្នុងផលិតផលរបស់ខ្លួន។ ក្នុងការរកស៊ីរបស់ Soichiro Honda ផ្តោតសំខាន់ទៅលើភាពស្រស់ស្អាតមិនថា រថយន្តឬម៉ូតូឡើយ រហូតដល់ក្រុមហ៊ុនមួយនេះទទួលបានពានរង្វាន់ផលិតផលស្អាតលើលោកថែមទៀតផង។
៤/. រកអ្វីដែលប្លែក៖ មនុស្សទូទៅប្រហែលជាទទួលស្គាល់ថា ជប៉ុនជាប្រទេសពូកែរកនឹករឿងឡប់ៗជាងគេ តែក្បួនមួយនេះបានធ្វើឱ្យជប៉ុនក្លាយជាប្រទេស ដែលមានគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងការរកស៊ី។ គំនិតថ្មីៗរបស់ Soichiro Honda បានធ្វើឱ្យផលិតផលរបស់គាត់ ពោលពេញទៅដោយគំនិតច្នៃប្រឌិត និងសោភ័ណភាពខ្ពស់បំផុត។ Soichiro Honda បានប្រើគោលការណ៍មួយទៀតគឺ ប្លែកបែបទំនើប ប្លែកមានប្រយោជន៍ និងប្លែកមានអារម្មណ៍។
៥/. ភាពបត់បែនជាដង្ហើមរស់៖ នៅក្នុងក្បួនរកស៊ីរបស់ជប៉ុន គេរកស៊ីតាមក្បួននិនចា លឿន ច្បាស់ រហ័ស និងបត់បែន។ Soichiro Honda ប្រើក្បួននិនចានៅក្នុងការរកស៊ី គាត់ពូកែបត់បែនណាស់ បត់មួយជំហានៗ គឺច្បាស់តែម្តង។ ចេញរកស៊ីដំបូងពីការផលិតម៉ូទ័រ ក្រោយមកក៏ផលិតម៉ូតូ និងក្រោយមកទៀតក៏មានរថយន្តប្រើប្រេង ប្រើសាំង និងហ្គាស រហូតមកដល់សតវត្សទី ២១ នេះក៏មានរថយន្តអគ្គិសនី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366